ប្រវត្តិ​ត្រួសៗ​របស់​លោក​វេជ្ជ​បណ្ឌិត Beat Richner និង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា

  • 2018-09-10 09:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជីវ​ប្រវត្តិ​របស់លោក Beat Richner

លោក​វេជ្ជបណ្ឌិត Beat Richner កើត​នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ នៅ​ទីក្រុង​ហ្សួរិច ប្រទេស​ស្វីស ។ លោក​ទទួល​បាន​សញ្ញាបត្រ​វេជ្ជសាស្រ្ត​នៅឆ្នាំ១៩៧៣ និង​បានបំពេញ​ការងារជា​វេជ្ជបណ្ឌិតឯកទេស​ថែទាំកុមារ នៅមន្ទីរពេទ្យ Zurich Children’s Hospital ។ 

ការ​កកើត​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ 

ក្នុង​អំឡុង​ឆ្នាំ១៩៧៤-១៩៧៥ លោក​ត្រូវបាន​បញ្ជូន​មកកាន់កម្ពុជា ក្នុង​បេសក​កម្មកាក​បាទ​ក្រហម​ស្វីស ឱ្យ​បម្រើការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ក្រុង​ភ្នំពេញ ។ លោកត្​រូវបាន​បង្ខំចិត្តវិល​ត្រឡប់​ទៅស្វីស​វិញ នៅមុន​ការកាន់​កាប់អំណាច​របស់ក្រុម​ខ្មែរ​ក្រហម។

នៅខែធ្នូ ឆ្នាំ១៩៩១ លោកត្រូវបានរដ្ឋាភិបាលកម្ពុជា ស្នើសុំឱ្យជួយ​ជួសជុល​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម ។ សំណើនេះ​ត្រូវបានលោក​ទទួល​យក ហើយ​នៅឆ្នាំ​១៩៩២ លោក​បានបង្កើតមូល​និធិ​គន្ធបុប្ផា ដែលមាន​មូលដ្ឋាន​នៅទីក្រុងហ្សួរិច ប្រទេស​ស្វីស និង​ចាប់ផ្តើម​ជួស​ជុល ដាក់​ឱ្យ​ដំណើរ​ការមន្ទីរ​ពេទ្យគន្ធបុប្ផា ឡើងវិញ ។

សាខា​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​កម្ពុជា

មន្ទីរ​ពេទ្យគន្ធ​បុប្ផា មានចំនួន​៥សាខា​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោក​វេជ្ជបណ្ឌិត Beat Richner ដើម្បីព្យាបាល​អ្នកជំងឺ​ដោយ​ពុំគិត​កម្រៃ ។ សាខា​គន្ធបុប្ផា​ទី១ និងទី២ ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ និងទី៣ នៅមន្ទីរ​ពេទ្យ ព្រះ​បាទជ័យ​វរ្ម័នទី៧ ខេត្តសៀមរាប ។ សាខា​គន្ធបុប្ផា​ទី៤ ត្រូវ​បានបើក​ដំណើរការ​នៅខែធ្នូ ឆ្នាំ២០០៥ នៅ​ភ្នំពេញ ហើយ​បានបញ្ចូល​គ្នាជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី៥ ដែល​ត្រូវបាន​ស្ថាបនា​រួចរាល់ និងបើក​ឱ្យដំណើរ​ការ នៅក្នុង​ខែធ្នូ ឆ្នាំ​២០០៧ ។

លោក ម៉ម ប៊ុនហេង ក្នុង​ពិធីគោរព​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត Beat Richner នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៨​ នេះ
**ចំណូល ​និងចំណាយ ​នៃមន្ទីរ​ពេទ្យ​គន្ធបុប្ផា**

ជាមធ្យម​ក្នុង​មួយថ្ងៃ មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​ចំណាយ​១២ម៉ឺន​ដុល្លារ ។ មួយ​ផ្នែក​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត Beat Richner បាន​សម្តែង​សិល្បៈ ដោយ​លេង​សេឡូ ដើម្បី​ប្រមូល​ថវិកា​ជួយទ្រទ្រង់មន្ទីរ​ពេទ្យ​គន្ធបុប្ផា ។

ក្រៅ​ពីនេះ ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា រដ្ឋាភិបាល​ស្វីសបាន​ផ្តល់ជំនួយ​៤លានដុល្លារ​អាមេរិក រៀង​រាល់​ឆ្នាំ និងរដ្ឋាភិបាល​កម្ពុជា​ជិត​១០លាន​ដុល្លារអាមេរិក នៅ​រៀងរាល់​ឆ្នាំ ។ ក្នុង​នោះ នៅឆ្នាំ ២០១៥ រដ្ឋាភិបាលកម្ពុជា បានបង្កើន​ថវិកាវិភាគ​ទានជា​សាច់ប្រាក់​ចំនួន ២លានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០១៦ រដ្ឋាភិបាលបាន​បង្កើន​ថវិកាវិភាគ​ទានជាសាច់​ប្រាក់រហូតដល់ ៦លានដុល្លារ ។

