អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​បាន​ជិត ២,២ពាន់​លានដុល្លារ ក្នុងឆ្នាំ​២០១៨

  • 2019-01-30 02:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សរុប​រយៈពេល ១២ខែ​នៃឆ្នាំ​២០១៨ ចំណូល​ពន្ធ-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន (តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អនឡាញ) មាន​ចំនួន ៨៧៩១,៤០ប៊ីលាន​រៀល (ជាង ២,១៩ពាន់​លានដុល្លារ) ស្មើនឹង ១១៤,២៧% នៃ​ផែនការ​ប្រចាំ​ឆ្នាំ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩។

បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​២០១៧ ចំណូល​ពន្ធ-អាករ សម្រាប់​រយៈពេល ១២​ខែ នៃឆ្នាំ​២០១៨ កើនឡើង​ ១០៣៦,៥៩ប៊ីលាន​រៀល (ប្រមាណ​ជា ២៥៩,១៥លាន​ដុល្លារ) ស្មើនឹង ១៣,៣៧%។

គិតត្រឹម​តែ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ ចំណូល​ពន្ធ-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន មាន​ចំនួន ៥៧០,០៧​ប៊ីលានរៀល (ប្រមាណ​ជា ១៤២,៥២​លានដុល្លារ) ស្មើនឹង ៧,៤១% នៃ​ផែនការ​ប្រចាំ​ឆ្នាំ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​បង្ហាញដែរ​ថា ក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ សម្រេច​បាន​នូវ​កំណើន​ចំណូល​ពន្ធ ក្នុង​រង្វង់​ប្រមាណ ២០% ក្នុង​មួយឆ្នាំ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;