ស្វែង​យល់​ពី​តួ​នាទី​របស់​សន្តិ​សុខ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត

  • 2018-07-27 06:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ.ជ.ប បាន​ចេញ​សៀវ​ភៅ​ណែ​នាំ​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត ភ្នាក់​ងារ​សន្តិ​សុខ​បោះ​ឆ្នោត​ចំនួន ៣​នាក់ ដែល​នៅ​ការពារ​ការិ​យា​ល័យ​បោះ​ឆ្នោត និង ​ការិយា​ល័យ​រាប់​សន្លឹក​ឆ្នោត​នីមួយ​ៗ ត្រូវ​ស្លៀក​ពាក់​ឯក​សណ្ឋាន​កង​កម្លាំង​ឱ្យ​បាន​ត្រឹម​ត្រូវ និង ពាក់​ប្រឡង់​ដៃ​សន្តិ​សុខ​របស់ គ.ជ.ប រហូត​ដល់​ចប់​ភារកិច្ច​។

ភ្នាក់ងារ​សន្តិ​សុខ​បោះ​ឆ្នោត មាន​ភារ​កិច្ច​ការពារ​កុំឱ្យ​មាន​ការ​រំខាន​ អុក​ឡុក ការ​បំភិត​បំភ័យ និង ការ​គំរាម​កំហែង​ ឬ​ហេតុ​ការណ៍​ផ្សេងៗ​ដែល​នឹង​អាច​កើត​មាន និង ត្រូវ​ហាម​ជន​គ្រប់​រូប​យក​អាវុធ ជាតិ​ផ្ទុះ និង វត្ថុ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ផ្សេង​ៗ ចូល​ក្នុង​បរិវេណ​ខាង​ក្រៅ (ចម្ងាយ​១០០​ម៉ែត្រ​ជុំវិញ​ការិយា​ល័យ​បោះ​ឆ្នោត​) បរិវេណ​ខាង​ក្នុង​(ចម្ងាយ​១៥​ម៉ែត្រ​ជុំវិញ​ការិយា​ល័យ​បោះ​ឆ្នោត​) និង​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​។

គ.ជ.ប បាន​បន្ត​ណែនាំ ដល់​ភ្នាក់​ងារ​សន្តិ​សុខ​បោះ​ឆ្នោត​ដូច​ត​ទៅ៖

  • ភ្នាក់​ងារ​សន្តិ​សុខ​បោះ​ឆ្នោត ១​នាក់ ត្រូវ​ចល័ត​ការពារ​ជុំវិញ​បរិវេណ​ខាង​ក្នុង នៃ​ការិយា​ល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ដែល​មាន​កាំ​យ៉ាង​តិច ១៥​ម៉ែត្រ​ពី​ការិយា​ល័យ​បោះ​ឆ្នោត និង​ មិន​ចាំ​បាច់​ប្រើ​ប្រាស់​អាវុធ​។

  • ភ្នាក់​ងារ​សន្តិ​សុខ​បោះ​ឆ្នោត ២​នាក់​ទៀត ​ ត្រូវច​ល័ត​ការពារ​ជុំ​វិញ​បរិវេណ​ខាង​ក្រៅ នៃ​ការិយា​ល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ ដោយ​ត្រូវ​ស្ថិត​នៅ​ចម្ងាយ​ពី ១០០​ម៉ែត្រ ឬ​ទម្រង់​ផ្សេង​ ឬ​មា​ន​កាំ​តូច​ជាង ស្រប​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​បរិវេណ​ខាង​ក្រៅ​ របស់​ការិយា​ល័យ​នីមួយ​ៗ និង​អាច​ប្រើ​ប្រាស់​អាវុធ​វែង ១​ដើម ដែល​មាន​គ្រាប់​ច្រើន​ជាង​៣០​គ្រាប់​។

  • ក្នុង​ករណី​ការិយា​ល័យ​បោះ​ឆ្នោត និង​ ការិយា​ល័យ​រាប់​សន្លឹក​ឆ្នោត​ច្រើន ប្រមូល​ផ្តុំ​ក្នុង​បរិវេណ ឬ​អគារ​តែ​មួយ ចំនួន​ភ្នាក់​ងារ​សន្តិ​សុខ​បោះ​ឆ្នោត​សម្រាប់​ការិយា​ល័យ​នីមួយ​ៗ ត្រូវ​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង ប៉ុន្តែ​មិន​ត្រូវ​ឱ្យ​លើស​ពី ៣​នាក់ក្នុង​មួយ​ការិយា​ល័យ។

  • ប៉ុន្តែ ភ្នាក់​ងារ​សន្តិ​សុខ​បោះ​ឆ្នោត ឬ/​និង​ភ្នាក់​ងារ​សង្គ្រោះ អាច​ចូល​ធ្វើ​អន្ត​រាគមន៍​នៅ​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ក្នុង​ករណី​មាន​សំណូម​ពរ​ចាំ​បាច់​ពី​ប្រធាន គ.ជ.ប ប្រ​ធាន គធ.បខ ប្រធាន​គឃ.សប ឬ​ប្រធាន គ.ក.ប/គ.ក.រ

( ដក​ស្រង់​ និង​ធ្វើ​សេចក្តី​សង្ខេប​ចេញ​ពីសៀវ​ភៅណែនាំ គ.ក.ប/គ.ក.រ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី៦​ ឆ្នាំ ២០១៨)

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;