អង្គការ​របស់ អាគីរ៉ា ត្រូវ​បាន​បិទ ក្រោយ​រងការ​ចោទ​ថា រក្សា​ទុក​អាវុធ​ខុសច្បាប់

  • 2018-09-02 02:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​បិទ​អង្គការ​មួយ​ឈ្មោះ "សារមន្ទីរ​គ្រាប់មីន" ជា​បណ្ដោះ​អាសន្ន ក្រោយ​ពេល​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ថ្នាក់ដឹកនាំ​អង្គការ​នេះ ចំនួន​៣​រូប ក្រោម​បទ​ថា បាន​រក្សាទុក​អាវុធ​ខុសច្បាប់។

ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ទិត្យ ណារ៉ុង បាន​ប្រាប់​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​១ កញ្ញា ថា ករណី​សំណុំ​រឿង​ឃាត់ខ្លួន​ប្រធាន​អង្គការ​សារមន្ទីរ​គ្រាប់មីន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ របស់​សាលា​ដំបូង​ខេត្ត​សៀមរាប ពោល​គឺ​ផុត​ដែន​កំណត់​របស់​សមត្ថកិច្ច​ហើយ។ លោក​ថា អង្គការ​នេះ​ទុក​អាវុធ​ដែល​សល់​តាំងពី​សម័យ​សង្គ្រាម​យូរ​មកហើយ ដោយ​មិន​បាន​ប្រាប់ទៅ​អាជ្ញាធរ​កម្ចាត់​មីន។

ប្រធាន​អង្គការ​សារមន្ទីរ​គ្រាប់មីន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ គឺ​លោក អឿន យក្ស ហៅ អាគីរ៉ា ​ជា​អ្នក​ជំនាញ​ខាង​ដោះ​មីន លំដាប់​ពិភពលោក និង​ត្រូវ​បាន​កម្មវិធី​ទូរទស្សន៍​អន្តរជាតិ​មួយ គឺ​ស៊ីអិនអិន (CNN) កាលពី​ឆ្នាំ​២០១០ ផ្ដល់​កិត្តិយស​ជា​វីរបុរស​របស់​ពិភពលោក ក្នុង​សកម្មភាព​ដោះ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ។ លោក អាគីរ៉ា និង​អនុប្រធាន​អង្គការ រួម​ទាំង​នាយក​ប្រតិបត្តិ​អង្គការ​ម្នាក់ទៀត ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​២៨ សីហា។

លោក អាគីរ៉ា រុករក​គ្រាប់​មីន​សល់​ពី​សម័យ​សង្គ្រាម នៅ​ក្នុង​ភូមិ​ម្កាក់ ឃុំ​ធ្លក​លើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប បន្ទាប់​ពី​លោក​បាន​បង្កើត​អង្គការ​មួយ ឈ្មោះ​អង្គការ​ដោះ​មីន​កម្ពុជា។
ក្នុង​របាយការណ៍​របស់​នគរបាល​ខេត្ត​សៀមរាប បង្ហាញ​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ម៉ោង ១២៖៣០ នាទី​ថ្ងៃត្រង់ មាន​ករណី​អគ្គីភ័យ​ឆេះ នៅ​អង្គការ​សារមន្ទីរ​គ្រាប់មីន ស្ថិតនៅ​ភូមិ​ខ្នា ឃុំ​ខ្នាសណ្តាយ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។ បន្ទាប់​មក​កម្លាំង​នគរបាល​ស្រុក​បន្ទាយស្រី បាន​ជួយ​ពន្លត់ នៅ​ម៉ោង ២​រសៀល។

