លោក ស៊ុន ចាន់ថុល ថា​គម្រោង​រថភ្លើង​លើ​អាកាស ត្រូវ​ការពេលវេលាសិក្សា​បន្ថែមទៀត​

  • 2018-06-07 00:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្ដី​ក្រសួងសាធារណការ និងដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល បាន​អះអាង​ថា គម្រោង​ស្ថាបនា​ខ្សែ​រថភ្លើង​លើ​អាកាស ដែល​ហៅ​ថា AGT ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នៅតែ​អនុវត្ត ដោយ​ត្រូវការ​ពេល​វេលា​យ៉ាងហោចណាស់​ពីរ​ឆ្នាំ​បន្ថែម​ទៀត ដើម្បី​សិក្សា​លម្អិត​។ នេះ​ជា​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា កាលពី​ថ្ងៃទី​៦ មិថុនា។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
ការ​បញ្ជាក់​នេះ ​ត្រូវ​បាន​ធ្វើឡើង​ក្រោយ​ពី​មាន​ការ​លើកឡើង​ថា គម្រោង​សាង សង់​ផ្លូវ​រថភ្លើង​លើ​អាកាស AGT ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) ត្រូវបាន​ផ្អាក​ដោយ​បិទ​ជំនួយ​ទៅ​វិញ ដោយសារ​ភាគី ជប៉ុន​មិន​ពេញចិត្ត​នឹង​នយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា ការ​ចំណាយ​ពេល​វេលា​សិក្សា​យូរ​នេះ គឺ​ដើម្បី​សិក្សា​ឲ្យ​បាន​ប្រាកដ​ថា នៅ​ពេល​អនុវត្ត​គម្រោង​សាងសង់​ខ្សែ​រថភ្លើង​លើ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ទៅ មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​ទ្រព្យ​សម្បត្តិ សាធារណៈ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ភាគីទាំងពីរ នឹង​មាន​ការ​ជួប​ពិភាក្សា​គ្នា​ម្តង​ទៀត ដើម្បី​ពន្យល់ ដល់​ប្រជាពលរដ្ឋ​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ។

លោក​បាន​បន្ដ​ថា គម្រោង​ស្ថាបនា​ខ្សែ​រថភ្លើង​លើ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ មុន​ដំបូង​គេ​នេះ នឹង​អនុវត្ត​ចាប់ពី​ស្ថានីយ​នៅ​ផ្សារ​ធំ​ថ្មី​ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​មាន​ប្រវែង​សរុប ១៨គីឡូម៉ែត្រ ​ក្នុងនោះ​ប្រវែង​ប្រមាណ ៤គីឡូម៉ែត្រ​ចេញ​ពី​ព្រលាន​យន្តហោះ នឹង​ត្រូវ​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី ដើម្បី​បញ្ចៀស​បញ្ហា​ចរាចរណ៍​របស់​យន្តហោះ។

កន្លែងត្រួតពិនិត្យក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ

យោង​តាម​ការ​សិក្សា​របស់​ជំនាញការ​របស់​ JICA បាន​ឲ្យ​ដឹង​ថា គម្រោង សាងសង់​ខ្សែ​រថភ្លើង​លើ​អាកាស​ដោយ​រត់​កាត់​ពី​លើ​ដង​វិថី​សំខាន់​ៗមួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ត្រូវ​ចំណាយ​អស់​ថវិកា​ប្រមាណ ៨០០​លាន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ លាភ.

;