តុលាការ​មិន​ទាន់​​ចោទ​ប្រកាន់​លោក ឡាយ វណ្ណៈ ពាក់ព័ន្ធ​នឹង​​​ករណី​ឃាតកម្ម​​១​នៅឡើយ

  • 2018-04-02 11:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី សុផាណា អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា មកដល់​ល្ងាចថ្ងៃទី​០២ ខែ​មេសា ឆ្នាំ២០១៨ លោកសៀង សុខ ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ពុំទាន់​សម្រេច​បែប​ណា​នៅឡើយ​ទេ ជុំវិញ​សំណុំ​រឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្ត​តាកែវ និង​ជន​សង្ស័យ​៥នាក់​ផ្សេង​ទៀត លើ​ករណី​ឃាតកម្ម​​អ្នកស្រី ចេវ សុវឌ្ឍនា។

លោក លី សុផាណា ឲ្យដឹង​ថា អយ្យការ​កំពុង​សួរ​ចម្លើយ​លោក ឡាយ វណ្ណៈ និង​ពិនិត្យ​ឯកសារ ភស្តុតាង​នៅក្នុង​សំណុំ​រឿង​នេះ។

សូម​ជម្រាប​ថា លោក​ ឡាយ វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​ព្រះរាជ​អាជ្ញា​ ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​អ្នកស្រី ចេវ សុវឌ្ឍនា នៅក្រុង​ដូនកែវ ខេត្ត​តាកែវ កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៨។

ចំណែក​ជន​សង្ស័យ​ទាំង​៥​នាក់​ផ្សេង​ទៀត ក្នុងនោះ​មាន​លោក ឡាយ ណារិទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ ក៏​ស្ថិត​នៅក្រោម​ការ​សាកសួរ​របស់​លោក សៀង សុខ ផងដែរ។

លោក​ ឡាយ វណ្ណៈ គឺជាជន​ទី៦ ដែលត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ ចាប់ខ្លួន​នៅមុខ​វិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុង​សង្កាត់​រកាក្នុង ក្រុង​ដូនកែវ កាលពី​រសៀល​ថ្ងៃទី១ ខែ​មេសា ឆ្នាំ​២០១៨ ក្នុង​ពេល​លោក​កំពុងតែ​ធ្វើ​ដំណើរ​តាម​រថយន្ត ក្រោយ​បញ្ចប់ការ​ផ្ទេរ​មុខ​តំណែង​ប្រធាន​គណបក្ស​ប្រជាជន​ខេត្តតាកែវ ទៅ​ឲ្យលោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ​ថ្មី​វិញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;