អាជ្ញាធរជាតិអប្សរា បង្ក្រាបសកម្មភាពមិនសមរម្យជាង៦០ករណីនៅរមណីយដ្ឋានអង្គរ
- 2018-09-12 07:58:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរជាតិអប្សរា បង្ក្រាបសកម្មភាពមិនសមរម្យជាង៦០ករណីនៅរមណីយដ្ឋានអង្គរ
ចន្លោះមិនឃើញ
ក្រុមភ្នាក់ងារទេសចរណ៍ បានហាមឃាត់ភ្ញៀវទេសចរ ដែលប្រព្រឹត្តមិនសមរម្យបានចំនួន ៦២ករណី នៅរមណីយដ្ឋានអង្គរ។ នេះបើតាមរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែសីហា ឆ្នាំ២០១៨។
ការប្រព្រឹត្តមិនសមរម្យទាំងនោះ រួមមាន៖ ការបង្ហោះដ្រូន (Drone) ការបន្ទោរបង់ក្នុងបរិវេណប្រាសាទ ជនបរទេសថតរូបអាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ (ថតបង្ហាញម៉ូត ថតរូបភាពមិនសមរម្យ) ស្លៀកពាក់មិនសមរម្យ សម្តែងសៀកនៅក្នុងប្រាសាទ រៀបចំពិធីទទួលទានអាហារនៅក្នុងប្រាសាទ ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ធ្វើពិធីសាសនាដោយគ្មានការអនុញ្ញាត ថតរូបផ្សព្វផ្សាយពាណិជ្ជកម្មនិង គូរគំនូរលក្ខណៈទ្រង់ទ្រាយធំដោយមិនមានការអនុញ្ញាត ជាដើម។
របាយការណ៍ខាងលើបន្តថា ក្រុមការងារជួយសង្រោះភ្ញៀវទេសចរដែលរងរបួសដោយ រអិលឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពុលអាហារជាដើមបាន ១៩ករណី។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះ មានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
ចំណែក ករណីរើសរបស់របរភ្ញៀវដែលភ្លេច ឬជ្រុះនៅតាមប្រាសាទចំនួន ៣៤ករណីនិងបានរកឃើញ ៣១ករណីរួមមាន៖ ទូរសព្ទដៃ iPad កាបូបស្ពាយ កាបូបយួរដៃ កាបូបលុយ កាតវីសារ និងម៉ាស៊ីនថតជាដើម ហើយបានរកឃើញនិងប្រគល់ជូនម្ចាស់វិញ។ ឯរបស់ខ្លះទៀត ដែលភ្ញៀវមិនបានមករកភ្លាមៗ ក្រុមការងារបានប្រគល់ឲ្យនគរបាលទេសចរណ៍រក្សាទុក រង់ចាំម្ចាស់ដើមមកទាក់ទងយក៕