សត្វទា​ព្រៃ​ស្លាប ស មួយ​ក្បាល ត្រូវ​បាន​ព្រលែង​​ឱ្យរស់នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្មទេព

  • 2018-07-19 06:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS បាន​ឱ្យដឹង​នៅថ្ងៃទី​១៩​កក្កដា​នេះ​ថា សត្វទា​ព្រៃ​ស្លាប ស ឈ្មោល​មួយ​ក្បាល ត្រូវ​បាន​ព្រលែង​ឱ្យ​ទៅ​រស់នៅ​​ក្នុង​ព្រៃ​នៃ​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្មទេព ក្នុង​ខេត្ត​ព្រះវិហារ។ ការ​ព្រលែង​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០១៨ ក្រោម​កិច្ច​សហការ​រវាង អង្គការ WCS មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ និង​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​ខេត្ត​សៀមរាប។

សត្វ​ទាព្រៃ​ស្លាប ស ឈ្មោល​មួយ​ក្បាល​នេះ ត្រូវ​បាន​ព្រលែង​ចូល​ទៅក្នុង​ត្រពាំង​ធម្មជាតិ​មួយ​កន្លែង ស្ថិត​នៅក្នុង​ភូមិ​តែល នៃដែន​ជម្រក​សត្វព្រៃ​គូលែ ព្រហ្មទេព។ សត្វ​កម្រ​នេះ ត្រូវ​បាន​គេជួយ​សង្គ្រោះ​ពី​តំបន់នេះ ​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់​ពី​សមាជិក​សហគមន៍​បាន​រកឃើញ​វា​នៅ​លើ​ដី ប្រឈម​នឹង​ការ​វាយ​ប្រហារ​ដោយ​សត្វ​ឆ្កែ​ក្នុង​ស្រុក។

អង្គការ WCS និង​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ផ្តល់​ដំណឹង​នេះ​ភ្លាមៗ​ទៅក្រុម​ការងារ​របស់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស ជីវ​ចម្រុះ​ខេត្ត​សៀមរាប ដើម្បី​ជួយ​សង្គ្រោះ និង​ទទួល​យក​ទៅ​ថែរក្សា​បន្ត​នៅ​មជ្ឈមណ្ឌល​របស់ខ្លួន​នៅ​ឧទ្យានជាតិ​ភ្នំ​គូលែន (ខេត្ត​សៀមរាប)។ ក្រោយ​ការ​ត្រួត​ពិនិត្យ និង​មើល​ថែទាំ​យ៉ាង​យកចិត្ត​ទុកដាក់​រយៈពេល​ពីរ​ខែ​មក សត្វ​នេះ​មាន​សុខភាព​ល្អ ហើយអាច​នឹង​លែងវា​ទៅក្នុង​ព្រៃវិញ​បាន។ ប៉ុន្តែ ការ​ព្រលែង​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ខែ​វស្សា ដើម្បី​ធានាថា វាមាន​ចំណី​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ជីវិត។

សត្វទាព្រៃស្លាប ស ដែលត្រូវបានព្រលែងទៅក្នុង ព្រៃ​នៃ​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្មទេព ក្នុង​ខេត្ត​ព្រះវិហារ។ រូបថត៖ អង្គការ WCS
បើតាម​អង្គការ​ WCS យ៉ាងហោច​ណាស់ សត្វ​ទាព្រៃ​ស្លាប ស ចំនួន ១៩​ក្បាល ត្រូវ​បាន​គេដឹង​ថា កំពុង​រស់នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្មទេព និង​ឆែប ហើយ​សកម្មភាព​ព្រលែង​សត្វ​ទាព្រៃ​ស្លាប ស ឈ្មោល​នេះ គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុងការ​ថែរក្សា​ប្រភេទ​សត្វស្លាប ដ៏​កម្រ​នេះ ឱ្យនៅ​ស្ថិតស្ថេរ​បាន​យូរ​អង្វែង។

សត្វទា​ព្រៃ​ស្លាប ស ត្រូវបាន​ចាត់​ទុក​ជា​សត្វ​កម្រ​ ដោយសារ​ចំនួន​របស់​ពួកវា បន្ត​ធ្លាក់ចុះ​យ៉ាងខ្លាំង តាមរយៈ​ការ​រំខាន និងការ​បាត់បង់​ទី​ជម្រក​នៅតាម​ដងព្រែក​ជាដើម។ បច្ចុប្បន្ន​នេះ ទាព្រៃ​ស្លាប ស ស្ថិត​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែល​ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុតពូជ និងមាន​ចំនួន​នៅ​សេសសល់​តិចតួច​បំផុត​ប្រមាណ ១ពាន់​ក្បាល ប៉ុណ្ណោះ​នៅលើ​សាកលលោក។ ប្រភេទ​សត្វ​ទាំងនេះ​ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ដូចជា ឥណ្ឌា ប៊ូតាន បង់ក្លាដេស មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ថៃ វៀតណាម និង​កម្ពុជា (ប្រហែល ១០០​ក្បាល)។

ទាព្រៃ​ស្លាប ស អាច​រស់នៅ​បាន​ដោយ​ពឹងផ្អែក​លើ​ទីជម្រក​នៅតាម​ដងព្រែក​ដែល​ពុំមាន​ការ​រំខាន និងការ​ធ្វើ​សំបុក​ក្នុង​រន្ធ​ឬប្រហោង​ដើមឈើ ខ្ពស់ៗ​ដែលជា​រឿយៗ ត្រូវបាន​កាប់​បំផ្លាញ​តាមរយៈ​ការ​ជួញដូរ​ឈើ​ខុសច្បាប់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;