អាមេរិក ផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់ជួសជុលជណ្តើរបុរាណខាងជើងនៃប្រាសាទព្រះវិហារ
- 2018-11-07 03:00:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់ជួសជុលជណ្តើរបុរាណខាងជើងនៃប្រាសាទព្រះវិហារ
ចន្លោះមិនឃើញ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A. Heidt បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងអគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីពី "ការអភិរក្សជណ្តើរបុរាណខាងជើងរបស់ប្រាសាទព្រះវិហារ ក្នុងថវិកាចំនួន ២០ម៉ឺនដុល្លារ"។
លោកស្រីរដ្ឋមន្រ្តីបន្តថា កិច្ចព្រមព្រៀងខាងលើនេះ បានបង្ហាញពីការប្តេជ្ញា និងការខិតខំដើម្បីសហការ ពង្រឹងមិត្តភាព និងការយោគយល់គ្នារវាងកម្ពុជា-អាមេរិក ដើម្បីគាំទ្រការថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនខ្មែរ សហគមន៍អន្តរជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ។
បើតាមឯកសារគម្រោងអភិរក្សជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដែលបានសាងសង់តាំងពីសតវត្សរ៍ទី១១ ឱ្យដឹងថា ជណ្តើរនេះ គឺជាជណ្តើរមួយយ៉ាងសំខាន់ក្នុងចំណោមជណ្តើរ និងផ្លូវដើរ ដែលបានតភ្ជាប់មកខ្លោងទ្វារគោបុរៈទី៥ នៃប្រាសាទព្រះវីហារ។ កាលពីសម័យអង្គរ ចន្លោះសតវត្សទី៩ និងទី១២ ជណ្តើរនេះ ប្រហែលជាមានតួនាទីសំខាន់ទាក់ទងនឹងជំនឿសាសនាហិណ្ឌូ និងបម្រើដល់សហគមន៍ខ្មែរបុរាណ ដែលរស់នៅភាគជើង ក្នុងការមកគោរពប្រតិបត្តិសាសនាខាងលើ។
ឯកសារដដែលបន្តថា បន្ទាប់ពីត្រូវបានបោះបង់ចោល និងគ្មានការថែរក្សាជាច្រើនសតវត្សមក បណ្តាលឱ្យជណ្តើរខាងជើងនេះ ទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារធម្មជាតិ និងមនុស្សនាពេលកន្លងមក។
ក្រៅពីនេះ ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយភាគីកម្ពុជា ស្តីពី ការបន្តអនុស្សារណ:យោគយល់គ្នាទាក់ទងនឹង "ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ (២០១៨ ដល់ ២០២៣)" ផងដែរ៕