អ្នកតាចិន ចាប់ផ្ដើមប្រមូលផ្ដុំ អង្រួនភ្នំពេញព្រឹកនេះ
- 2018-03-02 03:50:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកតាចិន ចាប់ផ្ដើមប្រមូលផ្ដុំ អង្រួនភ្នំពេញព្រឹកនេះ
ចន្លោះមិនឃើញ
បុណ្យហែអ្នកតាចិន ដែលជាប្រពៃណីបងប្អូនខ្មែរសែស្រឡាយចិន ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមហើយនៅព្រឹកថ្ងៃសុក្រនេះ។ ក្បូនរថយន្ត រ៉ឺម៉ក ដឹកក្រុមអ្នកចូលរូបអ្នកតាដ៏វែងអន្លាយ បានអង្អួតខ្លួនឡើង តាមដងផ្លូវសំខាន់ៗមួយចំនួន ទាក់ទាញប្រជាជនទូទៅ។
លោក គា ឆែ សមាជិកនៃគណកម្មការរៀបចំពិធីហែរអ្នកតាចិន ប្រចាំតំបន់ច្បារអំពៅ ដែលជាតំបន់ដ៏ធំលេចធ្លោក្នុងចំណោមតំបន់ ៣ក្នុងរាជធានីភ្នំពេញ ដែលប្រារព្ធពិធីនេះ បានប្រាប់ឲ្យដឹងថា ពិធីហែអ្នកតា ជាទំនៀមទម្លាប់ប្រចាំឆ្នាំរបស់បងប្អូនសែស្រឡាយចិន។ ពិធីនេះកំណត់ធ្វើឡើងក្រោយចូលឆ្នាំចិនកន្លះខែ។ លោកថា ពិធីហែអ្នកតាប្រារព្ធឡើង ៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃ១រោជខែផល្គុន។
លោក គា ឆែ បន្ថែមថា ពិធីហែអ្នកតានៅភ្នំពេញ កំណត់ធ្វើនៅ តំបន់ ៣សំខាន់ៗ។ ថ្ងៃដំបូងនៅថ្ងៃសុក្រនេះ ជាការដង្ហែអ្នកតារបស់សហគមន៍អូរឫស្សី។ នៅថ្ងៃទី២ជាក្បួនអ្នកតាច្បារអំពៅ ចំណែកការដង្ហែរអ្នកតានៅតំបន់ចាក់អង្រែ នឹងចាប់ធ្វើឡើងនៅថ្ងៃចុងក្រោយគេ។ លោកថានៅថ្ងៃចុងក្រោយ នៃពិធីហែអ្នកតា ក៏នឹងមានការជួបជុំគ្នារវាងក្បួនអ្នកតាទាំងមូល ក្នុងរាជធានីភ្នំពេញ រួមនឹងក្រុងតាខ្មៅផងដែរ ដែលនឹងធ្វើឲ្យក្បួននេះអធិកអធមខ្លាំង នៅចាក់អង្រែ។
បន្ថែមលើនេះ លោកថានៅថ្ងៃចុងក្រោយនោះ ក៏នឹងមានពិធីចូលរូបអ្នកតាផ្សេងៗ ដើម្បីបង្ហាញនូវអំណាចរឹទ្ធានុភាព។ លោកថា ការសម្ដែងរបស់ក្រុមអ្នកតាខ្លះ ក៏មានភាពព្រឺព្រួច ដូចជាការខាំភ្លើង ការយកវត្ថុស្រួច ឬកាំបិត ចាក់សាច់ ចាក់មាត់ ហូរឈាមស្រោចស្រាល ជាដើម៕