"គាន់​ដូ​មាស​ស្នេហ៍" របស់​លោក ស៊ីន ស៊ី​សាមុត ចាប់​កំណើត​នៅ​ប្រទេស​អ៊ីតាលី កាល​ពី​ជាង​​៥០​ឆ្នាំ​មុន

  • 2018-03-30 01:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"គាន់ដូ" ឬ “Quando” មានន័យ​ជា​ភាសា​ខ្មែរ​ថា "ពេល​ណា" ។

Quando, Quando, Quando គឺជា​បទ​ចម្រៀង​ដ៏​ពេញនិយម​របស់​អ៊ីតាលី ដែល​ចេញ​លក់​នៅ​ឆ្នាំ ១៩៦២ ។ ​បទ​នេះ​ត្រូវ​បាន​ប្រគំ​ឡើងជា​ចង្វាក់​បូ​ហ្សា​ណូ​វ៉ា (Bossa nova) ។ វា​ជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​របស់​កវី​អ៊ីតាលី​ឈ្មោះ​ អាល់​ប៊ើ​តូ ថិ​ស្តា (Alberto Testa) និង និពន្ធ​បទ​ភ្លេង ព្រម​ទាំង​ច្រៀង ដោយ​អ្នក​ចម្រៀង​ឈ្មោះ តូ​នី រ៉េ​នី​ស (Tony Renis)។

នៅ​ឆ្នាំ ១៩៦២ ដដែល ​កវី​អាម៉េរិក័ង​ឈ្មោះ អ៊ើ​វីន ដ្រេ​ក ( Ervin Drake)បាន​និពន្ធ​ទំនុក​ជា​ភាសា​អង់​គ្លេស​និង​ច្រៀង​ដោយ​អ្នក​ចម្រៀង​អាម៉េរិក័ង​ឈ្មោះ ភែ​ត ប៊ូ​ន (Pat Boone)។ ជា​បន្តបន្ទាប់ បទ​ចម្រៀង Quando, Quando, Quando ត្រូវ​បាន​អ្នក ចម្រៀង​ជាច្រើន​នាក់​យកទៅ​ច្រៀង​ជា​ភាសាជាតិ​របស់ខ្លួន។ ក្នុងចំណោម​អ្នក​ដែល​ច្រៀង​បទ​នេះ​ជា​ភាសា​អង់គ្លេស អ្នក​ចម្រៀង​ប៉ប់ ឈ្មោះ អ៊ីង​ហ្គឹ​ល​ប៊ើ​ត ហាំ​ផឹ​ឌី​ង ( Engelbert Humperdinck) ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ជាង​គេ​។ 

ទាំង​បទ​ចម្រៀង​ជា​ភាសា​អ៊ីតាលី និង បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស សុទ្ធតែ​បាន​ច្រៀង រៀបរាប់​អំពី អារម្មណ៍​របស់​បុរស​ម្នាក់ ដែល​បាន​ឃ្លាត​ចាក​ពី​នារី​ជាទី​ស្រឡាញ់​របស់ខ្លួន។ បុរស​នោះ រង់ចាំ​ពេលវេលា​ណាមួយ​ដែល​នារី​ជាទី​ស្រឡាញ់​ត្រឡប់​មករក​ខ្លួន​វិញ ដើម្បី​ផ្តើម​ស្នេហ៍​ជាថ្មី។  

នៅ​កម្ពុជា​ឯណេះ​វិញ នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៦០ ផលិតកម្ម​ខេមរា​ថាស បាន​ចេញ​លក់​បទ​ចម្រៀង​ស្រដៀងគ្នានេះ​ជា​ភាសា​ខ្មែរ ដោយ​ដាក់​ចំណង​ជើង​ថា "គាន់​ដូ​មាសស្នេហ៍" ។ បទ​នេះ​ច្រៀង​ដោយ​លោក ស៊ីន ស៊ី​សាមុត។ 

ផ្ទុយ​ពីបទ​ចម្រៀង​ជា​ភាសា​អ៊ីតាលី និង អង់គ្លេស បទ​ចម្រៀង "គាន់​ដូ​មាសស្នេហ៍​" បាន​ច្រៀង​រៀបរាប់ អំពី​សម្រស់​នារី​ម្នាក់​ដែល​ស្រស់ ស្អាត​គ្មាន​គូ​ផ្ទឹម។ សម្រស់​នេះ បាន​ទាក់ទាញ​ទឹកចិត្ត​កវី និងប្រុសៗគ្រប់​ប្រាណ​អោយ​លង់​ស្នេហ៍​នឹង​នាង​។ ប៉ុន្តែ យុវជន​យើង​បែរ​ជា​យល់​ថា នារី​នោះ​នៅ​ខ្ពស់​ហួស​ឆ្ងាយ​នឹង​ឈោង​ចាប់​ទៅវិញ។ 

ប្រជា​ប្រិយភាព​របស់​ប​ទ​ចម្រៀង Quando, Quando, Quando បាន​រសាត់​ឆ្លង​សតវត្សរ៍​អស់​រយៈ​ពេល​៥៦​ឆ្នាំ ហើយ។  បទ​ចម្រៀង​នេះ ត្រូវបាន​គេ​កែសម្រួល​និង ផលិត​ឡើងវិញ ជា​ភាសា​ប៉​ទុយ​ហ្គា​ល់ ភាសា​អាល្លឺម៉ង់ ភាសា​ប៉​តូ​រី​កូ ភាសា​អ៊ី​ស្តូ​នៀ ភាសា​វៀតណាម ជាដើម។ បទ​ចម្រៀង​ទាំង​នោះ ត្រូវ​បាន​ផលិត​ដើម្បី​ដាក់​លក់ ចាក់​ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ និង ដាក់​បញ្ចូល​ក្នុង​ខ្សែ​ភាព​យន្ត​ផង​ដែរ​៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;