សម្តេច ហ៊ុន សែន ស្នើឲ្យ​អាស៊ាន និង​អូស្ត្រាលី ពិចារណា​កំណត់​ទិសដៅ​អនាគត ៤​ចំណុច

  • 2018-03-18 06:58:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំ​កំពូល​ពេញអង្គ​អាស៊ាន-អូស្ត្រាលី នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ស៊ីដនី ប្រទេសអូស្ត្រាលី សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ដោយ​ស្នើ​ឲ្យ​អាស៊ាន និង​អូស្ត្រាលី គួរ​ពិចារណា​កំណត់​ទិសដៅ​អនាគត​ចំនួន ៤​ចំណុច។

ទី១. សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព គឺ​ជា​ចំណុច​ស្នូល​សម្រាប់​ទំនាក់​ទំនង​អាស៊ាន-អូស្រ្តាលី ព្រោះនេះ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​រីកចម្រើន និង​វិបុលភាព នៅក្នុង​តំបន់​ទាំងមូល។

ទី២. ត្រូវ​ជំរុញ​ថែម​ទៀត នូវ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ។ អូស្ដ្រាលី បាន​ដាក់ទុន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ អស់​ពេល​ច្រើន​ទស្សវត្សរ៍​មកហើយ តាម​រយៈ​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ឲ្យ​ធ្វើការ​សិក្សា និង​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ នៅ​អូស្ដ្រាលី និង​ដាក់​ចេញ​នូវ​ផែនការ​កូឡុំបូ​ថ្មី​របស់​អូស្ដ្រាលី។ ជា​លទ្ធផល មាន​បញ្ញវន្ដ​ជាច្រើន ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​អូស្ដ្រាលី ហើយ​កំពុងតែ​ចូលរួម​ចំណែក​យ៉ាង​សកម្ម នៅក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​រៀងៗខ្លួន ទាំង​ក្នុង​ផ្នែក​រដ្ឋ និង​ឯកជន។ កម្ពុជា​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ស្វាគមន៍ ចំពោះ​ការ​ពង្រឹង​នូវ​ផែនការ​កូឡុំបូ​ថ្មី​របស់​អូស្ដ្រាលី​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​ជំរុញ​ការ​តភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ឲ្យ​កាន់តែ​ប្រសើរ ដោយ​គាំទ្រ​ដល់​សិស្ស-និស្សិត​អូស្ដ្រាលី ទៅ​សិក្សា និង​អនុវត្ត​ការងារ នៅក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន។

ទី៣. នៅក្នុង​ការ​ប្រជុំ​ថ្នាក់​ដឹកនាំ​នៃ​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​នៃ​តំបន់ (RCEP) នៅ​ទីក្រុង​ម៉ានីល​កន្លងទៅ ថ្នាក់​ដឹកនាំ​ទាំងអស់​បាន​ប្ដេជ្ញា​ចិត្ត​បញ្ចប់​ការ​ចរចា RCEP នៅឆ្នាំ​២០១៨​នេះ។ កម្ពុជា​សូម​ស្នើឲ្យ​អាស៊ាន-អូស្ដ្រាលី និង​ប្រទេស​ដៃគូ​ដទៃ​ទៀត បញ្ចប់​ការ​ចរចា RCEP ទៅតាម​ពេលវេលា​ដែល​បាន​កំណត់។

ទី៤. កម្ពុជា​សូម​លើក​ទឹក​ចិត្ត​អូស្ដ្រាលី ឲ្យ​បន្ដ​គាំទ្រ​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​តំបន់ ជាពិសេស​តាម​រយៈ​យន្ដការ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា ដើម្បី​ឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ទៅនឹង​បញ្ហា​ប្រឈម​សន្ដិសុខ​មិន​ប្រពៃណី​នានា ដូចជា បញ្ហា​ភេរវកម្ម គ្រោះ​មហន្ដរាយ​ធម្មជាតិ ការ​ប្រែ​ប្រួល​អាកាសធាតុ អន្ដោ​ប្រវេសន៍​អន្ដរជាតិ និង​ជំងឺ​រាតត្បាត​ជាដើម ដើម្បី​ធានា​នូវ​សុខ​ដុម​រមនា ជូន​ប្រជាជន​ក្នុង​តំបន់​អាស៊ី​បូព៌ា។

សម្តេច​នាយករដ្ឋ​មន្ត្រី បាន​ថ្លែង​​បន្ត​ថា ក្នុង​អាស៊ាន និង​កម្ពុជា សហគ្រាស​ធុន​តូច និង​មធ្យម រួមទាំង​សហគ្រាស​មីក្រូ​ផង គឺជា​មូលដ្ឋាន​ដ៏​សំខាន់ នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកស្ទួយ​កំណើន​នៃ​បណ្ដា​ប្រទេស​សមាជិក ដែល​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​យ៉ាង​ច្រើន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;