កម្ពុជា នៅតែ​សង្ឃឹម​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប បន្ត​ទៀត

  • 2018-07-13 13:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ផៃ ស៊ី​ផាន ​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ថ្លែង​នៅថ្ងៃ​ទី១៣​កក្កដា​នេះ​ថា ជំហរ​របស់​កម្ពុជា នៅតែ​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា​នៅតែ​ទទួល​បាន​គម្រោង​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​បន្តទៀត ដើម្បី​ជួយ​ពង្រឹង​ជីវភាព​ប្រជាពលរដ្ឋ​ប្រមាណ​៣​លាន​នាក់​ឱ្យមាន​ចីរភាព​បានយូរ​។

លោក​បន្ថែម​ថា កម្ពុជា​អនុវត្តបាន​ច្រើន តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​នា​ពេលកន្លងមក​ផង​ដែរ។

លោក ផៃ ស៊ីផាន ថ្លែងក្នុងសិក្ខាសាលាមួយ នាពេលកន្លងមក
ទាក់ទង​នឹង​ការពិចារណា​ដក​កម្ពុជា​ចេញពី​គម្រោង​អនុគ្រោះ​ពន្ធ លោក ផៃ ស៊ី​ផាន កត់សម្គាល់​ឃើញថា គ្រាន់តែ​ជា​ការពិចារណា​លើ​របាយការណ៍​នៃ​បេសកកម្ម ដើម្បី​វាយតម្លៃ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ ហើយ​រាជ​រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​ពន្យល់ សហភាព​អឺរ៉ុប​ឱ្យ​យល់​ពី​ស្ថានភាព​ជាក់​ស្តែង​របស់​កម្ពុជា​។ ចំណែក​របាយការណ៍រ​បស់​សហភាព​អឺរ៉ុប ដែល​ទទួលបាន​ពី​សង្គម​ស៊ីវិល​ផ្សេងៗ​នាពេល​កន្លងទៅ ជា​របាយការណ៍ មិន​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់​ស្តែងរបស់​កម្ពុជា​ឡើយ​។

ការ​លើកឡើង​របស់​មន្រ្តី​រាជ​រដ្ឋាភិបាល​ខាងលើ​នេះ គឺ​បន្ទាប់ពី​គណៈ​កម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប បាន​ចេញសេក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១២កក្កដា​ម្សិលមិញ ដោយ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ (EBA, Everything But Arms) ពី​កម្ពុជា។ ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈប្រតិភូ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប កំពុង​ចាប់ផ្ដើម​ធ្វើការ​វាយតម្លៃ​ស្ថានភាព​ពិតប្រាកដ ក្រោយ​បិទ​បញ្ចប់​បេសកកម្ម​រយៈពេល ៧​ថ្ងៃ របស់​ខ្លួន​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ដំណើរ​វិវឌ្ឍ​វិស័យ​សិទ្ធិមនុស្ស និង​វិស័យ​ការងារ ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា៖ «បន្ទាប់ពី​បេសកកម្ម​ស្វែងរក​ការណ៍​ពិត​នេះ យើង​នឹង​វិភាគ​ការពិត​ដោយ​លម្អិត​និង​ពិចារណា​ពី​វិធានការ​បន្ទាប់​ទៀត​។ ការដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ គឺជា​ជម្រើស​ចុងក្រោយ ប្រសិនបើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​បាន​បរាជ័យ ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​ទាំងនេះ»។

សូម​រំលឹក​ថា កិច្ចព្រមព្រៀង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប បាន​អនុញ្ញាតឱ្យ​កម្ពុជា នាំចូល​ដោយ​រួច​ពន្ធ​ទៅ​សហភាព​អឺរ៉ុប ក្នុងឋានៈ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ កិច្ចព្រមព្រៀង​នេះ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ក្នុង​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​អឺរ៉ុប​ដោយ​មិន​យកពន្ធ​។​ដូច្នេះ ប្រសិនបើ​សហភាព​អឺរ៉ុប លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន នឹង​ធ្វើឱ្យ​កម្ពុជា ខាតបង់​ជាង ៦​០០​លាន​ដុល្លារ។ នេះ​បើតាម​ការអះអាង​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាលពី​ឆ្នាំ​២០១៧៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;