ជិត២ទសវត្សរ៍ក្រោយការបង្កើត ព្រឹទ្ធសភាមានដំណើរវិវឌ្ឍអ្វីខ្លះ?
- 2018-02-10 06:57:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិត២ទសវត្សរ៍ក្រោយការបង្កើត ព្រឹទ្ធសភាមានដំណើរវិវឌ្ឍអ្វីខ្លះ?
ចន្លោះមិនឃើញ
តាម គ.ជ.ប បានឲ្យដឹងថា ព្រឹទ្ធសភា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ក្រោយពីមានវិបត្តិនយោបាយ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨។ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានជួបប្រជុំគ្នា កាលពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នៅប្រាសាទខេមរិន្ទ្រ ក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ស្ថាប័នព្រឹទ្ធសភា ត្រូវបានបង្កើតឲ្យមានឡើងវិញ ដោយត្រូវធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។ វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានរដ្ឋសភា អនុម័ត នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ១៩៩៩។
ព្រឹទ្ធសភា និតិកាលទី១ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ដែលមានអាណត្តិ ៥ឆ្នាំ និងត្រូវបានបន្តអាណត្តិរបស់ខ្លួន ១ឆ្នាំទៀត គឺនៅឆ្នាំ២០០៥ ដោយសារតែនៅពេលនោះ រដ្ឋសភា កំពុងជាប់រវល់រៀបចំច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ព្រឹទ្ធសភា នីតិកាលទី១ មានសមាជិក ៦១ រូប ដោយកើតចេញពីការចាត់តាំង និងជ្រើសតាំង ក្នុងនោះ៖ ព្រះមហាក្សត្រ ចាត់តាំងសមាជិកព្រឹទ្ធសភា ចំនួន ២ រូប គណបក្សប្រជាជនកម្ពុជា ជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន ៣១ រូប គណបក្សហ៊្វុនស៊ិនប៉ិច ជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន ២១ រូប និងគណបក្សសមរង្ស៊ី ជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន ៧ រូប។
ព្រឹទ្ធសភា នីតិកាលទី២ និងនីតិកាលទី៣ សមាជិកកើតឡើងតាមរយៈការបោះឆ្នោតអសកល និងមានអាណត្តិ ៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មី ចូលកាន់តំណែង អនុលោមតាមមាត្រា ១០២ ថ្មី នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។ សមាជិកព្រឹទ្ធសភា នីតិកាលទី២ និងនីតិកាលទី៣ មានសមាជិកចំនួន ៦១ រូប ដូចគ្នា ក្នុងនោះ មានសមាជិក ចំនួន ៥៧ រូប ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល និងសមាជិក ៤រូបទៀត គឺ២រូប ចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប យោងតាមមាត្រា ១០០ថ្មី នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី២ បានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៦។ សមាជិកដែលកើតចេញពីការបោះឆ្នោតអសកល រួមមាន៖ គណបក្សប្រជាជនកម្ពុជា មានសមាជិក ៤៥ រូប គណបក្សហ៊្វុនស៊ិនប៉ិច មានសមាជិក ១០រូប និងគណបក្សសមរង្ស៊ី មានសមាជិក ២ រូប។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ បានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០១២។ សមាជិក ដែលកើតចេញពីការបោះឆ្នោតអសកល រួមមាន៖ គណបក្សប្រជាជនកម្ពុជា មានសមាជិក ៤៦ រូប និងគណបក្សសមរង្ស៊ី មានសមាជិក ១១ រូប។
ជាមួយគ្នានោះ គ.ជ.ប ក៏បានប្រកាសថា ព្រឹទ្ធសភា នីតិកាលទី៤ មានសមាជិកចំនួន ៦២ រូប ដែលចំនួននេះ ស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា នីតិកាលទី៦ ដែលមានសមាជិកចំនួន ១២៥ រូប។ សមាជិក ២ រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ សមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
គ.ជ.ប បានប្រកាសថា អាសនៈនៅក្នុងព្រឹទ្ធសភា ដែលត្រូវបោះឆ្នោតជ្រើសតាំង ត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖
ភូមិភាគទី១ រាជធានីភ្នំពេញ មាន ៦អាសនៈ
ភូមិភាគទី២ មានខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨អាសនៈ
ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥ អាសនៈ
ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ
ភូមិភាគទី៥ ខេត្តតាកែវ កំពត និងខេត្តកែប មាន ៧ អាសនៈ
ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ អាសនៈ
ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ មាន ៩ អាសនៈ
និងភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មាន ៦អាសនៈ។
គ.ជ.ប បានរំឭកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន ៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច៕