រដ្ឋមន្ត្រីអប់រំ៖ បញ្ហាចម្បង២ ធ្វើឲ្យសិស្សកម្ពុជា រៀនខ្សោយ
- 2018-12-13 02:02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីអប់រំ៖ បញ្ហាចម្បង២ ធ្វើឲ្យសិស្សកម្ពុជា រៀនខ្សោយ
ចន្លោះមិនឃើញ
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការបាត់ម៉ោងសិក្សា និងគុណភាពបង្រៀន ជាបញ្ហាចម្បងដែលធ្វើឲ្យសិស្សនៅកម្ពុជា រៀនខ្សោយ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប ចុះផ្សាយថ្ងៃទី១២ធ្នូ។
ប្រសាសន៍របស់លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធផលនៃកម្មវិធីអន្តរជាតិវាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហៅកាត់ PISA-D នៅសណ្ឋាគារខេមរាអង្គរ ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
លោកបន្តថា ចំនួនម៉ោងសិក្សានៅកម្ពុជា ពីបឋមដល់អនុវិទ្យាល័យ ប្រហាក់ប្រហែលនឹងបណ្តាប្រទេសទទួលពិន្ទុខ្ពស់លើការវាយតម្លៃ PISA ដូចជាកូរ៉េខាងត្បូង ចិនម៉ាកាវ ជប៉ុន និងសិង្ហបុរី។
លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា លទ្ធផល PISA-D បានបង្ហាញពីសិស្សអាយុ១៥ឆ្នាំនៅកម្ពុជា មានសមត្ថភាពខ្ពស់ជាងសិស្សអាយុ១៥ឆ្នាំ នៅប្រទេសសេណេហ្គាល់ និងសំប៊ី លើគ្រប់មុខវិជ្ជា និងមានសមត្ថភាពលើមុខវិជ្ជាគណិតវិទ្យា ប្រហាក់ប្រហែលនឹងសិស្សក្នុងបណ្តាប្រទេសចូលរួមក្នុងកម្មវិធីអន្តរជាតិវាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។
ប៉ុន្តែលោកថា ចំពោះអំណាន និងវិទ្យាសាស្ត្រវិញ សិស្សកម្ពុជា ជាមធ្យមមានសមត្ថភាពទាបជាងសិស្សនៅបណ្តាប្រទេសជាសមាជិក PISA-D និងប្រទេសសមាជិកអាស៊ាន មានវៀតណាម ថៃ ឥណ្ឌូណេស៊ី និងសឹង្ហបុរី ហើយសិស្សកម្ពុជា។ លោកបន្ថែមថា សិស្សកម្ពុជា មានវិន័យល្អក្នុងថ្នាក់រៀន ស្តាប់គ្រូ មិនឡូឡា ប្រសើរជាងសិស្សនៃប្រទេសជាសមាជិក PISA-D និង OECD ជាពិសេសពួកគេភាគច្រើនបង្ហាញពីទស្សនៈវិជ្ជមានចំពោះគ្រូបង្រៀន។
លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា កម្ពុជាបានចូលរួមក្នុងកម្មវិធីអន្តរជាតិវាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហៅកាត់ថា PISA-Dក្នុងឆ្នាំ២០១៦ ដែលជាគម្រោងតែមួយគត់ផ្ដួចផ្ដើមបង្កើតឡើង ដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ ហៅកាត់ថា OECD និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ គម្រោងនេះ មានបំណងធ្វើតេស្តវាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសចំណូលទាប និងមធ្យម ដែលរួមចំណែកក្នុងការពិនិត្យតាមដានគោលដៅអប់រំជាសកល ទាក់ទងទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព៕