រឿងរ៉ាវសំខាន់ៗ នៃព្រឹត្តិការណ៍មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ២០០១
- 2018-09-11 01:43:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវសំខាន់ៗ នៃព្រឹត្តិការណ៍មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ២០០១
ចន្លោះមិនឃើញ
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រុមសកម្មប្រយុទ្ធ ១៩នាក់ របស់ក្រុមអាល់កៃដា បានប្រើយន្តហោះចំនួន ៤គ្រឿង ដោយមានភ្ជាប់ជាមួយគ្រាប់បែកអត្តឃាត បើកមកវាយប្រហារដល់ក្នុងទឹកដីសហរដ្ឋអាមេរិក។ ក្នុងនោះ យន្តហោះ ២គ្រឿង បានបើកទៅបុកអគារភ្លោះ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រុងញូយ៉ក។ យន្តហោះទីបី បានបើកទៅបុកនៅខាងក្រៅមន្ទីរបញ្ចកោណអាមេរិក នៅក្រុងវ៉ាស៊ីនតោន ឌី.ស៊ី ចំណែកយន្តហោះទី៤ បានធ្លាក់នៅទីវាលមួយកន្លែង នៅក្នុងរដ្ឋ Pennsylvania។ មហាភេរវកម្មលើទឹកដីប្រទេសមហាអំណាចទីមួយក្នុងពិភពលោកនេះ បានសម្លាប់មនុស្ស អស់ជិត ៣ពាន់នាក់។
តើនរណាជាមេគំនិតរៀបចំការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញានេះ?
ក្រុមសកម្មប្រយុទ្ធ ១៩នាក់ដែលវាយប្រហារក្នុងទឹកដីសហរដ្ឋអាមេរិកនេះ មានមួយចំនួនមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងមួយចំនួនទៀតមកពីក្រុមប្រទេសនៅក្នុងតំបន់អារ៉ាប់។ ក្រុមសកម្មប្រយុទ្ធទាំង ១៩នាក់នោះ បានទទួលការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដោយក្រុមអាល់កៃដា ដែលមាន អូសាម៉ា ប៊ីនឡាដិន ជាអ្នកដឹកនាំ។ ហើយ អូសាម៉ា ប៊ីនឡាដិន ត្រូវបានចោទថា បានរៀបចំវាយប្រហារអាមេរិក នៅថ្ងៃទី១១ ខែកញ្ញា ២០០១ ជាការសងសឹកនិងអាមេរិក ដែលគាំទ្រអ៊ីស្រាអែល ក្នុងសង្រ្គាមឈូងសមុទ្រពែក និងការដាក់កងទ័ពនៅតំបន់មជ្ឈិមបូព៌ា។
ក្នុងចំណោមក្រុមសកម្មប្រយុទ្ធទាំង ១៩នាក់នោះ មានមួយចំនួនបានរស់នៅសហរដ្ឋអាមេរិកជាង ១ឆ្នាំ ហើយថែមទាំងបានចូលរៀនផ្នែកបើកបរយន្តហោះនៅសហរដ្ឋអាមេរិកទៀតផង។ ចំណែកមួយចំនួនទៀត បានចូលមកសហរដ្ឋអាមេរិក ប៉ុន្មានខែប៉ុណ្ណោះមុនថ្ងៃទី១១ ខែកញ្ញា ដើម្បីរៀបចំវាយប្រហារតែម្ដង។
តើមហាភេរវកម្មនេះ បានសម្លាប់មនុស្សចំនួនប៉ុន្មាននាក់?
ជាសរុប ព្រឹត្តិការណ៍មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា បានសម្លាប់មនុស្សចំនួន ២ ៩៩៦នាក់ ដែលរួមទាំងក្រុមសកម្មប្រយុទ្ធអាល់កៃដា ចំនួន ១៩នាក់ផងដែរ។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានចំនួន ២ ៧៦៣នាក់ បានស្លាប់ក្រោយយន្តហោះ ២គ្រឿង បានបើកបុកអគារភ្លោះ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាមេរិក។ ចំណែក ១៨៩នាក់ទៀត បានស្លាប់ ក្រោយយន្តហោះទីបី បានបើកទៅបុកនៅខាងក្រៅមន្ទីរបញ្ចកោណអាមេរិក។ រីឯចំនួន ៤៤នាក់ទៀត បានស្លាប់ក្រោយយន្តហោះទី៤ បានបើកទៅធ្លាក់នៅទីវាលមួយកន្លែងនៅរដ្ឋ Pennsylvania។
តើអាមេរិក ឆ្លើយតបនឹងភេរវកម្មនេះ យ៉ាងដូចម៉េច?
ភ្លាមក្រោយការវាយប្រហារ ប្រធានាធិបតីអាមេរិក George W. Bush បានទាមទារឲ្យក្រុមតាលីបង់ប្រគល់ អូសាម៉ា ប៊ីលឡាដិន មកឲ្យសហរដ្ឋអាមេរិក។ ប៉ុន្ដែក្រុមតាលីបង់បានបដិសេធចំពោះការទាមទាររបស់អាមេរិក។
លុះចូលមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០១ កងទ័ពអាមេរិកចាប់ផ្ដើមចូលក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីវាយប្រហារក្រុមអាល់កៃដា ដែលដឹកនាំដោយ អូសាម៉ា ប៊ីលឡាដិន។ ចុងក្រោយ អូសាម៉ា ប៊ីលឡាដិន ត្រូវបានកងទ័ពអាមេរិក សម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃទី០២ ឧសភា ២០១១ គឺ ១១ឆ្នាំក្រោយការវាយប្រហារមហាភេរវកម្មដ៏កក្រើកពិភពលោកមួយនេះ៕