ផ្លូវរត់ទាំង៨ខ្សែរបស់រថយន្តក្រុងសាធារណៈ នៅរាជធានីភ្នំពេញ គិតត្រឹមចុងខែមីនានេះ
- 2018-03-30 13:27:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវរត់ទាំង៨ខ្សែរបស់រថយន្តក្រុងសាធារណៈ នៅរាជធានីភ្នំពេញ គិតត្រឹមចុងខែមីនានេះ
ចន្លោះមិនឃើញ
គិតត្រឹមចុងខែមីនា ឆ្នាំ២០១៨នេះ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ បានរត់លើផ្លូវចំនួន ៨ខ្សែ រួមមាន៖
ខ្សែរត់ទី១-ពីគីឡូម៉ែត្រលេខ៩ ឫស្សីកែវ តាមផ្លូវជាតិលេខ៥-មហាវិថីព្រះមុនីវង្ស-ផ្លូវជាតិលេខ១ រហូតដល់ចំណតរថយន្តឧកញ៉ា ស៊ុយ សុផាន។
ខ្សែរត់ទី២-ពីផ្សារទំនើបអ៊ីអន២ នៅផ្លូវម៉ុងឫទ្ធី កាត់តាមរង្វង់មូលកាំកូស៊ីធី ឆ្ពោះទៅរង្វង់មូលស្តាតចាស់ គល់ស្ពានជ្រោយចង្វារ កាត់តាមវត្តភ្នំ មហាវិថីព្រះនរោត្តម បន្តតាមផ្លូវជាតិលេខ២ បន្តទៅដល់ទីក្រុងតាខ្មៅ ខេត្តកណ្តាល។
ខ្សែទី៣-ពីសួនច្បារឫស្សីកែវ ឃ្លាំងសាំង តាមផ្លូវជាតិលេខ៥ បន្តរង្វង់មូលស្តាតចាស់ តាមផ្លូវឆ្ពោះទៅវត្តភ្នំ កាត់តាមមហាវិថីព្រះនរោត្តម កាត់ផ្សារថ្មី តាមមហាវិថីកម្ពុជាក្រោម ដល់ស្ពានអាកាស ៧មករា (ពេទ្យលោកសង្ឃ ) បន្តតាមមហាវិថីសហព័ន្ធរុស្ស៊ី កាត់តាមរង្វង់មូលចោមចៅ បន្តតាមផ្លូវជាតិលេខ៣ រហូតដល់បុរីសន្តិភាព២។
ខ្សែទី៤-ពីសួនច្បារឫស្សីកែវ ឃ្លាំងសាំង តាមផ្លូវជាតិលេខ៥ បន្តរង្វង់មូលស្តាតចាស់ តាមផ្លូវឆ្ពោះទៅវត្តភ្នំ កាត់តាមមហាវិថីព្រះនរោត្តម កាត់ផ្សារថ្មី ទៅផ្សារអូរឫស្សី កាត់តាមស្តាតអូឡាំពិក ឆ្ពោះត្រង់ទៅកាន់ស្ពានអាកាសស្ទឹងមានជ័យ បន្តតាមផ្លូវវេងស្រេង បន្តទៅដល់រង្វង់មូលចោមចៅ បន្តតាមផ្លូវជាតិលេខ៤ រហូតដល់សាលាប៉េអឹម នៅកំបូល។
ខ្សែទី៥-ពីផ្សារទំនើបអ៊ីអន២ (កំពុងសាងសង់) នៅផ្លូវម៉ុងឫទ្ធី បន្តតាមផ្លូវបុរីកាំកូស៊ីធី ចាក់ឡើងមកសាលាតិចណូ បន្តតាមមហាវិថីម៉ៅសេទុង កាត់តាមសាលាសន្ធរម៉ុក មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ផ្សារដើមគរ ស្តុបបូកគោ បន្តទៅកាន់ស្តុបចំការមន រហូតដល់ផ្សារអ៊ីអន១ នៅតាមផ្លូវសុធារស ជាប់ស្ថានទូតរុស្ស៊ី។
