កម្ពុជា និង​កាណាដា ឯកភាព​បន្ត​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី

  • 2018-10-17 02:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កម្ពុជា និង​កាណាដា បាន​ឯកភាព​បន្ត​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ការ​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី ដោយ​ឈរ​មូលដ្ឋាន​ឈ្នះ-ឈ្នះ។ កិច្ច​ព្រមព្រៀង​ដែល​បាន​ផុត​សុពលភាព កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​មក​នេះ ត្រូវ​បាន​ធ្វើ​រវាង​ក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​សម្រួល​ពាណិជ្ជកម្ម (TFO) នៃ​សាធារណរដ្ឋ​កាណាដា។

ការ​ឯកភាព​បន្ត​កិច្ច​ព្រមព្រៀង​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​រវាង​លោក ប៉ាន សូរស័ក្កិ ជាមួយ​លោក​ស្រី ដូនីកា ប៉ូទី (Donica Pottie) ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​តាព្រហ្ម នៃ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម។

នៅ​ក្នុង​ជំនួប លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ភាគី​កាណាដា អំពី​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​កម្ពុជា ដែល​បាន​មក​ពី​ការ​ចូលរួម​នៃ​វិស័យ​សំណង់ វាយនភណ្ឌ ទេសចរណ៍ និង​កសិកម្ម។ នៅ​ក្នុង​នោះ ទឹក​ប្រាក់​នៃ​ឧស្សាហកម្ម​កាត់ដេរ (ឆ្នាំ​២០១៧) មាន​ចំនួន​ប្រមាណ ៧​ប៊ី​លាន​ដុល្លារ​អាមេរិក ហើយ​ឧស្សាហកម្ម​នេះ បាន​បង្កើត​ការងារ​ជូន​ប្រជាជន ៧៦​ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី នៅ​តាម​តំបន់​ជនបទ។

លោក​រដ្ឋមន្ត្រី ប៉ាន សូរស័ក្កិ បាន​លើកឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​គាំទ្រ​វិស័យ​វាយនភណ្ឌ តាម​រយៈ​ការ​បន្ត​ស្វែង​រក​ទីផ្សារ​សក្ដានុពល​បន្ថែម និង​ការ​បង្កើន​ប្រាក់​បៀវត្ស​អតិបរមា​ជូន​កម្មករ-និយោជិក ចាប់​ពី ១៤០ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ដល់ ១៧០ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បង្កើន​ឱ្យ​បាន ១៨២​ដុល្លារ នៅ​ដើម​ឆ្នាំ ២០១៩ ខាង​មុខ​ថែម​ទៀត។

លោក ប៉ាន សូរស័ក្កិ បាន​គូស​បញ្ជាក់​ថា «រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុលោម​តាម​កាតព្វកិច្ច​ការងារ ដែល​អង្គការ ILO បាន​កំណត់​តាំង​ពី​ឆ្នាំ​១៩៩៩ និង​បាន​គាំទ្រ​ការ​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​រោងចក្រ​កម្ពុជា (Better Factory Cambodia) ដើម្បី​លើក​ស្ទួយ​លក្ខខណ្ឌ​ការងារ និង​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​នេះ»។

ជា​ការ​ឆ្លើយ​តប លោក​ស្រី​ឯកអគ្គរដ្ឋទូត ដូនីកា ប៉ូទី បាន​កោតសរសើរ​អំពី​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​វិស័យ​វាយនភណ្ឌ និង​ការ​ស្វែង​រក​អត្ថប្រយោជន៍​ជូន​កម្មករ-និយោជិក នា​ពេល​កន្លង​មក។

លោក​ស្រី​ឯកអគ្គរដ្ឋទូត បាន​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​កម្ពុជា បន្ត​ប្រឹង​ប្រែង និង​ប្រកាន់​និយាម​ការងារ​នេះ​បន្ត​ទៀត ដើម្បី​នាំ​មក​នូវ​ភាព​ឈ្នះ-ឈ្នះ ដល់​គ្រប់​តួ​អង្គ​ពាក់ព័ន្ធ សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ហើយ​លោក​ស្រី នឹង​ពិនិត្យ​លទ្ធភាព​ជួយ​កៀរគរ​វិនិយោគិន​កាណាដា ឱ្យ​ចូល​មក​បណ្តាក់​ទុន​លើ​ការ​កែច្នៃ​វត្ថុធាតុ​ដើម​សំខាន់ៗ ដើម្បី​បម្រើការ​អភិវឌ្ឍ​ឧស្សាហកម្ម​វាយនភណ្ឌ និង​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម នៅ​កម្ពុជា។

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា សម្រេច​បាន​ទឹកប្រាក់​សរុប ១,០៤ប៊ី​លាន​ដុល្លារ​អាមេរិក ជាមួយ​អត្រា​កំណើន​ប្រចាំ​ឆ្នាំ គិត​ជា​មធ្យម ១១%។ ក្នុង​នោះ ទឹកប្រាក់​នាំ​ចេញ​ពី​កម្ពុជា ទៅ​កាណាដា មាន​ចំនួន ១​ប៊ី​លាន​ដុល្លារ​អាមេរិក និង​នាំ​ចូល​មាន​ចំនួន ៤០​លាន​ដុល្លារ​អាមេរិក។ ចំពោះ​ផលិតផល​សក្ដានុពល​នាំ​ចេញ​របស់​កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គំ​យានយន្ត គ្រឿង​សង្ហារិម ផ្លាស្ទីក ផលិតផល​ក្មេង​លេង និង​ទំនិញ​កសិកម្ម។

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;