ស្ថាប័ន ៣ បញ្ជាក់ពីភាព​ខុសច្បាប់​នៃ​ការ​ទូទាត់​កាសប្រាក់​អេឡិចត្រូនិច

  • 2018-06-20 02:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​​នគរ​បាល​​ជាតិ បានចេញ​​សេចក្តី​ថ្លែងការណ៍​រួម ដោយ​បញ្ជាក់ថា ការផ្សព្វផ្សាយ ការ​ចរាចរ ទិញ លក់ ជួញដូរ ទូទាត់​កាស​​អេឡិចត្រូនិក​នៅ​កម្ពុជា ដែល​​មិនមាន​​អាជ្ញាប័ណ្ណ​​ពី​អាជ្ញា​ធរ​មាន​​សមត្ថកិច្ច គឺជា​​សកម្មភាព​​ខុសច្បាប់​។ សេចក្ដី​ថ្លែងការណ៍រួម​នោះ បាន​បញ្ជាក់ថា កាស​អេឡិចត្រូនិក​​ទាំងនោះ មានដូចជា KH Coin, Suncoin, K coin, One-coin និង Forex coin ជាដើម​។​

​សេចក្តីថ្លែងការណ៍​ដដែល ក៏បាន​បង្ហាញដែរ​ថា ការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់ កាស​អេឡិចត្រូនិក​​ដែល​មិនមាន​ការ​គ្រប់គ្រង​​ពី​អាជ្ញា​ធរ​មាន​​សមត្ថកិច្ច នឹង​​បង្ក​ហានិភ័យ​​ធ្ងន់ធ្ងរ​​ដល់​​សាធារណជន និង​សង្គម​​ទាំងមូល ដូចជា​៖

  • ចេញផ្សាយ​ដោយ​​ពុំមាន​​វត្ថុ​ធានា​​សង​​ត្រលប់​មកវិញ​នោះឡើយ

  • ទទួលរង​ការខាតបង់​លើ​ការវិនិយោគ ដោយសារតែ​តម្លៃ​ចារឹក​របស់​កាស​អេឡិចត្រូនិក​ប្រែប្រួល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់

  • ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា និង​ធ្វើ​ឲ្យ​បាត់បង់​មូលនិធិ ដោយសារ​ការ​លួច​ចូលទៅក្នុង​ប្រព័ន្ធ

  • ពុំមាន​យន្តការ​​ការពារ​​ផលប្រយោជន៍​​អតិថិជន អ្នកប្រើប្រាស់​កាស​អេឡិចត្រូនិក​ជា​ជន​អនាមិក ពុំ​មានការ​​សម្គាល់​​អត្ត​សញ្ញាណ ឬ​សាវតា​រ​បស់​​អ្នកប្រើប្រាស់​​បានច្បាស់លាស់ គឺជា​​ហានិភ័យ​ក្នុងការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​រួមនោះ ក៏​ប្រកាស​​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ប្រុងប្រយ័ត្ន​ចំពោះ​ការឃោសនា​​ផ្សព្វផ្សាយ​កៀរគរ​​ប្រមូល​​មូលនិធិ និង​ធ្វើ​ប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់ កាស​អេឡិចត្រូនិក ដែល​មិនមាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​សេចក្តីថ្លែងការណ៍​រួម បាន​គូសបញ្ជាក់ថា “​បុគ្គល ឬ​នីតិបុគ្គល​ណា ដែល​ធ្វើ​ការឃោសនា​ផ្សព្វផ្សាយ កៀរគរ​ប្រមូល​មូលនិធិ ធ្វើ​ប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់​កាស​អេឡិចត្រូនិក ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹងត្រូវ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​”​។​

គួរ​រំលឹក​ផងដែរថា ​បន្ថែម​លើ​សេចក្តីថ្លែងការណ៍​រួម​ខាងលើនេះ កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ លោក ស្រី ជា សិរី អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា ក៏​បានប្រកាស​ឲ្យ​សាធារណជន​ប្រុងប្រយ័ត្ន​​ចំពោះ​ការ​ឆបោក ក្នុង​ទម្រង់​បែប​ថ្មី តាមរយៈ​ការចាយវាយ​រូបិយ​បណ្ណ​អេឡិចត្រូនិក​ជា​បណ្ដាញ ឬ​កាស​អេឡិចត្រូនិក​ដូច​ខាងលើ​ផងដែរ។ ​លោកស្រី​បញ្ជាក់ថា ការ​ប្រា​ស់លុយ​អេឡិចត្រូនិក​ទាំងនោះ មិនមាន​ការទទួលស្គាល់​ពី​រដ្ឋាភិបាល​នោះទេ៕

ចុចអាន៖ ស្វែង​យល់​ពី​ប្រាក់​អេឡិចត្រូនិច Bitcoin ដែល​កំពុង​ល្បី​តគ្នា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;