សម្តេច ហ៊ុន សែន ពន្យល់​អំពី​​អត្ថន័យ "ពិធីបុណ្យ​វិសាខ​បូជា"

  • 2018-04-29 01:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក ដោយ​ពន្យល់​អំពីអត្ថន័យ​នៃ​​ពិធីបុណ្យ​វិសាខ​បូជា ដែល​ពុទ្ធសាសនិកជន​នៅ​ទូទាំង​ពិភពលោក​កំពុង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃនេះ។

សម្តេច​ពន្យល់​ថា បុណ្យ​វិសាខ​បូជា គឺជា​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់​បំផុត​ក្នុង​ចំណោម​បុណ្យ​សាសនា​ដទៃៗ​ទៀត ពី​ព្រោះ​ពិធីបុណ្យ​នេះ គឺបាន​បង្ហាញ​នូវ​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នៃ​សម័យកាល​របស់​ព្រះ​សម្មា​សម្ពុទ្ធ​សមណគោ​តម។ នោះគឺ​ជា​ថ្ងៃដែល​ព្រះអង្គ​ទ្រង់បាន​ប្រសូត បាន​ត្រាស់​ដឹង និង​ជាថ្ងៃ​ចូល​បរិនិព្វាន​ផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

រូបសម្តេច ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨
សម្តេច ហ៊ុន សែន បន្ត​ថា នៅថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ អង្គការ​សហប្រជាជាតិ (UN) ក៏បាន​ប្រកាស​ទទួល​ស្គាល់ “វិសាខ​បូជា” ជា​ពិធីបុណ្យ​សាសនា​អន្តរជាតិ ដែល​បុគ្គលិក​ធ្វើការ និង​សាធារណជន​អាច​ប្រារព្ធ​ធ្វើបាន​នៅ​ទូទាំង​ពិភពលោក​ទៀតផង។

សូម​ជម្រាប​ដែរថា ទាក់ទង​នឹង​ប្រវត្តិ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ សៀវភៅ "ព្រះរាជ​ពិធី​ទ្វាទសមាស" ដែល​ជា​ការ​បោះ​ពុម្ព​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​គ្រិស្ត​សករាជ ១៩៥១ បាន​សរសេរ​កត់ត្រា​ថា ទោះ​បី​ជា​ពិធីបុណ្យ​វិសាខបូជា​ត្រូវ​បាន​ពុទ្ធបរិស័ទ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​ទំនៀមទម្លាប់​តាំង​ពី​បុរាណ​យូរ​អង្វែង​មក​ហើយ​ក្ដី ក៏​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ពុទ្ធសាសនា​ខ្លះ បាន​បញ្ជាក់​ថា ពុំ​មាន​ឯកសារ​ណា​មួយ​កត់ត្រា​អំពី​កាលបរិច្ឆេទ ឬ​ថ្ងៃ ខែ ឆ្នាំ នៃ​ការ​ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​បំផុត​មួយ​នេះ ឲ្យ​បាន​ច្បាស់​លាស់​ឡើយ។

ប៉ុន្តែ​ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ​ចុង​ក្រោយ​នេះ អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ទទួល​ស្គាល់​បុណ្យ​វិសាខបូជា ជា​ទិវា​បុណ្យ​អន្តរជាតិ ដែល​ហៅ​ថា «យូអ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជា​នៃ​អង្គការ​សហប្រជាជាតិ» ដោយ​មាន​ការ​ស្នើ​សុំ​ពី​ប្រទេស​នានា​នៅ​លើ​សកលលោក ដែល​គោរព​ព្រះពុទ្ធសាសនា ក្នុង​នោះ​រួម​ទាំង​កម្ពុជា ផង​ដែរ នា​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​ពុទ្ធសាសនា​អន្តរជាតិ ក្នុង​ប្រទេស​សិរីលង្កា នា​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;