តំបន់សេដ្ឋកិច្ចពិសេស​ក្នុង​រាជធានី-ខេត្តចំនួន ៤ ដែល​មាន​ការ​នាំចេញ​ច្រើន​ជាងគេ

  • 2018-05-23 04:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ស្តីពីបច្ចុប្បន្នភាព​នៃការអភិវឌ្ឍ​តំបន់សេដ្ឋកិច្ច​ពិសេស​នៅកម្ពុជា បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស (SEZ) នៅរាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ខេត្ពព្រះសីហនុ និងខេត្តកោះកុង ទទួលបាន​ចំណូល​ពីការនាំចេញ​ច្រើន​ជាងគេ គិតត្រឹមឆ្នាំ២០១៧។

របាយការណ៍ដដែល បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស​ទាំងអស់​នៅកម្ពុជា មាន​ចំនួនសរុប ៣២ ដែលត្រូវ​បាន​បង្កើតឡើង​ដោយអនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល ហើយក្នុង​ចំណោម​នោះ មានតែ ១៩ទេ ដែលមាន​សកម្មភាព។

តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង គឺ​តំបន់សេដ្ឋកិច្ចពិសេស Manhattan និងតំបន់​សេដ្ឋកិច្ចពិសេស Taiseng ​មានការ​នាំចេញ​សរុប​ច្រើន​ជាង​គេ ពោល​គឺ​ចំនួន ៧៩០លាន​ដុលា្លរ​អាមេរិក ដែល​ស្មើ​នឹង​​ប្រមាណ ៥០% នៃការនាំចេញសរុប។

ដោយឡែកការនាំចេញពីតំបន់​សេដ្ឋកិច្ចពិសេស​ភ្នំពេញ មានការ​នាំចេញ​ ២៨៦លានដុល្លារអាមេរិក ឈរលើ​​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមាន ២៥៦លានដុល្លារអាមេរិក។

ចំណែក​ឯ​តំបន់សេដ្ឋកិច្ចនាងកុក ក្នុងខេត្តកោះកុង ឈរ​នៅ​លេខ​៤ ដោយ​មាន​ការ​នាំចេញ ១៤៨លានដុល្លារអាមេរិក។ រីឯ​​ការ​នាំចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្សេងទៀត បូក​ចូល​គ្នា មាន​ត្រឹម​តែ ៦៦លានដុល្លារប៉ុណ្ណោះ។

សូម​បញ្ជាក់ថា ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស មានការកើនឡើងខ្ពស់ ប្រមាណ ៤១% ក្នុងមួយឆ្នាំ។ បន្ថែម​លើ​នេះ ទុនវិនិយោគ​សរុបនៃតំបន់​សេដ្ឋកិច្ច​ទាំងអស់មា​ន ២៧២៩លានដុល្លរអាមេរិក ក្នងនោះ ៩៩% ភាគរយ ជាការវិនិយោគ​ផ្ទាល់ ពី​បរទេស (FDI) ពោល​គឺចិន និងជប៉ុន​មានការវិនិយោគ​ច្រើនជាងគេ។

ការវិនិយោគ SEZs ទាំងអស់ បានរួមចំណែកផ្តល់ឱកាសការងារដល់ប្រជាជន ប្រមាណ​ជាង ១០ម៉ឺនកន្លែង។ កម្មករដែល មាន​ចំនួនច្រើន​ជាងគេ គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេសបាវិត នៃខេត្តស្វាយរៀង ដែល​មានរហូតដល់ជិត ៥ម៉ឺន​នាក់ ពោលគឺ​ជិតស្មើ​ពាក់កណ្តាល​នៃចំនួន​កម្មករសរុប​នៃ​ SEZs ទាំងអស់។

យ៉ាងណាមិញ គម្រោងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសបាវិត មានត្រឹមតែ ៨៣គម្រោងប៉ុណ្ណោះ នៃគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស សរុប​ដែលមាន ៣៤៧គម្រោង ខណៈដែលគម្រោង​វិនិយោគនៅខេត្តព្រះសីហនុ មានចំនួន​ច្រើនជាងគេរហូតដល់ ១៣៦គម្រោង។

គួរជម្រាបថា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ទទួលបានការវិនិយោគច្រើនជាងគេ រហូតដល់ ៣៧% ក្នុងតំបន់សេដ្ឋកិច្ច​ពិសេស ទាំងអស់ទូទាំងប្រទេស ហើយក្រៅពីនេះ​មានដូចជាការផលិត​ផ្លាសស្ទិក ការវេចខ្ជប់ គ្រឿងយន្ត និងគ្រឿងអេឡិត្រូនិចជាដើម៕

អត្ថបទ៖ សិរីឧត្តម

អត្ថបទថ្មី
;