លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ
- 2018-04-01 09:24:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ
ចន្លោះមិនឃើញ
នគបាលយុត្តិធម៌បានចាប់ខ្លួន អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ តាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ គឺជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ស្រ្តី១រូបឈ្មោះ ចេវ សុវឌ្ឍនា នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីខែមករា ឆ្នាំ២០១៨។
សមត្ថកិច្ច បានចាប់ខ្លួនលោក ឡាយ វណ្ណៈ បន្ទាប់ពីលោកត្រូវបានផ្ទេរភារកិច្ចពីប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ជូនទៅ លោក អ៊ូច ភា អភិបាលខេត្តតាកែវវិញ។ លោក ឡាយ វណ្ណៈ នឹងត្រូវនាំខ្លួនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរពីដំណើររឿងឃាតកម្មនេះ។
សូមរំលឹកថា សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ និងមនុស្សចំនួន០៤នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការសាកសួរពាក់ព័ន្ធករណីការស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា មន្ត្រីបម្រើការងារនៅរដ្ឋសភា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
ករណីស្រ្តីរូបនេះ បានស្លាប់ដោយរូបភាពធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនឹងបង្អួចក្នុងផ្ទះជួល នៅភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នោះ ត្រូវសមត្ថកិច្ចបញ្ជាក់ថា មិនមែនជាករណីអត្តឃាតនោះទេ គឺជាអំពើឃាតកម្ម។
លោក ឡាយ វណ្ណៈ បានថ្លែងប្រាប់តាមទូរសព្ទកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ដោយធ្វើការបដិសេធថា រូបលោក និងបងប្រុសរបស់លោក (ឡាយ ណារិទ្ធ) រូមទាំងមន្ត្រីរបស់គាត់ គឺមិនបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា នោះទេ។ លោកអះអាងថា រឿងនេះជារឿងធ្វើអត្តឃាត មិនមែនជាឃាតកម្មនោះទេ ហើយលោកក៏បានស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសាររបស់លោក និងមន្ត្រីរបស់លោកផងដែរ៕