ដំណើរការ និងរឿងរ៉ាវខ្លះៗនៃរបរត្បាញកន្ទេលកក់ ក្នុងឃុំព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
- 2018-10-28 04:00:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណើរការ និងរឿងរ៉ាវខ្លះៗនៃរបរត្បាញកន្ទេលកក់ ក្នុងឃុំព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
ចន្លោះមិនឃើញ
ថ្ងៃនេះ ក្រុមការងារផ្លូវទៅស្រុក សូមបង្ហាញពីដំណើរការនៃការធ្វើ ក៏ដូចជារឿងរ៉ាវខ្លះៗ នៃការត្បាញកន្ទេលកក់ នៅខេត្តបន្ទាយមានជ័យ។
១. អ្នកស្រី រ៉ម ឡាយ អាយុ៤៨ឆ្នាំ អ្នកត្បាញកន្ទេលកក់ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រៅពីធ្វើស្រែចម្ការ អ្នកស្រី បានត្បាញកន្ទេលកក់លក់ ជាង៣០ឆ្នាំមកហើយ គឺតាំងពីនៅវ័យជំទង់មកម្ល៉េះ។
២. កក់ គឺជាវត្ថុធាតុដើមសំខាន់បំផុត សម្រាប់ត្បាញកន្ទេលបែបនេះ។ ជាសំណាងល្អ អ្នកស្រី រ៉ម ឡាយ មានដីមួយអំពកធំ សម្រាប់ដាំកក់ធ្វើកន្ទេល ដោយមិនបាច់ទិញកក់ពីគេ។ ៤ ៥ ថ្ងៃម្ដង អ្នកស្រី តែងទៅច្រូតកក់ យកមកច្រៀក ឆូត និងហាលថ្ងៃ ឱ្យស្ងួតល្អ ដើម្បីទុកត្បាញជាកន្ទេល។ នៅក្នុងរូបនេះ អ្នកស្រី រ៉ម ឡាយ ប្រើកណ្ដៀវសម្អាតដើមកក់ មុននឹងកាត់ស្លឹកវាចេញ បន្ទាប់ពីច្រូតរួច នាព្រឹកព្រលឹមមួយ។
៣. កក់ដែលច្រូតរួចហើយ ត្រូវដឹកជញ្ជូនមកផ្ទះឱ្យទាន់ព្រឹកព្រលឹម។ បន្ទាប់មក គេត្រូវឆូតដើមកក់ទាំងនោះ ជាចម្រៀកតូចៗល្មមប៉ុនៗគ្នា ដោយយកខាងខ្នង។ បន្ទាប់មក គេយកចម្រៀកកក់នោះ ទៅហាលថ្ងៃឱ្យស្ងួតល្អ។ នៅក្នុងរូបនេះ អ្នកស្រី រ៉ម ឡាយ កំពុងឆូតដើមកក់ ដោយប្រើកូនកាំបិតចុងស្រួច នៅខាងក្រោមផ្ទះអ្នកស្រី។
៤. ការងារខ្លះទៀតនៅក្នុងសង្វាក់ផលិតកម្មតម្បាញកន្ទេលកក់នេះ មានដូចជា ការជ្រលក់ពណ៌កក់ដោយប្រើល័ក្ខ ការវេញខ្សែក្រចៅដើម្បីធ្វើខ្សែកន្ទេល ការអន្ទងខ្សែកន្ទេលមុននឹងត្បាញជាដើម។ នៅក្នុងរូបនេះ អ្នកស្រី រ៉ម ឡាយ កំពុងអន្ទងខ្សែកន្ទេល ពីរនាក់កូនស្រីពៅ។
៥. បន្ទាប់ពីអន្ទងខ្សែចូលក្នុងកី តាមទំហំកន្ទេលរួចហើយ អ្នកស្រី រ៉ម ឡាយ ចាប់ផ្ដើមត្បាញ។ ការត្បាញនេះបានសម្រេចឆាប់ ឬលឿន អាស្រ័យលើពេលការប្រឹងប្រែង និងការមានពេលវេលាច្រើនឬតិចរបស់អ្នកត្បាញ។ នៅក្នុងរូបនេះ អ្នកស្រី រ៉ម ឡាយ កំពុងត្បាញកន្ទេលជាមួយម្ដាយចំណាស់។
៦. ទំហំកន្ទេលដែលអ្នកស្រី រ៉ម ឡាយ ត្បាញ មានទទឹងប្រវែងពី៧ តឹក ដល់១ម៉ែត្រកន្លះ។ ឯបណ្ដោយវិញមានទំហំប្រវែង ពី២ម៉ែត្រ ដល់ ១០ម៉ែត្រ អាស្រ័យលើតម្រូវការរបស់អតិថិជន។ កន្ទេលនីមួយៗមានតម្លៃចាប់ពី ៣៥ ០០០រៀល ដល់១០ម៉ឺន ឬ ២០ម៉ឺនរៀល។ នៅក្នុងរូបនេះ អ្នកស្រី រ៉ម ឡាយ កំពុងបង្ហាញកន្ទេលកក់ ដែលអ្នកស្រីត្បាញបាន៕