ជំនួប​បុរស​ខ្លាំង​រុស្ស៊ី និង​អធិការបតី​អាល្លឺម៉ង់ ទំនង​ធ្វើ​ឲ្យ​រដ្ឋបាល ត្រាំ មិន​សប្បាយ​ចិត្ត​នោះ​ទេ

  • 2018-08-19 23:40:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និង​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាលពី​ថ្ងៃ​ទី១៨ ខែ​សីហា ២០១៨ បាន​ជួប​គ្នា​នៅ​វិមាន Meseberg ដែល​នៅ​ចម្ងាយ ៦៥​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ក្រុង​បែរឡាំង របស់​អាល្លឺម៉ង់។ មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ជា​សំខាន់​ដោយ​ផ្ដោត​លើ​គម្រោង​សាងសង់​បំពង់​បញ្ជូន​ឧស្ម័ន ពី​រុស្ស៊ី​មក​ផ្គត់ផ្គង់​ឲ្យ​អាល្លឺម៉ង់ Nord Stream 2 Project ដែល​គម្រោង​នេះ​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថា ជា​កំហុស​ដ៏​ធំ​សំបើម​មួយ។

ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និង​អធិការបតី​អាល្លឺម៉ង់ Angela Merkel អំឡុងសន្និសីទកាសែត នៅ​វិមាន Meseberg កាលពី​ថ្ងៃទី១៨ ខែ​សីហា ២០១៨/ រូបភាព៖ CGTN
ថ្លែង​អំឡុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​លោកស្រី Merkel លោក ពូទីន បញ្ជាក់​ថា គម្រោង​នេះ​គឺ​ក្នុង​គោល​បំណង​សេដ្ឋកិច្ច​ទាំង​ស្រុង និង​មិនមាន​ន័យ​ថា ការ​ផ្គត់ផ្គង់​ឧស្ម័ន​ពី​អ៊ុយក្រែន ត្រូវ​បញ្ចប់​នោះ​ទេ។

ទោះ​យ៉ាង​ណា ជំនួប​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​រដ្ឋបាល ដូណាល់ ត្រាំ មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយសារ​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់​បាន​និយាយ​ថា វា​ជា​សោកនាធកម្ម​មួយ ដែល​អាល្លឺម៉ង់​បាន​ឯកភាព​ទៅ​នឹង​កិច្ចព្រមព្រៀង​សាងសង់​បំពង់​ផ្គត់ផ្គង់​ឧស្ម័ន​ជាមួយ​នឹង​រុស្ស៊ី។

ចំណែក​មន្រ្តី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ជាច្រើន រួមទាំង​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប លោក Donald Tusk បាន​បង្ហាញ​ការព្រួយបារម្ភថា ក្រោយ​គម្រោង Nord Stream 2 សាងសង់​រួចរាល់ ប្រទេស​អ៊ុយក្រែន​នឹង​បាត់បង់​ថវិកា​ប្រមាណ​ជិត ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​អ៊ុយក្រែន បច្ចុប្បន្ន កំពុង​ទទួល​បាន​ប្រាក់​ប្រមាណ​ជាង ១២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​មក​កាន់​អាល្លឺម៉ង់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ត្រាំ កាលពី​ខែ​កក្កដា កន្លង​ទៅ បាន​ចាត់ទុក​គម្រោង​ផ្គត់ផ្គង់​ឧស្ម័ន​ពី​រុស្ស៊ី​មក​កាន់​អាល្លឺម៉ង់​ថា ជា​កំហុស​ដ៏​ធំ​មួយ និង​បាន​ព្រលះ​អាល្លឺម៉ង់​ថា ជា​ឈ្លើយសឹក​របស់​រុស្ស៊ី​ទៀត​ផង។ ជាមួយ​គ្នា​នេះ លោក ត្រាំ បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ពី​អាមេរិក ជំនួស​ការ​ផ្គត់ផ្គង់​ពី​រុស្ស៊ី។

សូម​បញ្ជាក់​ថា គម្រោង Nord Stream 2 មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សាងសង់ ១១​ពាន់​លាន​ដុល្លារ គ្រោង​នឹង​ដាក់​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០១៩ ខាង​មុខ។ គម្រោង​នេះ ត្រូវ​បាន​ទាំង​ភាគី​អាល្លឺម៉ង់ និង​រុស្ស៊ី បញ្ជាក់​ថា ជា​គម្រោង​វិនិយោគ​ឯកជន។

ក្រៅ​ពី​បញ្ហា​ការ​ផ្គត់ផ្គង់​ឧស្ម័ន លោក ពូទីន និង​លោកស្រី Merkel ក៏​បាន​ពិភាក្សា​ពី​បញ្ហា​មួយ​ចំនួន​ទៀត រួមមាន​បញ្ហា​ស៊ីរី និង​អ៊ីរ៉ង់។ ក្នុង​នោះ លោក ពូទីន ថា "យើង​ចាំបាច់​ពន្លឿន​កិច្ចខិតខំ​មនុស្សធម៌​នានា​របស់​យើង"។ លោក​ថា គោលដៅ​សំខាន់​មួយ គឺ​ដើម្បី​ឲ្យ​ជនភៀសខ្លួន​ត្រឡប់​ទៅ​លំនៅឋាន​របស់​ពួកគេ​វិញ។

ចំណែក​លោកស្រី Merkel បាន​លើកឡើង​ថា លោកស្រី​ចង់ឃើញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវ​បាន​រក្សា​ដដែល។ លោកស្រី​ថា "យើង​ក៏​ព្រួយបារម្ភ​ផង​ដែរ​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់"៕

គម្រោង​សាងសង់​បំពង់​បញ្ជូន​ឧស្ម័ន ពី​រុស្ស៊ី​មក​ផ្គត់ផ្គង់​ឲ្យ​អាល្លឺម៉ង់ Nord Stream 2 Project

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;