FIFA ជ្រើស​យក​កម្ពុជា​ ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន ដោយសារ​មូលហេតុ ២

  • 2018-02-08 13:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន នៅ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី៨ និង៩ ខែកុម្ភៈ ដោយ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​លោក Gianni Infantino ប្រធាន FIFA រួម​ទាំង​មន្រ្ដី​ជាន់​ខ្ពស់​ជាច្រើន​រូប​របស់ FIFA និង​ប្រធាន​សហព័ន្ធ​បាល់ទាត់​នៃ​បណ្ដា​ប្រទេស​ជាង ២០ផ្សេងទៀត។

លោក Gianni Infantino ប្រធាន FIFA ក្នុង​កិច្ច​ប្រជុំ​នៅ​កម្ពុជា ថ្ងៃនេះ
**តើ​ហេតុអ្វី FIFA ជ្រើស​យក​កម្ពុជា ជា​ម្ចាស់ផ្ទះ​នៃកិច្ច​ប្រជុំ​ដ៏​ធំនេះ?**

លោក​ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ នៅ​ក្រោយ​កិច្ច​ប្រជុំ​ក្នុង​ថ្ងៃ​ដំបូង នា​ថ្ងៃ​ទី៨ ខែកុម្ភៈ​នេះថា មាន​មូលហេតុ២ ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក មក​ប្រជុំ​នៅ​កម្ពុជា គឺ​ដោយសារ​កម្ពុជា ជាប្រទេស​មាន​សុខ​សុវត្ថិភាព និង​ដោយសារ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) មាន​ទំនាក់​ទំនង​ល្អ​ជាមួយ FIFA។

លោក ខៀវ សាម៉េត បញ្ជាក់ថា មាន​ប្រទេស​ច្រើន​ណាស់ ដែល​ចង់​ធ្វើ​ជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​នេះ ព្រោះ​ជា​កិត្តិយស​ដ៏​ធំ​របស់​ប្រទេស​នីមួយៗ។ លោកថា កម្ពុជា ជា​ប្រទេស​ទី២ នៅ​អាស៊ាន បន្ទាប់​ពី​សិង្ហបុរី ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​ដូចគ្នា​នេះ កាលពីឆ្នាំ២០១៦។

លោក ខៀវ សាម៉េត អនុ​ប្រធាន FFC ក្នុង​កិច្ច​ប្រជុំ​ថ្ងៃនេះ

តើ​កិច្ច​ប្រជុំ​នេះ ផ្ដោត​ទៅ​លើ​បញ្ហា​អ្វី?

លោក ខៀវ សាម៉េត បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា កិច្ច​ប្រជុំ​របស់ FIFA នេះ គឺ​ផ្ដោត​ជា​ចម្បង​លើ​ការ​អភិវឌ្ឍ​បាល់ទាត់។ លោកការ​អភិវឌ្ឍ​បាល់ទាត់ គឺ​ជា​អ្វី​ដែល​កម្ពុជាត្រូវការ ដោយ FFC បាន​បង្កើត​សាលា​បាល់ទាត់​បានទូទាំង ២៥ ខេត្ត​-រាជធានី​ទូទាំង​ប្រទេស ដែល​ប្រភព​ចំណូល​ដ៏​ធំ​ គឺ​បានមក​ពី FIFA។

តើ​កម្ពុជា​ទទួល​បានអ្វី​ខ្លះ​ពី​កិច្ច​ប្រជុំ​នេះ?

លោក​អនុ​ប្រធាន​កីឡា​បាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​កិច្ច​ប្រជុំ​នេះ គឺ​ទី១ កម្ពុជា ទទួល​បាន​កិត្តិយស​ ដែល​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ដ៏​ធំ​បែបនេះ ទី២ គឺ FFC អាច​បង្កើត​ទំនាក់ទំនង​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេស​ជាច្រើន​ទៀត​ ដែល​មិន​ធ្លាប់​ទាក់ទង​គ្នា​ពី​មុន​មក ដូច​ជា​ប្រទេស​នៅ​អាហ្រ្វិក និង​ប្រទេស​នៅ​ឆ្ងាយៗ​ជាច្រើនទៀត។ ផល​ប្រយោជន៍​ធំ​មួយទៀត គឺ FFC អាច​លើក​យក​បញ្ហា​ដែល​ជួប​ប្រទះ​កន្លងមក យក​មកដោះស្រាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ ដែល​បន្ត​នា​ថ្ងៃ​ទី៩ ខែកុម្ភៈ​ស្អែកនេះ។

ព័ត៌មាន​ផ្សេងទៀត​ទាក់ទង​នឹង​កិច្ច​ប្រជុំ​នេះ ខ្លីៗ នឹងផ្សាយ​ជូន​ជា​បន្តបន្ទាប់!

រាយការណ៍​ដោយ៖ លន ហ្សាឌីណា

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;