NASA រកឃើញ​សារធាតុ​សរីរាង្គ នៅ​លើ​ភព​អង្គារ​ហើយ​

  • 2018-06-11 09:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យាន Curiosity របស់​ទីភ្នាក់ងារ​អវកាស NASA បាន​រក​ឃើញ​ភស្តុតាង​ដែល​គេ​សង្ស័យ​ថា ជា​ប្រភព​នៃ​ការ​​​បង្ក​ជីវិត នៅ​ភព​អង្គារ។ ភស្តុតាង​ទាំង​នោះ មាន​ដូចជា​ប្រភព​សារធាតុ​សរីរាង្គ នៅ​ក្នុង​រណ្ដៅ​មួយ​កន្លែង។ នេះ​ជា​ការ​ប្រកាស​របស់ NASA ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​សប្ដាហ៍​មុន។

រូបភាពដែលត្រូវបានបង្កើតឡើង​ពីកុំព្យូទ័រ បង្ហាញពីរណ្ដៅ Gale Grater ដែលអាចជាអតីតបឹងមួយនៅភពអង្គារ (រូបថត៖ NASA)
លោកស្រី Jennifer L. Eigenbrode តារា​វិទូ​របស់ NASA បាន​ឲ្យដឹង​ថា យាន Curiosity បាន​រកឃើញ​ម៉ូលេគុល​ដែល​អាច​បង្ក​ជីវិត ពី​សំណាក​គំរូ​នៅ​ទីតាំង​ខាងលើ​ ​ក្នុង​ថ្ម​ភក់​ដែល​រាយប៉ាយ​នៅ​តំបន់​ទី​ទូល Mojave and Confidence ក្នុង​រណ្ដៅ Gale Grater ។ ថ្ម​ភក់​ទាំង​នោះ ត្រូវ​គេ​ជឿជាក់​ថា មាន​អាយុកាល​ប្រហែល ៣​ពាន់​លាន​ឆ្នាំ​មក​ហើយ។ ពួកវា​មាន​ផ្ទុក​ម៉ូលេគុល ដែល​ស្រដៀង​នឹង​ម៉ូលេគុល​បង្ក​ជីវិត​ក្នុង​ថ្ម នៅ​លើ​ផែនដី​។

យ៉ាងណា​ក៏ដោយ លោកស្រី Eigenbrode បញ្ជាក់​ថា ម៉ូលេគុល​ទាំងនោះ​ក៏​អាច​បន្សល់​ពី​ប្រភព​ដែល​មិនមែន​ជា​ជីវិត​ផង​ដែរ ដូចជា អាចម៍ផ្កាយ​ជា​ដើម។ អ្នកវិទ្យាសាស្ត្រ​ដដែល​បន្ថែម​ថា ទោះបីជា​របកគំហើញ​ចុងក្រោយ​នេះ​មិន​ទាន់​រក​ឃើញ​ភស្តុតាង​នៃ​ជីវិត​នៅ​លើ​ភព​អង្គារ​ក៏ដោយ ក៏​វា​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​ថ្មី​មួយ​ទៀត មុន​បេសកកម្ម​បន្ទាប់​នៅ​លើ​ភព​អង្គារ និង​ជា​សញ្ញា​វិជ្ជមាន​អំពី​ភាព​ដែល​អាច​ទ្រទ្រង់​ជីវិត​បាន​កាល​ពី​ពេល​ដ៏​យូរលង់​របស់​ភព​ពណ៌​ក្រហម​មួយ​នេះ​។

យាន Curiosity (រូបថត៖ NASA)

សូម​បញ្ជាក់​ថា យាន Curiousity ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ផែនដី កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដោយ​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​ ៥៦០​លាន​គីឡូម៉ែត្រ។ យាន​ដែល​មាន​តម្លៃ ២,៥ពាន់​លាន​ដុល្លារ​នេះ បាន​ចុះចត​នៅ​លើ​ភព​អង្គារ កាល​ពី​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​២០១២។ មក​ទល់​ពេល​បច្ចុប្បន្ន វា​បាន​ធ្វើដំណើរ​នៅ​លើ​ភព​នេះ បាន​ចម្ងាយ ១៨​គីឡូម៉ែត្រ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;