រាជរដ្ឋាភិបាល​​កម្ពុជា នឹង​សហការ​ជាមួយ​អន្តរជាតិ ទប់ស្កាត់​សកម្មភាព​ភេរវកម្ម​នយោបាយ

  • 2019-02-08 09:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចាត់វិធានការ​ម៉ឹងម៉ាត់ ​តាម​ផ្លូវ​ច្បាប់​គ្រប់យ៉ាង រួមទាំង​កិច្ច​សហការ​អន្តរជាតិ ​ក្នុងការ​ទប់ស្កាត់សកម្មភាព​ភេរវកម្ម​នយោបាយ។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅថ្ងៃ​ទី០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​បាន​រៀបរាប់​ថា មាន​ក្រុម​នៅ​ឯ​នាយសមុទ្រ បាន​អំពាវនាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ក៏​ដូចជា​ប្រជាពលរដ្ឋ ក្នុង​បំណង​បង្កើត​កម្លាំង​ចលនាមហាជន​ប្រឆាំង​នឹង​ច្បាប់ ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់។ រាជរដ្ឋាភិបាល​ បាន​ចាត់ទុក​សកម្មភាព​នេះ​ជា​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬជា​សកម្មភាព​ឧក្រិដ្ឋកម្ម ដែល​មាន​ចែង​នៅ​ក្នុងក្រមព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា ថ្លែងនាពេលកន្លងមក
ការិយាល័យ​អ្នកនាំពាក្យ​ យល់ឃើញ​ថា ការ​ញុះញង់​ខាងលើនេះ គឺជា​អំពើ​ភេរវកម្ម​នយោបាយ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​កម្ពុជា ក៏​ដូចជា​ប្រជាពលរដ្ឋ​របស់​ខ្លួន ទោះ​សកម្មភាព​ញុះញង់​នោះ​ស្ថិតនៅឯក្រៅ​ប្រទេស​ និងអាច​ជះ​ឥទ្ធិពល ក៏ដូចជា​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា ជាយថាហេតុ​បែប​ណាក៏ដោយ។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ បន្ត​ថា សកម្មភាព​ភេរវកម្ម​នយោបាយ​នេះ បង្កើត​ជា​សង្គ្រាម​ចិត្ត​សាស្រ្ត​នយោបាយ ប្រឆាំង​ពិតប្រាកដ​នឹង​ភាព​សុខសាន្ត និង​ប្រក្រតី​ភាព ដែល​ជា​ជម្រើស​អាទិភាព​របស់​មហាជន​ខ្មែរ និង​ជាការ​ប្រឆាំង​នឹង​ដំណើរការ​ច្បាប់ និង​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

រាជរដ្ឋាភិបាល កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​រាល់​សកម្មភាព និង​ចលនា​វិទ្ធង្សនា​របស់​បុគ្គល ឬក្រុម​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ភេរវកម្ម​នយោបាយ​ទាំងនេះ។

ក្នុង​សេចក្តីថ្លែងការណ៍​នេះ បញ្ជាក់​ទៀត​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​នឹង​កំពុង​ត្រៀម​ជាស្រេច ក្នុងការ​ឆ្លើយតបជាមួយ​នឹង​ការ​ប្រមូលភស្តុតាង​ជាក់ស្តែង និង​កំណត់​អត្តសញ្ញាណ​លើ​បុគ្គលពាក់ព័ន្ធ ដើម្បី​អនុវត្ត​ច្បាប់ ដែល​សមាមាត្រ​ឆ្លើយតប​នឹង​សកម្មភាព​ភេរវកម្ម​នយោបាយ នៅពេល​ចាំបាច់​ណាមួយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;