តម្លៃអចលនទ្រព្យនៅសែនសុខ នឹងឡើងថ្លៃ១កម្រិតទៀត បន្ទាប់ពីអ៊ីអនម៉លទី២ បើកដំណើការ
- 2018-06-04 06:52:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃអចលនទ្រព្យនៅសែនសុខ នឹងឡើងថ្លៃ១កម្រិតទៀត បន្ទាប់ពីអ៊ីអនម៉លទី២ បើកដំណើការ
ចន្លោះមិនឃើញ
អ្នកជំនួញក្នុងវិស័យអចលនទ្រព្យ បានអះអាងថា តម្លៃទីផ្សារអចលនទ្រព្យនៅក្នុងខណ្ឌសែនសុខ នឹងឡើងថ្លៃ១កម្រិតទៀត ក្រោយផ្សារទំនើបអ៊ីអនម៉ល២ ត្រូវបានបើកដំណើរការកាលពីពេលថ្មីៗនេះ។
លោកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. បានថ្លែងឱ្យដឹងថា តម្លៃដីនៅក្បែរតំបន់ ផ្សារទំនើប អ៊ីអនម៉លទី២ បានហក់ឡើងខ្លាំងរួចមកហើយនៅពេលដែលគម្រោងសាងសង់ត្រូវបានប្រកាសឡើង។ ក៏ប៉ុន្តែ បន្ទាប់ពីផ្សារលំដាប់អន្តរជាតិនេះ បើកដំណើការ តម្លៃដីនៅក្បែរនោះនឹងនៅតែបន្តឡើងថ្លៃទៀត តែស្ថិតនៅក្នុងកម្រិតទាបមួយ។
យ៉ាងណាមិញ តម្លៃនៃប្រភេទផ្ទះនៅជូរផ្លូវមុខៗ តំបន់ក្បែរផ្សារអ៊ីអនម៉លទី២ ដែលពីមុនធ្លាប់ទិញក្នុងតម្លៃ ២០ម៉ឺនដុល្លារ ដល់ជិត ៣០ម៉ឺនដុល្លារនោះ បច្ចុប្បន្នទីផ្សារតម្លៃផ្ទះនេះបានឡើងដល់ជាង ៤០ម៉ឺនដុល្លារហើយ។
«តម្លៃផ្ទះនៅជួរខាងក្នុងឡើងយឺតជាងផ្ទះនៅជួរខាងមុខ ដោយសារតែវា (ផ្ទះនៅជួរខាងមុខ) អាចធ្វើអាជីវកម្មបាន ពោលគឺផ្ទះសម្រាប់ស្នាក់នៅតម្លៃរបស់វាឡើងទាប មិនដូចផ្ទះដែលអាចធ្វើអាជីវកម្មបាននោះទេ»។ លោកស្រី តាំង ហួរ ពន្យល់។
គួររំលឹកថា ផ្សារទំនើបអ៊ីអនម៉លទី២ ត្រូវបានបើកដំណើរការកាលចុងខែឧសភា ក្រោយបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៦ ដោយវិនិយោគក្នុងទំហំទឹកប្រាក់ ១២០លានដុល្លារ។ ផ្សារទំនើបនេះ ស្ថិតនៅលើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ ពោលគឺមានទំហំធំជាងទីតាំងទី១ ដល់ទៅ ២ម៉ឺនម៉ែត្រការ៉េឯណោះ។
បើតាមរបាយការណ៍ទីផ្សារអចលទ្រព្យនៅកម្ពុជាប្រចាំឆ្នាំ២០១៥ ចេញផ្សាយដោយក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ពោលគឺមុនមួយឆ្នាំនៃការសាងសង់ផ្សារទំនើបអ៊ីអនទី២ បានបង្ហាញថា តម្លៃលំនៅឋានក្នុងបុរី ប្រភេទផ្ទះល្វែង (Flat House) ស្ថិតនៅខណ្ឌសែនសុខ មានតម្លៃចាប់ពី ១០ម៉ឺនដុល្លារ ដល់ប្រមាណជិត ១៦ម៉ឺនដុល្លារក្នុង១ល្វែង។ ចំណែកតម្លៃដី ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៩២៩ បត់ចូលទៅតំបន់បឹងពោងពាយមានតម្លៃចន្លោះពី ៤០០ ទៅ៦០0 ដុល្លារក្នុង១ម៉ែត្រការ៉េ៕