ទិន្នផលសណ្តែកសៀង ធ្លាក់ចុះ ខណៈកសិករបារម្ភថា លក់មិនរួចថ្លៃដើម
- 2018-10-30 09:23:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិន្នផលសណ្តែកសៀង ធ្លាក់ចុះ ខណៈកសិករបារម្ភថា លក់មិនរួចថ្លៃដើម
ចន្លោះមិនឃើញ
ប្រជាកសិករដែលកំពុងប្រមូលផលសណ្តែកសៀង មានការព្រួយបារម្ភខ្លាំង ពេលដែលទិន្នផលធ្លាក់ចុះ ហើយលក់ចេញមិនរួចថ្លៃដើម ដោយអ្នកខ្លះជំពាក់បំណុលធនាគារ។ បញ្ហាដែលកើតឡើងនេះត្រូវកសិករបង្ហាញថា ដោយសារតែឆ្នាំនេះអាកាសធាតុមិនអំណោយផលសម្រាប់ដំណាំសណ្តែកសៀង។ នេះបើតាមមន្ទីរព័ត៌មានខេត្តរតនគិរី ចុះផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
កសិករដដែលបន្តថា ពួកគាត់ជួបបញ្ហាប្រឈមពេលលក់សណ្តែក មិនរួចថ្លៃដើមដាំដុះនិងជួល កម្មករទេ។ ការធ្លាក់ចុះទិន្នផលនេះ កើតឡើងចំពោះកសិករដាំដុះសណ្តែកសៀងរយៈពេល២ឆ្នាំ ជាប់ៗគ្នាមកហើយសម្រាប់ខេត្តរតនគិរី។ កសិករនេះបានអះអាងថា ទិន្នផលសណ្តែកសៀង ប្រសិនបើល្អនោះ ទទួលបានចន្លោះពី ១,៨តោនទៅ ២តោនក្នុង ១ហិកតា ប៉ុន្តែបច្ចុប្បន្ននេះពួកគាត់ប្រមូលផលបានត្រឹមតែ ៧០០គីឡូក្រាមទៅ ៨០០គីឡូក្រាមប៉ុណ្ណោះក្នុង ១ហិកតា។ រីឯតម្លៃ គឺប្រហាក់ប្រហែលឆ្នាំមុន។
លោក ខៀវ ថា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឲ្យដឹងថា បច្ចុប្បន្ននេះសណ្តែកសៀងមានតម្លៃចន្លោះពី ១៦៣០ ទៅ ១៦៥០រៀលក្នុង១គីឡូក្រាម ទៅតាមគុណភាពសណ្តែក។ បើធៀបនឹងឆ្នាំ២០១៧ ទទួលបានចន្លោះពី ២០០០រៀល ទៅ ២២០០រៀល ហើយការនាំចេញគឺនាំទៅកាន់ប្រទេសវៀតណាម។ រីឯតម្លៃ គឺស្រេចតែលើឈ្មួញវៀតណាមកំណត់ ព្រោះនៅកម្ពុជាពុំទាន់មានអ្នកបញ្ជាទិញច្បាស់លាស់។
ចំណែកលោក សែម រឿន ប្រធានការិយាល័យក្សេតសាស្រ្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីបានទទួលស្គាល់ថា ឆ្នាំ២០១៨នេះ ការដាំដុះដំណាំសណ្តែកសៀងរបស់កសិករនៅខេត្តរតនគិរី ជួបបញ្ហាប្រឈមប្រាកដមែន បណ្តាលមកពីអាកាសធាតុមិនអំណោយផលសម្រាប់ពួកគាត់ដាំដំណាំសណ្តែកសៀង។ ចំណែកកសិករមួយចំនួនធំ បានប្រើប្រាស់ថ្នាំ បាញ់ស្មៅទៅលើដំណាំសណ្តែកលើសកំណត់ ទើបធ្វើឲ្យជួបបញ្ហាធ្លាក់ចុះទិន្នផលបែបនេះ។
ប្រធានការិយាល័យរូបនេះបន្តថា ខេត្តរតនគិរីក្នុងឆ្នាំ២០១៨នេះ មានផ្ទៃដីដាំដុះដំណាំសណ្តែកសៀងចំនួន ៤៣៣៦ ហិកតា បើធៀបនឹងឆ្នាំ២០១៧ មានការថយចុះ ១២៨០ហិកតា។ លោកថា មូលហេតុនៃការថយចុះផ្ទៃដីដាំដុះសណ្តែកសៀងនេះ គឺបណ្តាឆ្នាំកន្លងមកកសិករដាំតាមចន្លោះរងកៅស៊ូ និងចន្លោះរងចន្ទី។ ហើយនៅពេលដំណាំកសិឧស្សាហកម្មទាំងនេះធំបែកមែកសាខា គឺមិនអាចដាំបានទៀតទេ៕
រូបថត៖ មន្ទីរព័ត៌មានខេត្តរតនគិរី