នគរបាល​ជាតិ​បដិសេធ​ថា សិស្ស​សន្លប់​នៅ​វិទ្យាល័យ​​ថ្មគោល ​មិនមែន​ដោយសារ​ក្រុម​គ្រូពេទ្យ​ចិន​ទេ

  • 2018-12-09 02:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ច្រានចោលនូវ​ការ​ផ្សាយ​របស់​គណនី​ហ្វេសប៊ុក​មួយ ឈ្មោះ ណាធីយ៉ា ឯកា (Natiya Aek Ka) ដែល​បាន​បង្ហោះ​ថា សិស្ស​​វិទ្យាល័យ​ថ្មគោល ខេត្ត​បាត់ដំបង ជិត​១០០នាក់ ​បានដួល​សន្លប់​ដោយសារ​ជនជាតិ​ចិន បានជួស​ឈាម​សិស្ស និង​ចាក់ថ្នាំ​។ នេះបើ​យោងតាម​វិបសាយ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ ដែលបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៨។

វិបសាយ​នេះ បាន​ដកស្រង់​សម្តី​លោក ហេង ស៊ុនផារិទ្ធ នាយក​វិទ្យាល័យ​ថ្មគោក ឱ្យដឹងថា ហេតុការណ៍​ដួលសន្លឹក​នេះ បាន​កើតឡើង​ចំពោះ​សិស្ស​ ៧១នាក់ ក្នុងនោះ​សិស្សស្រី​មាន ៧០នាក់ កាលពីថ្ងៃទី៦ និង ៧ធ្នូ ឆ្នាំ​២០១៨។

លោក​នាយក​សាលា​​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​២​និង​៣​ធ្នូ​ មាន​ក្រុម​គ្រូពេទ្យ​ខ្មែរ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ចិន​ ដែល​ក្នុង​នោះ​ មាន​គ្រូពេទ្យ​ចិន​ប្រមាណ​ពី​១០​ទៅ​២០​នាក់​ជិះឡាន​ទូ​រី​ស​ចំនួន​២​ បាន​ធ្វើ​ដំណើរ​ទៅ​ស្រាវ​ជ្រាវ​នូវ​ ជំងឺ​បេះដូង​ដោយ​គ្រាន់តែ​ប្រើប្រាស់​ប្រដាប់​ឧបករណ៍​ស្ទង់​បេះដូង​តែ​ប៉ុណ្ណោះ​ និង​មិន​បាន​ជួស​ឈាម​នោះ​ទេ​។​ ការ​ចុះ​ស្រាវជ្រាវ​ជម្ងឺ​បេះដូង​នោះ​ គឺ​បាន​ធ្វើ​តាម​សាលា​ជា​ច្រើន​មិន​ត្រឹមតែ​វិទ្យាល័យ​ថ្មគោល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​តាម​សាលា​មួយ​ចំនួន​ក្នុងស្រុក​សង្កែ​និង​នៅ​ក្នុង​ក្រុង​បាត់ដំបង​។​

លោក​បន្ថែម​ថា សិស្ស​ ដែល​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ស្រាវជ្រាវ​ពិនិត្យ​បេះដូង​ក្នុង​វិទ្យាល័យ​ថ្មគោល​នោះ​ គឺជា​សិស្ស​កម្រិត​ថ្នាក់​ទី​៧,​ ទី​៨​ និង​ទី​៩​។​ ចំណែក​ការ​ដួល​សន្លប់​របស់​សិស្ស​នៅ​វិទ្យាល័យ​ថ្មគោល​ចំនួន​៧១​នាក់​នោះ​ គឺជា​សិស្ស​ថ្នាក់​ទី​១១​និង​ទី​១២​ ឯណោះវិញ​ទេ​ ពោលគឺ​មិន​ពាក់ព័ន្ធ​នឹង​សិស្ស​ដែល​ក្រុម​គ្រូពេទ្យ​ខ្មែរ​និង​ចិន​បាន​សហការ​គ្នា​ស្រាវជ្រាវ​ជម្ងឺ​បេះដូង​នោះ​ឡើយ​។​

ជាមួយគ្នានេះ  អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក៏បាន​អំពាវនាវឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ កុំ​ចែក​រំលែក​រឿង​មិន​ពិត​នេះ ពីព្រោះ​នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​នៃ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម៕

ការបង្ហោះនៅលើគណនីហ្វេសប៊ុក Natiya Aek Ka អំពីការសន្លប់របស់សិស្សនៅខេត្តបាត់ដំបង

អត្ថបទ៖ សោភា

អត្ថបទថ្មី
;