សង្គមស៊ីវិល ស្នើសុំក្រសួង អនុញ្ញាតឱ្យបេក្ខជនបាក់ឌុបដែលបាត់ឈ្មោះម្នាក់ ប្រឡងលើកទី២
- 2018-08-26 02:43:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គមស៊ីវិល ស្នើសុំក្រសួង អនុញ្ញាតឱ្យបេក្ខជនបាក់ឌុបដែលបាត់ឈ្មោះម្នាក់ ប្រឡងលើកទី២
ចន្លោះមិនឃើញ
មន្ត្រីសង្គមស៊ីវិល ស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងលើកទី២ ដល់បេក្ខជនម្នាក់ ដែលបានបាត់ឈ្មោះពីបញ្ជីសិស្សប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិឆ្នាំ២០១៨ (បាក់ឌុប) ដោយសារកំហុសរបស់មន្ត្រីអប់រំខេត្តកំពង់ធំ។
ប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង និយាយថា បញ្ហានេះ ជាកំហុសរដ្ឋបាលរបស់មន្រ្តីក្រសួងអប់រំ។ លោកថា ដូច្នេះក្រសួងត្រូវទទួលខុសត្រូវលើបញ្ហានេះ។ លោកបន្តថា រឿងនេះមិនមែនជារឿងលេងសើចទេ គឺជារឿងអនាគតរបស់បេក្ខជន។
ចំណែកទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា បើទោះជាក្រសួងគ្មានគោលការណ៍ឱ្យប្រឡងឡើងវិញក្តី ប៉ុន្តែលោកថា ក្រសួងអប់រំត្រូវមានការទទួលខុសត្រូវរបស់ខ្លួនបញ្ហាកំហុសឆ្គងរបស់ខ្លួន។
លោក រ៉ុង ឈុន ក៏មានការឯកភាពឱ្យក្រសួងរៀបចំវិញ្ញាសាថ្មី ដើម្បីបេក្ខជនដែលបាត់ឈ្មោះនោះអាចបានប្រឡងលើកទី២ ឡើងវិញ។ លោកថា ការរង់ចាំរយៈពេលមួយឆ្នាំមិនមែនរយៈពេលខ្លីទេ សម្រាប់បេក្ខជនគ្មានកំហុស។
ការលើកឡើងរបស់សង្គមស៊ីវិលបែបនេះ គឺក្រោយពេលមន្រ្តីមន្ទីរអប់រំខេត្តកំពង់ធំ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មិនមានការប្រឡងលើកទី២ ដល់បេក្ខជនម្នាក់ ដែលបាត់ឈ្មោះពីបញ្ជីឈ្មោះប្រឡងបាក់ឌុបនោះទេ។
ដោយឡែកទូរទស្សន៍ BTV បានចុះផ្សាយដោយដកស្រង់សម្ដីមន្រ្តីមន្ទីរអប់រំខេត្តកំពង់ធំថា ក្រសួងមិនអាចរៀបចំឲ្យមានការប្រឡងឡើងវិញបានទេ ព្រោះខុសទៅនឹងលក្ខណៈបច្ចេកទេសរបស់ក្រសួងអប់រំ។ មន្រ្តីក្រសួងអប់រំ តម្រូវឲ្យបេក្ខជនប្រឡងវិញ នៅឆ្នាំក្រោយម្តងទៀត ប៉ុន្តែក្រសួងសម្របសម្រួលដល់បេក្ខជន ដោយផ្តល់សម្ភារៈសិក្សា ការបង់ថ្លៃរៀនគួរពេញមួយឆ្នាំ និងមានការផ្តល់អារូបករណ៍ដល់បេក្ខជនរូបនេះ នៅពេលប្រឡងបាក់ឌុបជាប់នៅឆ្នាំក្រោយ។
សូមរំលឹកថា កាលពីឆ្នាំ២០១៤ ដែលជាឆ្នាំដំបូងនៃយុទ្ធនាការរឹតបន្តឹងការប្រឡង ក្រសួងអប់រំ ធ្លាប់រៀបចំការប្រឡងបាក់ឌុបឡើងវិញ ជាលើកទីពីរដែរ ក៏ប៉ុន្តែពេលនោះ គឺធ្វើឡើងដោយសារតែមានសិស្សប្រឡងធ្លាក់ច្រើនពេក៕