ខ្សែរត់ទី៦-ពីបុរីរុងរឿង នៅជ្រោយចង្វារ តាមផ្លូវជាតិលេខ៦ ឆ្លងស្ពានជ្រោយចង្វារ កាត់តាមរង្វង់ស្តាតចាស់ បន្តដល់រង្វង់មូលកាំកូស៊ីធី តាមផ្លូវម៉ុងឫទ្ធី បន្តរហូតដល់ផ្សារ ស៊ិនជូរី ផ្លាហ្សា នៅមហាវិថីសហព័ន្ធរុស្ស៊ី ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ខ្សែរត់ទី៧-ពីវិហារចាម គីឡូម៉ែត្រលេខ៩ តាមផ្លូវជាតិលខេ៥ ឫស្សីកែវ ទៅតាមផ្លូវជាសុផារ៉ា ដល់អគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន កាត់តាមរង្វង់មូលកាំកូស៊ីធី តាមផ្លូវ៥៩៨ តាមផ្លូវត្រឡោកបែក ឆ្ពោះមកកាន់ស្ពានអាកាស ៧មករា ឬស្ពានអាកាសស្តុបពេទ្យលោកសង្ឃ មកដល់កន្លែងនេះ បែកជាពីរ គឺផ្លូវ១ ទៅតាមផ្លូវលេខ២៧១ កាត់តាមសាលាសាមគ្គី កាត់តាមស្ពានអាកាសស្ទឹងមានជ័យ បន្តទៅពេទ្យរុស្ស៊ី រហូតដល់ស្ពានអាកាសក្បាលថ្នល់ និងឈប់នៅចំណតរថយន្តក្រុងច្បារអំពៅ។ រីឯមួយខ្សែទៀត បំបែកចេញពីស្ពានអាកាសពេទ្យលោកសង្ឃ ទៅតាមផ្លូវទេពផន រហូតដល់ផ្សារដេប៉ូ បន្តត្រង់ដល់ស្តុបនាងគង្ហីង ហើយបន្តតាមផ្លូវផ្សារអូរឫស្សី បន្តទៅតាមមហាវិថីព្រះមុនីវង្ស ដល់ស្តុបពេទ្យចិន បន្តឆ្ពោះទៅកាន់វិទ្យាស្ថានជាតិអប់រំ នៅវិមានឯករាជ្យ ឆ្ពោះបន្តទៅកាន់ផ្សារទំនើបអ៊ីអន តាមផ្លូវសុធារសជាប់ស្ថានទូតរុស្ស៊ី។
ខ្សែរត់ទី៨-ចេញពីច្រកចូលខាងមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមផ្លូវជាតិលេខ៤ នៅកំបូល បន្តតាមផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ទៅចេញនៅផ្លូវជាតិលេខ៣ ម្តុំវត្តស្លែង ឡើងតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅមកកាន់រង្វង់មូលចោមចៅ តែមកដល់ច្រកចូលបុរីសន្តិភាព២ បត់ស្តាំចូលចំណតនៅបុរីសន្តិភាព២ ជិតចោមចៅ។
សូមជម្រាបថា សេវាដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ តាមរយៈរថយន្តក្រុង ទាំង ៨ខ្សែនេះ ចាប់ផ្តើមដំណើរការរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥ និង៣០នាទីព្រឹក រហូតដល់ម៉ោង ៨ និង៣០នាទីយប់។ តម្លៃសំបុត្រ ក្នុងម្នាក់ ១៥០០រៀល។ ក៏ប៉ុន្តែសាលារាជធានីភ្នំពេញ បានលើកលែង មិនយកលុយចំពោះមនុស្សចាស់ ជរា កុមារកម្ពស់ក្រោម ១ម៉ែត្រ សិស្សនិស្សិត ព្រះសង្ឃ ជនពិការ កម្មករកម្មការិនី គ្រូបង្រៀន និងកីឡាករ កីឡាការិនីជំនាញអាជីព។
ដោយឡែកនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ សាលារាជធានីភ្នំពេញ បានប្រកាសថា ប្រជាពលរដ្ឋទាំងអស់អាចជិះរថយន្តក្រុងសាធារណៈនៅលើផ្លូវទាំង ៨ខ្សែនេះ ដោយមិនគិតថ្លៃ៕