អ្នក​ត្បាញ​អង្រឹង​ នៅ​ស្រុក​សំរោង ​ជួប​ការ​លំបាក​អ្វីខ្លះ ទម្រាំបាន​មួយៗ?

  • 2018-09-09 06:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រៅពី​ការងារ​ធ្វើ​ស្រែចម្ការ អ្នកស្រុកសំរោង មិនទុក​ពេល​ទំនេរ​នោះទេ បាន​​យក​​ក្រណាត់​សល់​ពី​ការ​ផលិត​ របស់​​​រោងចក្រ​មក​ច្នៃ​ជា​អង្រឹង ហើយ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង។ តើ​ប្រភព​ក្រណាត់​ទាំង​នេះ​ យក​នៅ​ឯ​ណា? ដើម្បី​បញ្ជាក់​ច្បាស់​រឿង​នេះ ក្រុម​ការងារ​​ផ្លូវ​ទៅស្រុក​ បាន​ជួប​សម្ភាសន៍​ អ្នក​ផលិត​អង្រឹង​ក្រណាត់ ដូច​ខាង​ក្រោម៖

១. អ្នកស្រី ហ៊ល សុខឃីម អ្នក​ផលិត​អង្រឹង​ក្រណាត់ នៅ​ភូមិ​វាយ​ឈ្នះ ឃុំ​រវាង ស្រុកសំរោង ខេត្ត​តាកែវ។ ដោយ​ចេះ​ត​ពី​ម្តាយ និង​ចាស់ៗ​ក្នុង​ភូមិ អ្នកស្រី បាន​ចាប់ផ្ដើម​ត្បាញ​អង្រឹង​ក្រណាត់​នេះ​លក់ តាំង​ពី​ឆ្នាំ ២០០៣ មក​ម៉្លេះ។

២. ចំនៀរ​ក្រណាត់​ដែល​សល់​ពី​ការផលិត​សម្លៀក​បំពាក់​នៅ​រោងចក្រ​កាត់​ដេរ គឺ​ជា​វត្ថុ​ធាតុ​ដើម​សម្រាប់​យក​មក​ត្បាញ​អង្រឹង។ ប៉ុន្តែ​ដើម្បី​បាន​វា​មក អ្នកស្រី ហ៊ល សុខ​ឃីម ត្រូវ​ឡើង​ទៅ​ភ្នំពេញ ដើម្បី​ទិញ​វា​។ ចំនៀរ​ក្រណាត់​មួយ​គីឡូ​ក្រាម មាន​តម្លៃ​ពី ១ ៥០០រៀល ទៅ ២ ០០០រៀល អាស្រ័យ​លើ​គុណ​ភាព​របស់​វា​។

៣.ការ​ត្បាញ​អង្រឹង​ក្រណាត់ ជា​ការងារ​ស្រាល​នៅ​ក្នុង​ផ្ទះ​ និង​គ្មាន​កំណត់​ម៉ោង​ពេល​ជាក់​លាក់​ទេ​។ ប៉ុន្តែ​ដើម្បី​ឱ្យ​ឆាប់​ហើយ ជា​ធម្មតា អ្នកស្រី ហ៊ល សុខឃីម តែង​ងើប​ត្បាញ​អង្រឹង តាំងពី​ម៉ោង៤​ទៀប​ភ្លឺ រហូត​ម៉ោង​៧ព្រឹក​។ ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក ធ្វើ​ការងារ​ផ្ទះ​ផ្សេងៗ​ ដណ្ដាំ​ស្ល ទទួល​ទាន​អាហារ​រួច​ហើយ អ្នកស្រី​បន្ត​ត្បាញ​អង្រឹង​ទៀត​។ ក្នុង​មួយ​ថ្ងៃ អ្នកស្រី ហ៊ល សុខឃីម អាច​ត្បាញ​អង្រឹង​បាន​មួយ​កន្លះ តែ​ប៉ុណ្ណោះ​។

៤. ថ្ងៃ​ខ្លះ ម្ដាយ​របស់​អ្នកស្រី ហ៊ល សុខឃីម ក៏​មក​ជួយ​ត្បាញ​អង្រឹង​ដែរ​ ពិសេស​ពេល​មាន​គេ​បញ្ជា​ទិញ​ច្រើន និង ប្រញាប់​យក​។

៥. កាល​អ្នកស្រី ហ៊ល សុខឃីម ត្បាញ​តំបូង អង្រឹង១​មាន​តម្លៃ​ត្រឹម ៥ ០០០​រៀល​ប៉ុណ្ណោះ។ ប៉ុន្តែ​ឥឡូវ អង្រឹង​ក្រណាត់​នេះ លក់​បាន​តម្លៃ​ពី ១៥ ០០០​រៀល ទៅ ៣ម៉ឺនរៀល អាស្រ័យ​លើ​គុណ​ភាព​របស់​វា៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;