កម្ពុជា-ចិន ដាក់ទុន​រួមគ្នា​ដាំចេក​អំបូង​លឿង​ នៅខេត្ត​កំពត

  • 2018-08-22 09:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​វិនិយោគ​ខ្មែរ និង​ចិន បាន​បោះទុន​រួមគ្នា​ប្រមាណ ៣២លាន​ដុល្លារ សម្រាប់​ការ​វិនិយោគ​លើការ​ដាំចេក​អំបូង​លឿង​ពិសេស លើ​ផ្ទៃដី ១ពាន់​ហិកតា ស្ថិតក្នុង​ស្រុកឈូក ខេត្ត​កំពត។ ការដាំ​ដំណាំ​នេះ គឺ​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ម្ចាស់​ភាគហ៊ុន​ខ្មែរ ដែលមាន​ឱកញ៉ា​ជាអ្នក​ជំនួញ​ល្បីៗ​ចំនួន​៥រូប​ នៅ​ពីក្រោយ​នៃការ​វិនិយោគ​នេះ និង​ភាគី​ចិន​ដែល​ជាអ្នក​ជំនួញ​ល្បីៗ និង​ជា​អ្នក​ជំនាញ​ស្រាវជ្រាវ​ដំណាំចេក​ បាន​សម្រេច​អនុម័ត​បង្កើត​ឈ្មោះ​ក្រុមហ៊ុនថ្មី​ថា Longmate Agriculture។ ក្នុងនោះ​លោក ឧកញ៉ា ផែ ហុកឈួន ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​នេះ។

ថ្នាក់ដឹកនាំក្រុមហ៊ុន កំពុង​ដាំចេកអំបូងលឿង នៅកសិដ្ឋានក្នុងស្រុកឈូក ខេត្តកំពត។ រូបថត៖ រស្មីកម្ពុជា
ក្នុង​ពិធី​ក្រុង​ពាលី និង​ដំណើរការ​ដំណក់​ទឹក​ដំបូងនៅ​កសិដ្ឋាន​ចំការ​ចេក ​កាលពី​កន្លង​ថ្មីៗ​នេះ លោក​ឧកញ៉ា ផែ ហុកឈួន បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​បោះទុន​វិនិយោគ​រួមគ្នា​នេះ ដោយសារតែ​លោក​បាន​ជឿជាក់​យ៉ាងខ្លាំង​ទៅលើ​ដៃគូដែលមាន​បទពិសោធន៍​ខ្ពស់​ទៅលើ​ការស្រាវជ្រាវ និង​ការ​ដាំចេក​នេះ​។ ​ជាងនេះ​ទៅទៀត ដោយសារតែ​កម្ពុ​ជា មាន​អាកាសធាតុ​ល្អ គួបផ្សំ​ជាមួយ​ទឹកដី​ល្អ​នៅ​ស្រុក​ឈូក​ គឺ​សមស្រប​ទៅនឹង​ដំណាំ​ចេក​នេះ​ណាស់។

លោក​​អះអាង​ថា លោក​នឹងធ្វើ​ឲ្យ​កសិដ្ឋាន​ចេក​ដ៏​ធំ​ដំបូង​គេ​នៅ​កម្ពុជា​នេះ ក្លាយជា​កសិដ្ឋាន​គំរូ​មួយ​នៅក្នុង​តំបន់​អាស៊ី​ ដោយ​ផ្អែក​ទៅលើ​ម្ចាស់​ភាគហ៊ុន និង​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន​គឺ​សុទ្ធសឹង​ជា​អ្នកជំនាញ​ប​ចេ្ច​ក​ទេស​ខ្ពស់​ក្នុង​ការដាំដុះ​ដំណាំ​ចេក​ច្បាស់លាស់ និង​មាន​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​យូរអង្វែង​ប្រកបដោយ​ប្រសិទ្ធិភាព​សម្រាប់​ក្រុមហ៊ុន​និង​ទីផ្សារ​។

​ដោយឡែក លោក​សាស្ត្រាចារ្យ លី ស៊ា​វ ឈាន ដែលជា​ម្ចាស់​ភាគហ៊ុន​ភាគី​ចិន និង​ជានា​យក​គ្រប់គ្រង​កសិដ្ឋាន​ចេក​របស់​ក្រុមហ៊ុន​នេះ បាន​និយាយថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​មក​បោះ​ទីតាំង​វិនិយោគ​ដាំចេក​នៅ​កម្ពុជា​នេះ​ ដោយសារ​ប្រទេស​ចិន​មានការ​កាត់បន្ថយ​ដាំចេក​ពីព្រោះ​តែ​ចេក​មាន​រោគ​ស្លឹក​លឿង​ច្រើន ខណៈដែល​ចេក​មាន​តម្រូវការ​កើនឡើង​ខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

លោក​បន្ត​ថា ​ប្រទេស​កម្ពុ​ជា​ មាន​អាកាសធាតុ​ល្អ ក្តៅ​ហើយ​សើម​មិន​ត្រជាក់​ខ្លាំង ដី​ល្អ ពោលគឺ​កម្ពុជា មាន​ទឹកដី និង​អាកាសធាតុ​ប្រហាក់ប្រហែល​ទៅនឹង​ប្រទេស​ហ្វីលីពីន​ផងដែរ ​ដែលជា​ប្រទេស​ដាំចេក និង​នាំ​ចេក​ចេញ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក។

កម្មករ កំពុង​ដាំចេកអំបូងលឿង នៅកសិដ្ឋានក្នុងស្រុកឈូក ខេត្តកំពត។ រូបថត៖ រស្មីកម្ពុជា

សូម​រំលឹក​ថា កាលពី​ដើមខែ​សីហា​នេះ គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​សម្រេច​ចេញ វិញ្ញាបនបត្រ​ចុះ​បញ្ជីជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន Longmate Agriculuture លើ​គម្រោង "បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក និង​វេចខ្ចប់​កសិផល​នាំចេញ"។ គម្រោង​វិនិយោគ​នេះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដុំផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ដែល​អាច​បង្កើត​ការងារ​បាន ៥៧២​កន្លែង៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;