អ្នកជំនាញ បង្ហាញ​សក្តានុពល​នៃ​វិស័យ​អចលនវត្ថុ​កម្ពុជា ក្នុង​ពិព័រណ៍​​អាស៊ាន

  • 2018-08-26 03:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នៃ​កម្មវិធី​ស​និ្ន​បាត​និង​ពិព័រណ៍​អចលនវត្ថុ​សមាគម​ភ្នាក់ងារ​អចលនវត្ថុ​អាស៊ាន (ARENA) ឆ្នាំ​២០១៨ ដោយមាន​បណ្ដា​ប្រទេស​ជាច្រើន​បាន​ចូលរួម មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​២៤​ដល់​២៦​ខែសីហា​ឆ្នាំ​២០១៨​។ ស​និ្ន​បាត​និង​ពិព័រណ៍​អចលនវត្ថុ​នេះ​ ​ត្រូវ​បាន​អ្នក​ជំនាញ​មើលឃើញ​ថា ជា​កម្មវិធី​ដ៏​ធំ​មួយ​ ក្នុងការ​បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុជា​និង​បណ្តា​ប្រទេស​នីមួយៗ លើ​វិស័យ​ដីធ្លី​និង​អចលនវត្ថុ​។

​​លោក​ឧកញ៉ា​ លី ​ហួរ​ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​លំនៅឋាន បាន​ថ្លែង​ក្នុង​ស​និ្ន​បាត​និង​ពិព័រណ៍​នេះ​ថា ​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ​និង​មាន​ទីផ្សារសេរី​ ព្រមទាំង​មានការ​អភិវឌ្ឍ​ឥតឈប់ឈរ​លើ​វិស័យ​អចលនវត្ថុ​។

​លោក​ឧកញ៉ា​ បាន​បន្ដ​ទៀត​ថា ​សំណង់​អាគារ​ខ្ពស់ៗ​ព្រោងព្រាត​ជាមួយនឹង​ការរីក​ចម្រើន​នេះ​ បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេសមួយ​ដែលមាន​អ្នកវិនិយោគ​បរទេស មក​វិនិយោគ​ជា​ហូរហែរ​។​ លោកថា មាន​ប្រទេស​ចំនួន​៥ ដែល​បាននឹងកំពុង​ធ្វើការ​វិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ច្រើនជាងគេ រួមមាន ចិន កូរ៉េ ជប៉ុន សិង្ហបុរី និង​ថៃ​។

​ លោក​បញ្ជាក់​បន្ថែមថា ការ​សម្រុក​ចូលមក​វិនិយោគ​នេះ ​គឺ​ដោយសារ​តែកម្ពុជា​ជា​ប្រទេស មាន​ចក្ខុវិស័យ​ត្រឹមត្រូវ​ ជា​ប្រទេស​ផ្ដល់​ទំនុកចិត្ត​ដ៏​កក់ក្ដៅ ក្នុងការ​ដាក់ទុន​វិនិយោគ​ និង​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរភាព​ ៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ។ ក្រៅពីនេះ គឺ​ការវិនិយោគ​មាន​លក្ខណៈ​ប្រកួតប្រជែង​,​មាន​ភ្នាក់ងារ​លើ​កម្ពស់​ក្នុងការ​វិនិយោគ​ដោយ​ផ្ដល់​សេវា​ច្រកចេញចូល​តែ​១,​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​,​មាន​ប្រភពធនធាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​និង​ទីតាំង​ភូមិសាស្ដ្រ​អំណោយផល​ល្អជា​ដើម​។​

សំណង់អគារក្នុងរាជធានីភ្នំពេញ
​ ចំណែក លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ឱ្យដឹង​ថា កម្មវិធី​នេះ​បាន​ជួយ​ជំរុញ​ផ្សព្វផ្សាយ បង្ហាញ​ពី​ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​ទៅ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ រួមទាំង​ប្រទេស​លើ​ពិភពលោកផងដែរ។ លោក​ថា កម្មវិធី​នេះ​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ពី​បណ្ដា​ប្រទេស​ជាច្រើន​បន្ថែមទៀត ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ក្រៅពី​ប្រទេស​ទាំង​៥ ដែល​កំពុង​វិនិយោគ​នាបច្ចុប្បន្ន​នេះ។

​ ជាមួយគ្នា​នោះ​ដែរ លោក​បណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៃ​កម្មវិធី​នេះ​ថា កម្មវិធី​ស​និ្ន​បាត និង​ពិព័រណ៍​អចលនវត្ថុ​សមាគម​ភ្នាក់ងារ​អចលនវត្ថុ​អាស៊ាន​នេះ ​បាន​ផ្សព្វផ្សាយ​ការ​ពី​ការអភិវឌ្ឍផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុ​ជាដ​ល់​តំបន់​អាស៊ាន​។​ លោកថា កម្មវិធីនេះ បាន​ជួយ​ចែករំលែក​បទពិសោធ​រវាង​អ្នកវិនិយោគ​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​បាន​ស្គាល់គ្នា​ទៅវិញទៅមក​ដើម្បី​បង្កើត​ទំនាក់ទំនង​និង​ផ្ដល់​ងាយស្រួល​ក្នុង​ការទិញ​អចលនវត្ថុ នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​។​

​ លោក​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់​ថា យោងតាម​របាយការណ៍ របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹង​ថា ក្នុង​ខែធ្នូ ឆ្នាំ​២០១៧​ ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​មាន​ ៣០៥២​គម្រោង នៅលើ​ផ្ទៃដី​ ១១​លាន​ម៉ែត្រការ៉េ ​ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ការវិនិយោគ​​ជាង​៦​ពាន់​លាន​ដុល្លារ។ បើ​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៨ សរុប​មាន​១ ៦៤៣​គម្រោង នៅលើ​ផ្ទៃដី​ជាង​៥​លាន​ម៉ែត្រ​ការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ ២​ពាន់​លាន​ដុល្លារ​ ​នៃ​ការ​វិយោគ​អចលនវត្ថុ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;