លោក ស៊ុន ចាន់ថុល៖ ប្រទេស​ចិន មិន​និយាយ​សម្តី​ឥតប្រយោជន៍​ឡើយ តែ​មាន​កិច្ច​សហការ​ល្អ

  • 2019-04-27 02:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ការ​កោតសរសើរ​ដល់​ប្រជាជនថា៖ ប្រទេសចិន​មិន​និយាយ​សម្តី​ឥត​ប្រយោជន៍ ប៉ុន្តែ​មាន​ស្មារតី​សហការ​ល្អ​ជាមួយ​បណ្តាប្រទេស​នានា​ ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាក់ស្តែង ដែលនាំ​មកនូវ​ភាពរុងរឿង​ដោយផ្អែក​លើ​គោលការណ៍​សកល។

ការ​ថ្លែងខាងលើ​របស់់​លោក ស៊ុន ចាន់ថុល ធ្វើឡើង​ក្នុង​អនុវេទិកា​ស្តីពីការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩។

រូបថត៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល បានថ្លែង​កត់សម្គាល់​សុភាសិតចិន និង​សុភាសិត​ខ្មែរ ដោយដកស្រង់​សុភាសិតចិន​ថា៖ "ប្រសិន​បើអ្នក​ចង់ក្លាយ​ជាអ្នកមាន ចូរកសាង​ផ្លូវ​ជាមុនសិន" និង​សុភាសិតខ្មែរ​ថា៖ "ទីណា​មានផ្លូវ ទីនោះ​មានក្តី​សង្ឃឹម"។

លោក​ទេសរដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​ថា៖ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា ដែលគាំទ្រ​ដោយ​ប្រទេស​ចិន គឺជា​ការ​លើក​កម្ពស់​ទាំងការ​តភ្ជាប់​រូបវន្ត និងការ​តភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន។ ការ​អភិវឌ្ឍ​នេះ​ធ្វើឱ្យ​ប្រសើរ​ឡើង​គួរឱ្យកត់​សម្គាល់​ដល់​កម្ពុជា និង​បណ្តា​ប្រទេស​ដែលចូលរួម​ផ្សេង​ទៀត។ «កម្ពុជាមាន​មោទនភាព​ដែលបានក្លាយជា​សមាជិក​ស្ថាបនិក​ធនាគារ AIIB ជាអ្នកគាំទ្រ និងជាអ្នក​ទទួលផល​ពីគំនិត​ផ្តួចផ្តើម​នេះ»។

លោក​បានកត់​សម្គាល់​បន្ថែមទៀត​ថា គំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ គឺជា​ដំណើរ​វិជ្ជមាន​ថ្មីមួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស និងប្រទេស​ ដោយផ្អែក​លើការ​សន្ទនា​គ្នាជា​ជាងការប្រឈមមុខ​ដាក់គ្នា។ កម្ពុជា​គាំទ្រ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពហុភាគី និង​ទទួល​យក​សកលភាវូបនីយកម្ម​សេដ្ឋ កិច្ច ដែលមាន​តម្លាភាព មិន​រើសអើង រួមបញ្ចូលគ្នា និងមាន​តុល្យភាព។

រូបថត៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

កម្ពុជា​ បាន​ទទួល​លទ្ធផល​ជាក់ស្តែង ពីការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទម្រង់​នៃប្រាក់​កម្ចីសម្បទាន​ពី​ប្រទេស​ចិន ជប៉ុន កូរ៉េ ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី វិស័យ​ឯកជន និងដៃគូ​អភិវឌ្ឍន៍​ដទៃទៀត។

ក្រសួង​សាធារណការ ឱ្យដឹងថា រហូតមកដល់​បច្ចុប្បន្ន​នេះ ជាមួយនឹង​ប្រាក់​កម្ចី​សម្បទាន និងជំនួយ​ឥតសំណង​ពីប្រទេស​ចិន កម្ពុជា​បាន​សាងសង់​ផ្លូវមានប្រវែង​ជាង ៣០០០​គីឡូម៉ែត្រ ស្ពានធំៗ​ចំនួន៨ និង​កំពង់ផែ​ទន្លេ​មេគង្គ​មួយ។

កម្ពុជា បាន​ប្រារព្ធ​ពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវល្បឿនលឿន​ពីភ្នំពេញ ទៅក្រុង​ព្រះសីហនុ ក្រោមប្រភេទ​វិនិយោគBOT ​(កសាង ប្រតិបត្តិ ផ្ទេរ) ក្នុងរង្វង់​ទឹកប្រាក់​ប្រមាណ​ពីរពាន់លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​ការវិនិយោគមួយ​ក្នុងចំណោម​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ធំបំផុត​ទាំងឡាយ​នាពេលថ្មីៗ​នេះ ដែលជា​ផ្នែកមួយ​នៃគំនិត​ផ្តួចផ្តើម​ខ្សែក្រវាតត់ និងផ្លូវ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;