តើចិន និងរុស្ស៊ី ទទួលផលប៉ះពាល់អ្វីខ្លះ ពីការអនុម័តថវិកាយោធា ៧១៦ពាន់លានដុល្លាររបស់ ត្រាំ?
- 2018-08-14 02:32:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើចិន និងរុស្ស៊ី ទទួលផលប៉ះពាល់អ្វីខ្លះ ពីការអនុម័តថវិកាយោធា ៧១៦ពាន់លានដុល្លាររបស់ ត្រាំ?
ចន្លោះមិនឃើញ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី១៣ ខែសីហា ២០១៨ ម្សិលមិញ បានអនុម័តកញ្ចប់ថវិកាការពារជាតិឆ្នាំ២០១៩ ចំនួន ៧១៦ពាន់លានដុល្លារ នៅមូលដ្ឋានកងទ័ពអាមេរិក Fort Drum ក្នុងក្រុង New York។ កញ្ចប់ថវិកាការពារជាតិ ៧១៦ពាន់លានដុល្លារនេះ គឺកញ្ចប់ថវិកាការពារជាតិដែលច្រើនបំផុតមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្រ្តអាមេរិក។
ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការអនុម័តពីលោក ត្រាំ មហាយក្សចិនបានបញ្ចេញប្រតិកម្មមុនគេ ជុំវិញកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមករបស់អាមេរិក។ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ក្រសួងនឹងពិនិត្យគ្រប់ជ្រុងជ្រោយពីច្បាប់ស្ដីពីកញ្ចប់ថវិកាការពារជាតិឆ្នាំ២០១៩ របស់អាមេរិក។ ការពិនិត្យនេះ ដោយសារច្បាប់ស្ដីពីកញ្ចប់ថវិកាការពារជាតិអាមេរិកបានពង្រឹងតួនាទីស្នូលដល់គណៈកម្មាធិការទទួលបន្ទុកវិនិយោគបរទេស ក្នុងការត្រួតពិនិត្យគម្រោងវិនិយោគបរទេសថាតើវាមានទម្ងន់ប៉ុណ្ណាគំរាមកំហែងដល់សន្ដិសុខជាតិអាមេរិក។ ចំណាត់ការនេះ ត្រូវបានមើលឃើញថា បានដាក់គោលដៅលើប្រទេសចិន ជាពិសេសគឺក្រុមហ៊ុនចិន ZTE Corp និង Huawei Technologies Co Ltd។
ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមទៀតថា ក្រុមហ៊ុនចិន និងក្រុមហ៊ុនអាមេរិកមានកិច្ចសហប្រតិបត្តិការវិនិយោគរឹងមាំ ហើយសក្ដានុពល គឺធំសំបើម។ រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរតែស្ដាប់សំឡេងរបស់ក្រុមហ៊ុននានា ហើយផ្ដល់បរិស្ថានល្អមួយ និងការរំពឹងទុកដ៏មានស្ថិរភាពមួយ។
ចំណែកប្រទេសរុស្ស៊ីវិញ ក៏ទទួលការប៉ះពាល់មិនតិចផងដែរពីកញ្ចប់ថវិកាការពារជាតិរបស់អាមេរិក។ ច្បាប់ស្ដីពីកញ្ចប់ថវិកាការពារជាតិឆ្នាំ២០១៩ របស់អាមេរិកបានកម្រិតការចូលរួមក្នុងសន្ធិសញ្ញាស្ដីពីសេរីភាវូបនីយកម្មឧស្សាហកម្មអាកាសចរណ៍អន្តរជាតិ Open Skies និងសន្ធិសញ្ញា NEW START ដែលអាមេរិក និងរុស្ស៊ីបានចុះហត្ថលេខា។
ប៉ុន្ដែក្រុមអ្នកច្បាប់មួយចំនួនរបស់អាមេរិក មិនត្រឹមតែចង់កម្រិតការចូលរួមអនុវត្តសន្ធិសញ្ញាជាមួយរុស្ស៊ីប៉ុណ្ណោះទេ ពួកគេចង់ឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយរដ្ឋាភិបាលក្រុងមូស្គូផងដែរ។
ជាមួយគ្នានេះ ច្បាប់ស្ដីពីកញ្ចប់ថវិកាការពារជាតិឆ្នាំ២០១៩ របស់អាមេរិកបានផ្ដល់កញ្ចប់ថវិកាដល់ទីភ្នាក់ងារប្រឆាំងមីស៊ីល ចំនួន ១០ពាន់លានដុល្លារ សម្រាប់ប្រើប្រាស់រ៉ាដា និងមីស៊ីល បាញ់ទម្លាក់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់៕