សត្វត្មាតនៅកម្ពុជា កំពុងប្រឈមនឹងការផុតពូជ
- 2018-09-02 03:42:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វត្មាតនៅកម្ពុជា កំពុងប្រឈមនឹងការផុតពូជ
ចន្លោះមិនឃើញ
សត្វត្មាតនៅប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យឈានទៅរកការផុតពូជ ខណៈលទ្ធផលនៃការអង្កេតតាមដានបង្ហាញថា ចំនួនសត្វត្មាតបានធ្លាក់ចុះដល់៥០% បើគិតពីឆ្នាំ២០០០មក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF Cambodia) ចុះថ្ងៃទី១ ខែកញ្ញា។
ការធ្លាក់ចុះនេះ ត្រូវបានកត់សម្គាល់ជាពិសេសនៅតាមព្រៃឈើ ក្នុងតំបន់ការពារទេសភាពភាគខាងកើត ដែលជាទីតាំងកាលពីអតីត មានចំនួនសត្វត្មាតយ៉ាងតិចក៏៣០ក្បាលដែរ រាល់ពេលរាប់ម្តងៗ ខណៈដែលបច្ចុប្បន្ន កំណត់ត្រាខ្ពស់បំផុត ស្ទើរតែមិនដល់១០ក្បាលផង។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជា របស់អង្គការជីវិតសត្វស្លាបអន្តរជាតិបាននិយាយថា លទ្ធផលនៃការធ្វើជំរឿនសត្វត្មាតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ បានបង្ហាញនូវសំណៅគួរឱ្យព្រួយបារម្ភ ដោយសារជំរឿនសត្វត្មាតពីរឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០១៧ និង២០១៨ យើងកត់ត្រាឃើញថា សត្វត្មាតមានចំនួនតិចជាង១៣០ក្បាល ។
យ៉ាងណាមិញ លទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសឆ្នាំ២០១៨ បានរកឃើញថា សត្វត្មាតមានតែ១២១ក្បាលប៉ុណ្ណោះ ដែលជាតួលេខទាបបំផុតក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ២០០៣មក ។ ជាមួយគ្នានេះ ការសិក្សាក៏បានរកឃើញផងដែរថា ការបំពុល គឺជាកត្តាគំរាមកំហែងចម្បងដល់ចំនួនសត្វត្មាតនៅកម្ពុជា ។
លោក Simon Mahood បន្តថា ក្រៅពីរងការបំពុល សត្វត្មាតនៅកម្ពុជា ក៏កំពុងរងគ្រោះដោយសារការបាត់បង់ទីជម្រក និងកង្វះខាតចំណី ដែលបណ្តាលមកពីការធ្លាក់ចុះនៃចំនួនសត្វព្រៃក្រចកជើងពីរ និងពាហនៈចិញ្ចឹមក្នុងស្រុក ។ ការកើនឡើងនៃការបាត់បង់ព្រៃឈើ និងការផ្លាស់ប្តូរដីព្រៃតាមរយៈដីសម្បទានសេដ្ឋកិច្ច និងការកាប់ឆ្ការដីព្រៃ បានធ្វើឱ្យបាត់បង់ទីជម្រកសម្រាប់ពងកូន ជាពិសេស ការកើនយ៉ាងខ្លាំងនូវការដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃសម្រាប់យកសាច់ ដែលជាមូលហេតុធ្វើឱ្យចំនួនប្រភេទសត្វជាចំណីរបស់សត្វត្មាត បានបន្តថយចុះយ៉ាងខ្លាំង ។ ការថយចុះសត្វពាហនៈស្រុក ក៏ជាចំណែកនាំឱ្យចំណីអាហារសម្រាប់សត្វត្មាត កាន់តែខ្សត់ទៅ នៅតាមតំបន់នានាដែលមានវត្តមានរបស់ពួកវា ។
ចំណែកលោក សេង ទៀក ប្រធានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិកម្ពុជា (WWF) បានថ្លែងថា ព័ត៌មានគួរឱ្យព្រួយបារម្ភថែមទៀត សម្រាប់ការអភិរក្សសត្វត្មាតនៅកម្ពុជា ក្នុងឆ្នាំនេះគឺថា ថ្នាំ Diclofenac ដែលជាប្រភេទថ្នាំព្យាបាលគោ ក្របី ឥឡូវនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ ។ នៅប្រទេសឥណ្ឌា ការប្រើប្រាស់ថ្នាំប្រភេទនេះ បានធ្វើឱ្យចំនួនសត្វត្មាតធ្លាក់ចុះជាង៩០ភាគរយ ។
គួរបញ្ជាក់ថា តំបន់ភាគខាងជើងនៃប្រទេសកម្ពុជា គឺជាកន្លែងតែមួយគត់ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនសត្វត្មាតច្រើនបំផុត ដែលភ្ញៀវទេសចរអាចទស្សនាគម្រោងអាហារដ្ឋានសម្រាប់សត្វត្មាត ស្ថិតនៅក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប។
សត្វត្មាត គឺជាប្រភេទសត្វស្លាបដ៏កម្រ និងមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាព នៃប្រព័ន្ធអេកូឡូស៊ី ពិសេសក្នុងការសម្អាតបរិស្ថាន ។ ត្មាតមិនសម្លាប់សត្វធ្វើជាអាហារទេ ពួកវាបរិភោគសាកសពស្អុយរលួយ ដែលងាប់ក្នុងព្រៃ និងក្បែរសហគមន៍ ដែលអាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺនិងមេរោគ ថែមទាំងជួយបង្កើនជីវភាពសហគមន៍តាមរយៈអេកូទេសចរណ៍ ។
សត្វត្មាតដែលមានវត្តមានក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានចំនួន៣ប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ។ ប្រភេទសត្វត្មាតទាំងនេះ ត្រូវបានដាក់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោក អាស្រ័យចំនួនរបស់ពួកវា ដែលមានក្នុងពិភពលោកបានធ្លាក់ចុះយ៉ាងលឿនបំផុត៕