សិប្បកម្ម​នំ​ដង្កូវ​ល្បីល្បាញ​មួយកន្លែង នៅខេត្ត​កំពត

  • 2018-10-21 04:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិប្បកម្ម​នំដង្កូវ​ ដែលជា​មុខរបរ​លក្ខណៈ​គ្រួសារ​មួយ​កន្លែង​ នៅ​ខេត្ត​កំពត ល្បីល្បាញ​ថា​ឆ្ងាញ់។ ដូច្នេះ ក្រុមការងារ​ផ្លូវ​ទៅស្រុក នឹង​បង្ហាញ​រូបភាព ៥សន្លឹក រៀបរាប់​ពី​ប្រវត្តិកន្លែង​សិប្បកម្ម​នំដង្កូវ និង ដំណាក់កាល​ត្រួសៗ នៃ​ការ​ធ្វើ​ដង្កូវ​នេះ ដូចខាងក្រោម៖

១. លោក អេង ជាវ​ឈាន់ អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​សិប្ប​កម្ម​ផលិត​នំ​ដង្កូវ នៅឃុំ​កំពង់​គ្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ លោក ​ប្រកបរបរ​ធ្វើ​នំ​ដង្កូវ​លក់​ជាង​១០​ឆ្នាំ​មក​ហើយ​ ។ កាល​ណោះ ផលិត​កម្ម​នំ​ដង្កូវ​របស់​លោក​ធ្វើ​ជា​លក្ខណៈ​គ្រួសារ។ នៅ​ឆ្នាំ​២០០៨ ពេល​ដែល​តម្រូវ​ការ ទី​ផ្សារ​កើន​ឡើង លោក អេង ជាវ​ឈាន់ បាន​ពង្រីក​ផលិត​កម្ម​របស់​ខ្លួន ។ សព្វ​ថ្ងៃ លោក អេង ជាវ​ឈាន់ មាន​កម្មករ​ក្នុង​បន្ទុក​ចំនួន​ជាង​២០នាក់ និង​ឡ​ដុត​នំ​ចំនួន​៥។

២. កម្មករ​របស់​លោក ជាវ​ឈាន់ កំពុង​ច្របាច់​ម្សៅ​លាយ​គ្រឿង នៅ​ក្នុង​រោង​ដុត​នំ​ នា​រសៀល​មួយ​។ ម្សៅ​មី ស្ករ​ស ខ្ទិះ​ដូង និង ពង​ទា គឺ​ជា​គ្រឿង​ផ្សំ​សម្រាប់​ផលិត​នំ​ដង្កូវ​។ ក្នុង​មួយ​ថ្ងៃ​ៗ សិប្ប​កម្ម​មួយ​នេះ ប្រើ​ម្សៅ​មី អស់​ប្រមាណ​ជា​ ២០០​គីឡូ​ក្រាម ដើម្បី​ផលិត​នំ​ដង្កូវ​។

៣. ការ​លាយ​ម្សៅ និង ការ​លុញ​ម្សៅ​ជា​ដុំ​តូចៗ​រាង​ដូច​ដង្កូវ ធ្វើ​ឡើង​រៀងៗ​ខ្លួន​ ដោយ​ពួក​កម្មករ​ប្រើ​រូប​មន្ត​រួម​មួយ ដែល​កំណត់​ដោយ​លោក ជាវ​ឈាន់​។ ជា​មួយ​គ្នា​នេះ​ដែរ ប្រាក់​ឈ្មួល​របស់​កម្មករ ត្រូវ​កំណត់​ដោយ​ទម្ងន់​ម្សៅ​មី ដែល​គេ​យក​មក​លាយ​គ្រឿងផ្សំ​ គឺ​១​គី​ឡូ​ក្រាម តម្លៃ​៥០០​រៀល។ ក្នុង​មួយ​ថ្ងៃ​ៗ កម្មករ​ម្នាក់​អាច​ប្រើ​ម្សៅ​អស់​ ៣០​គីឡូ​ក្រាម។ នៅ​ក្នុង​រូប​នេះ លោក​ជាវ​ឈាន់​ កំពុង​ជជែក​លេង​ជាមួយ​កម្មករ​របស់​គាត់ នៅ​ក្នុង​រោង​ដុត​នំ​។

៤. ការ​ដុត​នំ ធ្វើ​ឡើង​តាំង​ពី​ព្រលឹម ទល់​ល្ងាច។ ឡ​ដុត​នំ​ទាំង​៥​របស់លោក ជាវ​ឈាន់​ ប្រើ​ប្រាស់​ធ្យូង​ជា​ប្រភព​ផ្តល់​កម្តៅ​។ ដោយ​មិន​មែន​ជា​ឡ​ប្រើ​ចរន្ត​អគ្គិសនី ដូច្នេះ​ការ​ដុត​នំ ធ្វើ​ឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ព្រោះ​វា​អាច​ខ្លោច​ និង​ឆៅ​បាន​ដោយ​ងាយ​។ នៅ​ក្នុង​រូប​នេះ កម្មករ​របស់​លោក ជាវ​ឈាន់ កំពុង​រុញ​ថាស​នំ​ចូល​ទៅ​ក្នុង​ឡ​ដុត​ម្តង​ទៀត បន្ទាប់​ពី​គាត់​ទាញ​ថាស​នំ​ចេញ​មក​ពិនិត្យ ហើយ​ឃើញ​ថា​នំ​របស់​គាត់​មិន​ទាន់​ឆ្អិន​សព្វ​ល្អ​។

៥. នំ​ដង្កូវ​ដែល​ដុត​ឆ្អិន​ល្អ​ហើយ ត្រូវ​ទុក​ឱ្យ​ត្រជាក់​ បន្ទាប់​មក​ត្រូវ​ច្រក​ស្បោង​ដាក់​ក្នុង​កេះ ទុក​សម្រាប់​នាំ​ចេញ​ទៅ​ទី​ផ្សារ​។ ប្រហែល​ ១​អាទិត្យ​ម្តង លោក​ជាវ​ឈាន់ ដឹក​ជញ្ជូន​នំ​ដង្កូវ​របស់​ខ្លួន​ទៅ​ឱ្យ​អ្នក​លក់​បន្ត​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;