ស្លាប់ ២៤​នាក់ ដោយការ​ផ្ទុះគ្រាប់បែក​​ក្នុងថ្ងៃបោះឆ្នោត​ នៅប៉ាគីស្ថាន​

  • 2018-07-25 07:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​យ៉ាង​ហោច​ណាស់ ២៤ នាក់ បាន​ស្លាប់ ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក នៅ​ខាងក្រៅ​មណ្ឌល​បោះឆ្នោត​ នៅ​ក្នុង​ទីក្រុង Quetta ប្រទេសប៉ាគីស្ថាន។ ប៉ូលិស​ ៥ នាក់ និង​ក្មេង ២ នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​ ២៤ នាក់​នោះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Aljazeera នៅ​រសៀល​ថ្ងៃ​ទី ២៥ ​កក្កដា ឆ្នាំ​២០១៨​នេះ។

អ្នក​នាំ​ពាក្យ​មន្ទីរ​ពេទ្យ​ក្រុង​ Quetta លោក Waseem Baig បាន​ឲ្យដឹង​ថា មនុស្ស​ ២៨​ នាក់​ផ្សេងទៀត ក៏​បាន​រង​របួស ​ដោយសារ​ហេតុការណ៍​នេះ​ផង​ដែរ។

ក្រុម​សមត្ថកិច្ច​ កំពុង​ប្រមូល​ផ្ដុំ នៅ​ទីតាំង​កើត​ហេតុ នៅ​ថ្ងៃ​ទី ២៥ ​កក្កដា ឆ្នាំ​២០១៨​។ រូប​ថត៖ Sky news
ការ​វាយ​ប្រហារ​នេះ ដែល​ត្រូវ​បាន​គេ​ដឹង​ថា សំដៅ​ទៅ​កាន់​ក្បួន​រថយន្ត​ប៉ូលិស​ បាន​កើត​ឡើង ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​បើក​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

ជុំវិញ​រឿង​នេះដែរ នៅ​មិន​ទាន់​មាន​ក្រុម​ណា ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​បំផ្ទុះ​នេះ​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា ការបោះឆ្នោត​នៅ​ប៉ាគីស្ថាន នឹង​ត្រូវ​បិទ​បញ្ចប់ នៅ​ម៉ោង ៦ ល្ងាច (ម៉ោង​ក្នុង​ស្រុក)។ ក្នុង​ ការបោះឆ្នោត​នេះ ប៉ូលិស និង​កងយោធា ប្រមាណ ៨០ ម៉ឺន​នាក់​ បាន​ដាក់​ការពារ​តាម​មណ្ឌល​បោះឆ្នោត​ចំនួន ៨៥ ០០០ ទីតាំង នៅ​ពាសពេញ​ផ្ទៃ​ប្រទេស៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;