របាយការណ៍​បន្ត​ថា ក្រោយពេល​ពន្លត់​បាន ​កម្លាំង​ជំនាញ ផ្នែក​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​ខេត្ត​សៀមរាប បាន​ត្រួត​ពិនិត្យ​ឃើញ​មាន​គ្រឿងផ្ទុះ និង​មិន​ហ៊ាន​ប៉ះពាល់​ទេ ដោយ​រង់ចាំ​អ្នក​ជំនាញ​ខាង​ដោះ​មីន មក​ពី​មជ្ឈមណ្ឌល​ដោះ​មីន ស៊ីម៉ាក់​ (CMAC) មក​ធ្វើការ​ពិនិត្យ​បន្ថែម។ របាយការណ៍​ប៉ូលិស​បន្ដ​ថា ដោយមាន​សភាពការណ៍​មិន​ស្រួល មន្ត្រី​ស៊ី​ម៉ាក់ ក៏​មិន​ហ៊ាន​ចូល​ទៅ​ដោះ​ដែរ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា កម្លាំង​ជំនាញ​ដោះ​មីន ស៊ីម៉ាក់ បាន​ចុះ​ត្រួតពិនិត្យ នឹង​ប្រមូល​យក​គ្រឿងផ្ទុះ មាន​ដូចជា គ្រាប់បែកដៃ ចំនួន​៩ គ្រាប់ មីន​ប្រភេទ​៧២A ចំនួន​១៥​គ្រាប់ គ្រាប់កាំភ្លើង​ខ្លី​ចំនួន ៣២៥​គ្រាប់ ដង​គ្រាប់​បេ​ចំនួន​១ ម្ជុល​ភ្លើង​មីន​ចំនួន​៥​ដើម គ្រាប់កាំភ្លើង​ដៃ​ចំនួន​១០​គីឡូ កាំភ្លើង​ស្វ័យប្រវត្តិ​ឆេះ​ខូច​ចំនួន​៦​ដើម សំបក​មីនតោន​ចំនួន​២​កេះ​ឈើ ខ្សែ​ឆេះ​ផ្ទុះ​ចំនួន​១ កេះ​ឈើ​ដាក់​គ្រាប់បែក​ចំនួន​១ កេះ​ដែក​ដាក់​ខ្សែ​ឆេះ​យឺត​ចំនួន​១​កេស និង​អាវុធ​ជាតិផ្ទុះ​ជាច្រើន​ទៀត។

របាយការណ៍​ដដែល​បន្ត​ថា ក្រោយ​ពេល​ប្រមូល​យក​បាន​គ្រឿងផ្ទុះ​ទាំងអស់​នោះ​បាន​អស់ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​នាំ​ខ្លួន​បុគ្គលិក​នៅ​កន្លែង​ឆេះ​ទាំងអស់ យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី។ បន្ទាប់មក កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​សៀមរាប បាន​សម្រេច​នាំ​ខ្លួន​ថ្នាក់ដឹកនាំ​អង្គការ​ចំនួន​៣​នាក់ គឺ លោក អាគីរ៉ា ជា​ប្រធាន​អង្គការ លោក អឿន យ៉ុន ជា​អនុប្រធាន​អង្គការ និង​លោក ហ៊ាញ សុគន្ធា ជា​ប្រធាន​ប្រតិបត្តិ​អង្គការ ទៅ​សួរនាំ​បន្ត​នៅ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ទាំង​យប់។

របាយការណ៍​ប៉ូលិស បន្ដ​ថា ព្រះរាជអាជ្ញា​បាន​សម្រេច​ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​សកម្មភាព​ការងារ របស់​អង្គការ​សារមន្ទីរ​គ្រាប់មីន ដោយ​រង​ចាំ​បន្ត​នីតិ​វិធី​តុលាការ​បន្ត។ កម្លាំង​នគរបាល​ក៏បាន​រក​ឃើញ​ក្មេងៗ​នៅ​ក្នុង​អង្គការ​ចំនួន​១៧​នាក់ ស្រី​៧​នាក់ ហើយ​បាន​អះអាង​ថា មន្ទីរ​សង្គមកិច្ច​ខេត្ត​បាន​យក​ទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព។

បើតាម​របាយការណ៍​ប៉ូលិស​ដដែល លោក អាគីរ៉ា បាន​រៀបរាប់​ថា គ្រាប់កាំភ្លើង និង​គ្រាប់បែក​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ ជា​របស់​របស់​ឪពុកមា​របស់​លោក ដែល​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ​យក​មក​ទុក​នៅ​ក្នុង​អង្គការ​របស់​លោក ប៉ុន្ដែ លោក​មិន​បាន​ដឹង​ទេ ទើបតែ​រយៈពេល​បី​ខែ​មុន ខ្លួន​បាន​ឃើញ តែ​មិន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទេ។ នៅ​ក្រោយ​ការសាកសួរ​សមត្ថកិច្ច​បាន​បញ្ជូន​ថ្នាក់ដឹកនាំ​អង្គការ​សារមន្ទីរ​គ្រាប់មីន​៣​នាក់ ទៅ​សាលាដំបូង​ខេត្ត ហើយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​សៀមរាប សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​សីហា៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;