របៀប​ផលិតស្រា ស ស្រាផ្អែម ដ៏​ល្បីល្បាញ​នៅខេត្ត​ស្ទឹងត្រែង

  • 2018-11-11 04:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រាផ្អែម​មួយ​ប្រភេទ កំពុង​ពេញ​និយម​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ជា​ប្រភេទ​ស្រាផ្អែម របស់​អ្នកស្រី ហៃ ម៉ាលី។ ដូច្នេះ​ប្រិយមិត្ត​ចង់​ដឹង​ថា ដំណាក់​ការ​នៃ​ការ​ធ្វើ​ស្រា និង​ប្រវត្តិ អ្នក​បិត​ស្រា​រូប​នេះ យ៉ាង​ណា សូម​តាម​ដាន​ រូបភាព ភ្ជាប់​ការ​រៀបរាប់​ត្រួស​ៗ​ ខាង​ក្រោម​នេះ៖

១. អ្នក​ស្រី ហៃ ម៉ាលី វ័យ៤៣​ឆ្នាំ ជា​អ្នក​ប្រកប​របរ​បិត​ស្រា​លក់​ នៅ​ភូមិ​ក្រឡា​ពាស ឃុំ​ព្រះ​រំកិល ស្រុក​ថាឡា​បរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង។ អ្នក​ស្រី ចាប់​ផ្ដើម​បិត​ស្រា​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដែល​កាល​នោះ ជា​ស្រា ស ធម្មតា​តែ​ប៉ុណ្ណោះ​។ ក្រោយ​មក នៅ​ឆ្នាំ​២០១៦ អ្នក​ស្រី ចាប់​ផ្ដើម​បន្ថែម​ប្រភេទ​ស្រា​២​មុខ​ទៀត​គឺ៖ ស្រា​ស​ផ្អែម និង ស្រា​ដំណើប​ខ្មៅ​។

២. អ្នក​ស្រី ហៃ ម៉ាលី កំពុង​រែង​អង្ករ​ដំណើប នៅ​ខាង​មុខ​រោង​បិត​ស្រា ក្បែរ​ផ្ទះ​របស់​គាត់។ ដើម្បី​ផលិត​ស្រា ស ផ្អែម និង ស្រា​ដំណើប​ខ្មៅ​ឱ្យ​បាន​ឆ្ងាញ់ គេ​ត្រូវ​ជ្រើស​រើស​អង្ករ​ដំណើប​ដែល​ល្អ​ដែរ។ បន្ទាប់​មក គេ​រែង និង ស្ទៃ​អង្ករ​ឱ្យ​ស្អាត រួច​ទើប​យក​ទៅ​ត្រាំ​ក្នុង​ទឹក​មួយ​រយៈ​។

៣. ត្រាំ​រួច​ហើយ  គេ​យក​អង្ករ​ដំណើប​ទៅ​ចំហុយ​ជា​បាយ។ បន្ទាប់​មក​គេ​យក​បាយ​នោះ ទៅ​លាង​ទឹក​ឱ្យ​ស្អាត និង ដាក់​សំដិល​ឱ្យ​ស្រស់​ទឹក។ ក្រោយ​មក​ទៀត ទើប​គេ​យក​មេដំបែរ​ ទៅ​រោយ​លើ​បាយ​ដំណើប​នោះ​។ ក្នុង​រូប​នេះ អ្នកស្រី ហៃ ម៉ាលី កំពុង​តែ​រោយ​មេ​ដំបែ ទៅ​លើ​បាយ​ដំណើប​ខ្មៅ ដែល​អ្នក​ស្រី​ត្រៀម​យក​ទៅ​បិត​ជា​ស្រា​។

៤. បន្ទាប់​ពី​លាយ​មេ​ដំបែ​រួច​ហើយ គេ​យក​បាយ​ដំណើប​នោះ​ទៅ​បន្ទុំ (​ផ្អាប់​ទុក​) ក្នុង​ពាង ឬ ខាប់ រយៈ​ពេល​៣ ទៅ ៤ថ្ងៃ រហូត​ដល់​មេ​ដំបែ​កាច់​បាយ​ដំណើប​ក្លាយ​ទៅ​ជា​ត្រប៉ែ។ បន្ទាប់​មក គេ​ចាក់​ស្រា​ស​ធម្មតា ចូល​ទៅ​ក្នុង​ពាង ឬ ខាប់​នោះ ហើយ​ដាក់​បន្ទុំ​ពី ១៥ ទៅ ២០​ថ្ងៃ​បន្ត​ទៀត រហូត​សាច់​ត្រប៉ែ​រលួយ​អស់ ក្លាយ​ជា​ស្រា។ នៅ​ក្នុង​រូប​នេះ អ្នកស្រី ហៃ ម៉ាលី កំពុង​ដួស​ស្រា​ដែល​ថ្លា​ល្អ ចេញ​ពី​ក្នុង​ខាប់​ដាក់​ចូល​ក្នុង​ប៊ីដុង បន្ទាប់​ពី​សាច់​ត្រប៉ែ​ធ្លាក់​ចុះ​ទៅ​បាត​ខាប់​។

៥. បច្ចុប្បន្ន អ្នក​ស្រី ហៃ ម៉ាលី នៅ​តែ​បន្ត​បិត​ស្រា​ទាំង​៣​ប្រភេទ​នេះ ហើយ​លក់​ទៅ​ឱ្យ​អតិថិជន​ទាំង​ជិត​ទាំង​ឆ្ងាយ។ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទី​ផ្សារ​ អ្នក​ស្រី ចាប់​ផ្ដើម​បង្កើត​និមិត្ត​សញ្ញា និង​បោះ​ពុម្ព​ស្លាក​សញ្ញា​បិទ​លើ​ដប​ស្រា​ផង​ដែរ៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;