ផ្សិត​កញ្ចូរ ជា​អាហារ​ពិសេស​មាន​តម្លៃ​ខ្ពស់​នៅ​ខេត្តមណ្ឌលគិរី

  • 2018-05-24 06:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​រដូវវស្សានេះ ពោល​គឺ​ក្នុង​ខែ​ឧសភា ផ្សិតកញ្ជោរ​ត្រូវ​គេឃើញ​ថា កំពុង​ដុះ​ជា​បន្តបន្ទាប់ ហើយ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ក៏​គេ​សង្កេត​ឃើញ​មាន​ការ​យក​ផ្សិត​ប្រភេទ​នេះ មក​ធ្វើ​ការ​កែច្នៃ​ជា​ម្ហូប​អាហារ​ច្រើន​គួរសម​ដែរ។ ដោយ​ឡែក​តាម​បណ្តា​ទីផ្សារ ក្នុង​ស្រុក​មួយ​នេះ បែរ​ជា​ពុំ​សូវ​សម្បូរ​ផ្សិត​កញ្ចូរ​លក់​ទៅ​វិញ។

អ្នក​យក​ព័ត៌មាន នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា បាន​ជួប​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​កែវសីមា ដោយ​ពួក​គាត់​បាន​លើកឡើង​ថា ផ្សិត​កញ្ជោរ​នេះ​មាន​សណ្ឋាន​ស្រដៀង​គ្នា​និង​ផ្សិត​ចំបើង ប៉ុន្តែ​ផ្សិត​ប្រភេទ​នេះ​មាន​ដើម​ធំជាង គិតចាប់​ពី​ផ្នែក​ខាង​គល់​រាង​ធំ ស្តួច​ទៅ​លើ​រាង​តូច។ ឆត្រ​របស់​វា ឬ​ផ្នែក​ខាង​លើ​បំផុត​មាន​ពណ៌​ប្រផេះស្រាល។ ចំពោះ​រសជាតិ​វិញ ពេល​ចម្អិន​រួច វា​ស្រដៀង​និង​សាច់​មាន់​ស្រែ។

ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ឈ្មោះ នីម បាន​លើក​ឡើង​ថា អ្នកស្រី​តែងតែ​យក​ផ្សិត​កញ្ជោរ​មក​ធ្វើ​ម្ហូប​ក្នុង ១ឆ្នាំ​បាន ៤ទៅ ៥ដង​ដែរ គ្រា​ដែល​វា​បាន​ដុះ​ក្នុង​ដី​ចម្ការ​របស់​អ្នកស្រី។ អ្នកស្រី​បន្ត​ថា ផ្សិត​កញ្ជោរ សម្រាប់​អ្នកស្រី​និយម​យក​មក​ធ្វើម្ហូប​ដូចជា​ស្ងោរ​ជាមួយ​សាច់ជ្រូក សាច់​មាន់ ឬ​ត្រី ហើយ​បើ​ឆារ​វិញ​អាច​ប្រើ​សាច់​អ្វី​ឆា​ជាមួយ​ក៏បាន តាម​តម្រូវការ។ អ្នកស្រី​បញ្ជាក់​ថា វា​អាច​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ​ណាស់ ពោល​គឺ​អាច​ចំហុយ ស្លរ​ប្រហើរ សន្លក់ និយាយ​រួម​មុខ​ម្ហូប​ខ្មែរ​អាច​ធ្វើ​បាន​ច្រើន​មុខ​តាម​តែ​ចូលចិត្ត។ លើស​ពី​នេះ ផ្សិត​កញ្ជោរ​អាច​យក​ទៅ​បបរគ្រឿង​បាន​យ៉ាង​ឆ្ងាញ់​ថែម​ទៀត។

ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា​តើ​ហេតុអ្វី​បាន​ជា​ពុំ​សូវ​មាន​ផ្សិត​ប្រភេទ​នេះ​លក់​តាម​ទីផ្សារ​ទៅ​វិញ ដែល​ខែ​នេះ​ជា​រដូវ​ផ្សិត​កញ្ជោរ ដុះ​នោះ? អ្នកស្រី​បញ្ជាក់​ថា មក​ពី​ផ្សិត​នេះ​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ដុះ​តែ​ម្តង​ក្នុង ១ឆ្នាំ ទើប​ពេល​ដែល​គេ​ដក​បាន ពុំ​សូវ​លក់​ទេ សុខ​ចិត្ត​ទុក​ហូប​ខ្លួន​ឯង​វិញ​ប្រសើរ​ជាង តែ​បើ​លក់​វិញ​ក៏​មាន​តម្លៃ​ថ្លៃ​ដែរ។ ចំណែក​តម្លៃ​វិញ ផ្សិត​កញ្ជោរ​ក្នុង១​គីឡូក្រាម អាច​លក់​បាន​រហូត​ចន្លោះ​ដល់ ៤ទៅ៦ម៉ឺនរៀល​ឯណោះ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;