និយ័តករទូរគមនាគមន៍កម្ពុជា រំលឹកពីល្បឿនអ៊ីនធើណេត និងការចំណាយ កាលពី២១ឆ្នាំមុន
- 2018-05-10 13:18:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និយ័តករទូរគមនាគមន៍កម្ពុជា រំលឹកពីល្បឿនអ៊ីនធើណេត និងការចំណាយ កាលពី២១ឆ្នាំមុន
ចន្លោះមិនឃើញ
និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានបង្ហាញពីការប្រើប្រាស់អ៊ីនធើណែត ក្នុងស្ថានភាពដ៏លំបាកកាលពី ២១ឆ្នាំមុន ក្នុងនោះគឺបានលើកឡើងពីល្បឿនអ៊ីនធើណែតដ៏យឺតបំផុត បើប្រៀបធៀបនឹងបច្ចុប្បន្ន ព្រមទាំងការចំណាយដ៏លើសលុប។
យោងតាមបទសម្ភាសន៍ដែលផ្ដល់ដោយលោក ម៉ូវ ចរិយា ទៅកាន់កាសែតក្នុងស្រុកមួយ (លេខ៥ ខែ៨ ឆ្នាំ ១៩៩៧) បានបញ្ជាក់ថា គ្រាន់តែម៉ូដឺម (Modem) មានតម្លៃដល់ទៅ ១៧០-១៨០ដុល្លារ (នេះមិនទាន់រាប់បញ្ចូលការដំឡើង តម្លៃកុំព្យូទ័រ ខ្សែទូរសព្ទលើតុ និងឧបករណ៍ពាក់ព័ន្ធផ្សេងៗផង) ហើយតម្លៃប្រើសេវាត្រូវបែងចែកជា២។ បើប្រើត្រឹមតែអ៊ីម៉ែលត្រូវបង់ ៤៥ដុល្លារសិន ហើយគិតមួយខែ ២៥ដុល្លារទៀត ដោយកំណត់ម៉ោងឱ្យប្រើបានតែ ២ម៉ោងប៉ុណ្ណោះ លើសពីនេះត្រូវបង់ ០,១៣ដុល្លារក្នុង ១នាទី ឬ ៨ដុល្លារក្នុង ១ម៉ោង។ ចំពោះសេវា Full internet access អ្នកប្រើប្រាស់ត្រូវបង់មុន ៥០ដុល្លារ បង់ប្រចាំខែ ៥០ដុល្លារ ដោយមានម៉ោងកំណត់ប្រើបាន ៨ម៉ោង និងលើសពីនេះត្រូវបង់ ៨ដុល្លារក្នុង ១ម៉ោង។
និយ័តករទូរគមនាគមន៍ បានអះអាងថា គ្រាន់តែគិតត្រួសៗ ការចំណាយថវិកាបង់អ៊ីនធើណែតមួយខែនាពេលនោះ គឺអាចយកមកបង់សេវាអ៊ីនធើណែតនាពេលបច្ចុប្បន្ន ដែលមានលឿនខ្សែកាបអុបទិក ឬល្បឿន 4G ប្រើបានពី១ ទៅ២ឆ្នាំឯណោះ។
គួរបញ្ជាក់ថា ការរៀបរាប់របស់និយ័តករទូរគមនាគមន៍ខាងលើនេះ គឺធ្វើឡើងក្នុងខួបលើកទី២១ នៃការបង្កើតប្រព័ន្ធអ៊ីនធើណែតដំបូងគេនៅកម្ពុជា និងនៅឥណ្ឌូចិន ១៩៩៧-២០១៨។
ជាមួយគ្នានេះ និយ័តករទូរគមនាគមន៍ ក៏បានអរគុណដល់អ្នកដែលពាក់ព័ន្ធទាំងឡាយដែលបានជំរុញឱ្យល្បឿនអ៊ីនធើណែត កើនឡើងជាលំដាប់ ចាប់តាំងពីកម្ពុជាបានប្រើ Dial-up connection មានល្បឿនត្រឹមតែជាង 60Kbps។ លើសពីនេះក៏មានការផ្តល់ជូននូវសេវា Public Free WiFi ដែលប្រើបច្ចេកវិទ្យា MegaWiFi ក្នុងល្បឿន 1Gbps ថ្មីៗនេះផងដែរ៕