តំបន់ណាខ្លះ​នៅ​​កម្ពុជា ដែល​ជា​ជម្រក​របស់​សត្វ​ជិត​ផុត​ពូជ​ក្នុងពិភពលោក?

  • 2019-04-15 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​បង្ហាញ​ពី​តំបន់​នៅ​កម្ពុជា ដែលជា​ជម្រក​សត្វ​ជិត​ផុត​ពូជ​ក្នុង​ពិភពលោក ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN។ ក្នុងនោះ​សត្វ​កម្រ ដែល​យក​មក​បង្ហាញ​រួមមាន​ដូចជា៖ ត្រដក់ធំ ត្រយ៉ងយក្ស ត្រយ៉ងចង្កំ ក ស ត្មាត ក្ងោកទេព ដំរី​អាស៊ី ទោច​ថ្ពាល់លឿង ស្វា​កន្ទុយស ​កន្ធាយ​ក្បាលកង្កែប និង​អណ្តើកហ្លួង។

ត្រដក់ធំ៖ ប្រភេទ​សត្វ​ត្រដក់មាឌធំ​ជាងគេ​បង្អស់​នេះ រស់នៅ​ក្នុង​តំបន់​រ៉ាមសារ​ព្រែកទាល់​ ដែលជា​បន្ទាយ​ពងកូន​ចុងក្រោយ​គេ​បង្អស់​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ក្នុង​តំបន់​នេះ មាន​សត្វ​ត្រដក់ធំ​ចំនួន ១៥០-២០០គូ។

ត្រយ៉ង​យក្ស៖ គិតត្រឹម​ខែ​សីហា ឆ្នាំ​២០១៧ ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​សំបុក​ត្រយ៉ង​យក្ស​ចំនួន ១៩ ក្នុង​នោះ ១៤​សំបុក ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប និង​៥​សំបុក​ផ្សេង​ទៀត ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្មទេព ខេត្ត​ព្រះវិហារ។

ត្រយ៉ងចង្កំ ក ស៖ សត្វស្លាប​កម្រ​នេះ រស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន ព្រហ្មទេព ខេត្ត​ព្រះវិហារ។

សត្វខ្សឹប ឬ​ក្ងោកទេព៖ កម្ពុជា គឺជា​ប្រទេស​ដ៏​សំខាន់​បំផុត ក្នុង​ការ​អភិរក្ស​សត្វខ្សឹប​នេះ​កុំឲ្យ​បាត់បង់ ដោយ​ចំនួន​សត្វ​ខ្សឹប នៅ​ក្នុង​ប្រទេស​នេះ​មាន​ប្រមាណ ៤៣២​ក្បាល ក្នុង​នោះ​ទី​ជម្រក​វាលស្មៅ នៃ​តំបន់​ការពារ​ទេសភាព​ទំនាប​ខាងជើង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ធំ និង​សៀមរាប គឺជា​តំបន់​គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វនេះ​ច្រើន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។

សត្វត្មាតភ្លើង៖ សត្វនេះ​រស់នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប ខេត្ត​ព្រះវិហារ។ ត្មាតភ្លើង​គឺជា​ប្រភេទ​ដ៏​កម្រ​បំផុត​នៅ​កម្ពុជា ហើយ​ចំនួន​របស់​ពួកវា​មាន​តិចតួច​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ។ សត្វត្មាត​នៅ​កម្ពុជា​មាន​ចំនួន ៣​ប្រភេទ គឺ​ត្មាត​ភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ។

ដំរី​អាស៊ី៖ តំបន់​ដែល​សត្វនេះ​រស់នៅ​ច្រើន​ជាងគេ​នៅ​កម្ពុជា គឺ​តំបន់​ខ្ពង់​រាប​​ភាគ​ខាង​កើត ដែល​គ្រប​ដណ្ដប់​លើ​តំបន់​ការពារ​ចំនួន ៥ ព្រម​ទាំង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច និង​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ។ កម្ពុជា​តែ​ឯង បាន​ផ្តល់​ជម្រក​ដល់​សត្វ​និមិត្តរូប​អាស៊ី​មួយ​នេះ ចន្លោះ​ពី ៤០០ ទៅ ៦០០​ក្បាល អំឡុង​ពេល​ដែល​ប្រទេស​ជិត​ខាង​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ដំរី​អាស៊ី​រស់នៅ​ច្រើន​​នៅ​កម្ពុជា ក៏​ព្រោះ​តែ​លក្ខខណ្ឌ​អំណោយផល​នៃ​ព្រៃ​ដ៏​ធំ​ទូលាយ ដែល​អាច​ឲ្យ​ពួក​វា​ជ្រក លាក់​ពួន និង​រកចំណី​អាហារ។

ទោច​ថ្ពាល់លឿង៖ កម្ពុជា មាន​ចំនួន​សត្វ​ទោច​ថ្ពាល់​លឿង​ច្រើន​ជាង​គេ​បង្អស់ នៅ​លើ​ពិភពលោក។ ទោច​ថ្ពាល់​លឿង​នេះ កំពុង​មាន​វត្តមាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច និង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ក្នុង​ខេត្ត​មណ្ឌលគីរី ព្រម​ទាំង​នៅ​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

ស្វាកន្ទុយ ស៖ ស្វា​ប្រភេទ​នេះ មាន​រស់​នៅ​​តែ​ក្នុង​ប្រទេស​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ ក្នុង​នោះ ដែន​ជម្រកសត្វ​ព្រៃ​កែវសីមា​ ជា​ទីតាំង​ដែល​មាន​សត្វ​ស្វា​ប្រភេទ​នេះ​ច្រើន​ជាង​គេ​បង្អស់​នៅលើ​ពិភពលោក។

កន្ធាយ​ក្បាល​កង្កែប៖ សត្វ​ប្រភេទ​នេះ រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ស្ថិតនៅ​ចន្លោះ​ខេត្តក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

អណ្តើកហ្លួង៖ សត្វនេះ​មាន​ចំនួន​សេសសល់​តិចតួច រស់នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល  ស្ថិតនៅ​ក្នុង​ភូមិ​ព្រះអង្គ​កែវ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;