កម្ពុជា ស្នើឱ្យអាស៊ានគាំទ្រខ្លួន ជុំវិញការយកពន្ធអង្កររបស់សហភាពអឺរ៉ុប
- 2019-04-23 03:49:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ស្នើឱ្យអាស៊ានគាំទ្រខ្លួន ជុំវិញការយកពន្ធអង្កររបស់សហភាពអឺរ៉ុប
ចន្លោះមិនឃើញ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីសំណើរបស់កម្ពុជា ក្នុងការស្នើសុំឱ្យមានសេចក្តីប្រកាសរួមអាស៊ានស្តីពី ការដាក់វិធានការការពាររបស់សហភាពអឺរ៉ុបមកលើអង្ករ Indica កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជា និងស្នើឱ្យប្រទេសជាសមាជិកអាស៊ាន ណែនាំស្ថានបេសកកម្មរបស់ខ្លួនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចេញសេចក្តីប្រកាសគាំទ្រកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានឯកភាព និងគាំទ្រសំណើរបស់កម្ពុជានេះ។
សូមរំលឹកថា កាលពីខែមករា ឆ្នាំ២០១៩ សហភាពអឺរ៉ុប បានចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា ចំនួន៤ប្រភេទ ដែលនឹងធ្វើឱ្យកម្ពុជា ខាតបង់លើការបង់ពន្ធនេះ ប្រមាណ ៥០លានដុល្លារក្នុង១ឆ្នាំ។ EU បានសម្រេចកំណត់ពន្ធតម្លៃ ១៧៥អឺរ៉ូ ក្នុងអង្ករ១តោននៅឆ្នាំដំបូង បន្ទាប់មកអត្រាដកហូតពន្ធគយនឹងធ្លាក់ចុះដល់ចំនួន ១៥០អឺរ៉ូនៅឆ្នាំទីពីរ ហើយនៅឆ្នាំទី៣ អត្រាពន្ធគយលើអង្ករនាំចូលពីកម្ពុជា នឹងធ្លាក់ចុះមកនៅត្រឹម១២៥អឺរ៉ូ ហើយនៅឆ្នាំបន្តបន្ទាប់តម្លៃនឹងធ្លាក់ចុះបន្ថែមផងដែរ។
ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពិនិត្យអំពីលទ្ធភាពនៃការប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការកំណត់យកពន្ធអង្ករកម្ពុជា ពីសំណាក់សហភាពអឺរ៉ុប។
សម្តេចអះអាងថា បញ្ហានៃការកំណត់ពន្ធអង្កររបស់កម្ពុជានេះ គឺមិនពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ប៉ុន្តែគឺពាក់ព័ន្ធទៅនឹងតម្លៃអង្កររបស់អ៊ីតាលី ដែលលក់ថ្លៃជាងអង្ករកម្ពុជា ហើយមិនអាចដណ្តើមឈ្នះកម្ពុជា នៅលើទីផ្សារសហភាពអឺរ៉ុប។ សម្តេចបន្ថែមថា ការយកពន្ធអង្ករកម្ពុជា ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់នៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបផងដែរ៕