គិតត្រឹម​ឆ្នាំ ២០១៦ មន្ទីរ​ពេទ្យគន្ធបុប្ផា​ចំណាយ​ថវិកា​អស់ជាង ៥០០​លាន​ដុល្លារ ដើម្បី​ព្យាបាល​កុមារ ។ ក្នុងរយៈ​ពេល២៤​ឆ្នាំ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ព្យាបាល​កុមារចំនួន ១៦លាននាក់ ។ ក្នុង​នោះ ១.៦លាននាក់​ស្ថិតនៅ​ក្នុងស្ថាន​ភាពជំងឺ​ធ្ងន់ធ្ងរ ។

ក្នុង​មួយខែៗ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ភ្នំពេញ និង​នៅសៀមរាប បាន​ជួយ​ពិនិត្យ ព្យាបាល​ជំងឺដោយឥ​តគិតថ្លៃ​ដល់​ប្រជាពលរដ្ឋកម្ពុជា​ភាគច្រើនជាង​កុមារ ជាង ៨​ម៉ឺន​នាក់ ។

ការ​ប្រកាស​លាលែង​ពី​តំណែង

ក្រោយ​ធ្លាក់ខ្លួន​ឈឺធ្ងន់​ធ្ងរ លោក​វេជ្ជបណ្ឌិត Beat Richner បាន​ប្រកាស​លាលែង​ពីតំណែង ជា​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ក្នុង​អំឡុង​ឆ្នាំ២០១៧ និង​បានវិល​ត្រឡប់​ទៅកាន់ប្រទេស​កំណើត​របស់​លោក​វិញ ជាទីកន្លែងដែល​លោក​បានចំណាយ​ពេល​វេលានៃឆ្នាំ​ចុងក្រោយ ជាមួយ​ក្រុម​គ្រួសារ និងញាតិ​មិត្ត​របស់លោក ។

លោក​វេជ្ជបណ្ឌិត ធ្លាប់​ទទួលបាន​កិត្តិយស​ជា «ជន​ជាតិស្វីស​ទីមួយ​ប្រចាំ​ឆ្នាំ» និង​ក៏ប្រហែល​ជាអគ្គរដ្ឋ​ទូតមនុស្សធ​ម៌ ដ៏​ល្អលើស​គេ ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ​ ។ លោក​ត្រូវបាន​គេហៅជាទូទៅថា Dr. Beat Beatocello Richner ដោយ​សារលោក បានប្រើប្រាស់​ឧបករណ៍ សេឡូ ជាមធ្យោបាយ​ក្នុងការស្វែង​រកថវិកាជួយ​ដល់កុមារ​កម្ពុជា ។

មរណ​ភាពរ​បស់លោក Beat Richner

លោក​វេជ្ជបណ្ឌិត Beat Richner ប្រធាន​មូលនិធិ និងស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា បានទ​ទួលមរណភាពកាលពីវេលាម៉ោង២.៤៥ នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុង​អាយុ៧១​ឆ្នាំ នៅ​ប្រទេសស្វីស ក្រោយ​ធ្លាក់ខ្លួនឈឺ​ធ្ងន់ធ្ងរ អស់រយៈ​ពេល​ជាយូរ ។

មន្ទីរ​ពេទ្យ បាន​បើក​ឱកាសឱ្យ​សាធារណ​ជន​ទូទៅ ​ចូលរួម​សម្តែង​មរណទុក្ខ​ និង​សេចក្តី​នឹករលឹក​ដឹង​គុណចំពោះ លោកវេជ្ជបណ្ឌិត Beat Richner ក្នុង​ពិធីគោរព​វិញ្ញាណក្ខន្ធ​នៃសព ដែល​នឹងប្រព្រឹត្ត​ទៅ នៅមជ្ឈ​មណ្ឌល​ព័ត៌មាន​នៃមន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ (ជិត​វត្តភ្នំ) និង​នៅមន្ទីរ​ពេទ្យ​ជ័យវ​រ្ម័នទី៧ ក្នុង​ខេត្តសៀម​រាប នៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ចាប់​ពីម៉ោង៣រសៀល ដល់​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

ដោយឡែកក្រសួងសុខាភិបាល ក៏រៀបចំពិធីគោរពវិញ្ញាណក្ខន្ធសព​លោក វេជ្ជបណ្ឌិត​ Beat Richner ដើម្បីសម្តែងនូវការគោរពដល់សពផងដែរ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ​ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៨​ វេលាម៉ោង៣រសៀល ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឃុត សុខឿន​

អត្ថបទថ្មី
;