អាជ្ញាធរ​ជាតិ នឹង​ជួសជុល​ផ្នែក​មួយ​ចំនួន​នៅ​ប្រាសាទ​ព្រះវិហារ នាខែ​តុលា​ខាងមុខ​នេះ

  • 2018-09-16 04:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ជាតិ​ព្រះវិហារ មាន​ផែនការ​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង នៃ​ប្រាសាទ​ព្រះវិហារ  នៅដើម​ខែ​តុលា​ខាងមុខ​នេះ ដើម្បី​ការពារ និង​អភិរក្ស​ប្រាសាទ​ កុំឱ្យ​ទ្រុឌទ្រោម​បន្ត​ទៀត។ នេះបើ​តាមការ​ចុះផ្សាយ​របស់​វិបសាយ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី១៤​កញ្ញា ២០១៨។

លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរជាតិ​ព្រះ​វិហារ បានមាន​ប្រសាសន៍​ប្រាប់​វិទ្យុជាតិ​ថា នៅផ្នែក​ជណ្ដើរ​បុរាណ​ខាងជើង​នៃ​ប្រាសាទ​ព្រះវិហារ មាន​លក្ខណៈ​បាក់ស្រុត​ខ្លំាង ដោយសារ​ទទួល​រងការ​ហូរច្រោះ​​ទឹកកាត់​ពីលើ​​រាប់ពាន់​ឆ្នាំមក​ហើយ។ ចំពោះ​ការងារ​ស្ដារ​ជណ្ដើរ​នេះ ខាង​អាជ្ញាធរ​ជាតិ​ បាន​ស្នើ និង​ទទួល​បាន​មូល​និធិ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិច កាលពី​ដើម​ឆ្នាំ​២០១៨ ដែល​ជា​ជំហាន​ដំបូង​ក្នុងការ​ជួសជុល។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ « យើង​បាន​ទទួល​មូលនិធិ​ពី​សហរដ្ឋអាមេរិច​ និង​គឺ​យើង​អាច​ចាប់ផ្ដើម​ពីខែ​១០​នេះ​ទៅហើយ អ៊ីចឹង​ខែ១០ យើង​ធ្វើការ​ជួសជុល​មុន​សម្រាប់​ជណ្ដើរ​បុរាណ​ខាងជើង។ ហើយ​សម្រាប់​ការ​ជួសជុល​គោល​បុរៈ​ទាំង៥​នេះ គឺ​យើង​រង់ចាំ​តែ​លទ្ធផល​ពី​ក្រុម​ការងារ​បច្ចេក​របស់​ប្រទេស​ដែលជា​ដៃគូ​របស់​យើង ហើយ​យើង​សង្ឃឹមថា​អាច​នឹង​បាន​លទ្ធផល​នៅក្នុង​ឆ្នាំ​២០១៨​នេះ»។

ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើភ្នំដងរែក ជាប់ព្រំដែនប្រទេសថៃ
ការ​ជួសជុល​ប្រាសាទ​ព្រះវិហារ​នេះ អាជ្ញាធរ​ជាតិ​គោរព​ទៅតាម​បទដ្ឋាន ស្តង់ដារ​របស់​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក គឺត្រូវ​រក្សាបាន​នូវ​សភាពដើម​ពី​បុរាណ​នៃ​តួ​ប្រាសាទ  ការ​ជួសជុស​នៅត្រង់​កន្លែង​ដែល​គ្រោះថ្នាក់ និង​កន្លែង​ដែលមាន​បញ្ហា​ប៉ុណ្ណោះ ដើម្បី​កុំឱ្យ​ប្រាសាទ​កាន់តែ​បាក់បែក​ដួលរលំ​បន្ត​ទៀត។ លោក​អគ្គនាយក​បញ្ជាក់​បន្ថែម។

ជាមួយគ្នា​នេះ​ដែរ កម្ពុជា​ នឹង​បន្ត​សហការ​ជាមួយ​បណ្តា​ប្រទេស​ជាដៃគូ​មួយ​ចំនួន​ទៀត ក្នុង​គម្រោង​ជួសជុល​ប្រាសាទ​​ព្រះវិហារ​នៅ​គោល​បុរៈ​ទាំង៥​នៃ​ប្រាសាទ​ព្រះវិហារ ក្នុងនោះ​រួមមាន គោល​បុរៈ​ទី១ ២ និងទី​៣ គឺ​ជួសជុល​ដោយ​អ្នក​ជំនាញការ​ចិន។ ឯ​គោលបុរៈ​ទី៤ គឺ ប្រទេស​រុស្ស៊ី និង​គោលបុរៈ​ទី៥ ដោយ​ភាគី​ប្រទេស​ឥណ្ឌា។

សូម​រំលឹក​ថា សំណង់​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ចាប់ផ្តើម​កសាងឡើង​ដំបូង​នៅដើម​សតវត្ស​ទី៩ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី២ (៨០២-៨៥០) ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ​២០០៨៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;