គន្លឹះសំខាន់ៗ និងប្រវត្តិធ្វើផ្ទះម្រេញគង្វាល នៅស្រុកត្រាំកក់ ខេត្តតាកែវ
- 2018-11-18 03:43:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសំខាន់ៗ និងប្រវត្តិធ្វើផ្ទះម្រេញគង្វាល នៅស្រុកត្រាំកក់ ខេត្តតាកែវ
ចន្លោះមិនឃើញ
គ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើនទៀត បានចាប់មុខរបរ ធ្វើផ្ទះម្រេញគង្វាល ដែលបានផ្ដល់កម្រៃគួរសមដល់ពួកគេ។ រូបភាព ៦សន្លឹកខាងក្រោមនេះ គឺជាសង្វាក់ផលិតកម្មមួយ របស់អ្នកស្រី សៅ អឿន អ្នកធ្វើផ្ទះម្រេញគង្វាល នៅស្រុកត្រាំកក់ ខេត្តតាកែវ។ សូមទស្សនាទាំងអស់គ្នា៖
១. អ្នកស្រី សៅ អឿន វ័យ ៤០ឆ្នាំ គឺជាអ្នកធ្វើផ្ទះម្រេញគង្វាល ដ៏លេចធ្លោរម្នាក់ នៅភូមិសីម៉ា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយពេលអ្នកស្រីបោះបង់ចោលរបរធ្វើកញ្ជើរ កញ្ច្រែង ល្អី លក់ អ្នកស្រីនិងក្រុមគ្រួសារ បានចាប់ផ្តើមប្រកបរបរធ្វើផ្ទះម្រេញគង្វាលនេះ នៅឆ្នាំ២០១៣។
២. វត្ថុធាតុដើមចាំបាច់បំផុត ក្នុងការធ្វើផ្ទះម្រេញគង្វាល គឺប្ញស្សី។ អ្នកស្រី សៅ អឿន បានទិញប្ញស្សីពីអ្នកស្រុកជិតខាង ដែលដឹកមកឱ្យអ្នកស្រីដល់ផ្ទះ។ នៅក្នុងរូបភាពនេះ ប្តីអ្នកស្រី កំពុងអារដើមប្ញស្សីជាកំណាត់ៗ ដើម្បីបិតច្រៀកជាបន្ទះៗ។
៣. បន្ទាប់ពីបិតច្រៀករួចហើយ បន្ទះប្ញស្សីស្តើងៗទាំងនោះ ត្រូវបានគេចាប់ផ្គុំ ដំឡើងរាងជាផ្ទះ ដោយបិទភ្ញាប់គ្នានឹងជ័រកាវ។ បន្ទាប់ពីកូនប្រុស អ្នកស្រី សៅ អឿន គឺជាអ្នករចនាម៉ូតផ្ទះម្រេញគង្វាលដ៏ចំណានម្នាក់។ ផ្ទះម្រេញគង្វាលរបស់អ្នកស្រី មានច្រើនម៉ូត ច្រើនទំហំ ទៅតាមការនិយមរបស់អ្នកប្រើប្រាស់។
៤. ប្តីអ្នកស្រី សៅ អឿន កំពុងលាបថ្នាំរលោងទៅលើផ្ទះម្រេញគង្វាលរបស់គាត់។ ផ្ទះម្រេញគង្វាលដែលដំឡើងរួចរាល់អស់ហើយ នឹងត្រូវរក្សាទុកមួយអន្លើ។ ពេលមានចំនួនច្រើនល្មមហើយ គេយកវាទៅផាត់ពណ៌ ឬលាបថ្នាំឱ្យរលោងស្អាត មុននឹងយកទៅលក់នៅលើទីផ្សារ។
៥. អ្នកស្រី សៅ អឿន ក៏ត្បាញកញ្ច្រែងសម្រាប់ទ្រផ្ទះម្រេញគង្វាលផងដែរ។ កញ្ច្រែងនេះមានចងបំពង់ប្ញស្សីតូចៗចំនួន៤ និង ក្រណាត់ក្រហមដែលរាងដូចអាវចំនួន៤ដែរ។ ទាំងអស់នេះ នឹងត្រូវលក់រួមគ្នា ពេលគេទិញផ្ទះម្រេញគង្វាល។
៦. ការលក់ផ្ទះម្រេញគង្វាលដាច់បំផុត គឺចាប់ដើមខែកុម្ភៈ ដល់ដើមខែមេសា ព្រោះនេះជារដូវដែលគេផ្លាស់ប្តូរផ្ទះម្រេញគង្វាល។ អ្នកស្រី សៅ អឿន មានម៉ូយនៅតាមផ្សារធំៗក្នុងរាជធានី ដែលតែងទិញផ្ទះម្រេញគង្វាលពីអ្នកស្រីទៅលក់បន្ត៕