លោកស្រី អ៊ុង សានស៊ូជី ចាប់​អារម្មណ៍​ខ្លាំង​លើ​សិលាចារឹក​ភូមា ក្នុង​តំបន់​អង្គរ

  • 2019-05-02 01:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី អ៊ុ សានស៊ូជី ទីប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ានម៉ា បាន​​ធ្វើការ​សិក្សា​ឈ្វេងយល់​អំពីប្រវត្តិសាស្រ្តខ្មែរ​យ៉ាងហ្មត់ចត់ ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ប្រាសាទ​អង្គរវត្ត កាលពី​ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយអ្វី​ដែល​លោកស្រី​មានការ​ចាប់អារម្មណ៍​ខ្លាំង​ គឺ​នៅពេល​ដែល​លោក​ស្រី​បានឃើញ សិលាចារឹក​ភូមា​ មាន​នៅក្នុង​តំបន់​អង្គរ ដែល​សិលា​ចារឹកនេះ​ បង្ហាញថា កម្ពុជា និង​ភូមា​ មានទំនាក់ទំនង​តាំងពី​សម័យ​បុរាណ​មក។ នេះបើតាម​ការ​បញ្ជាក់​ឱ្យដឹង​ពីលោក អ៊ឹម សុខរិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរជាតិ​អប្សរា ដែលជាអ្នក​បកស្រាយ​ពន្យល់​ផ្ទាល់​ដល់​លោក​ស្រី អ៊ុង សានស៊ូជី អំពី​ប្រវត្តិ​ប្រាសាទ​បុរាណ​ខ្មែរ។

បើតាម​ការចុះផ្សាយ​របស់ AKP ឱ្យដឹងថា បន្ទាប់ពី​បាន​ទស្សនា​ប្រាសាទ​ដ៏​អស្ចារ្យ​របស់ខ្មែរ​រួចមក​ លោកស្រី អ៊ុង សានស៊ូជី មាន​បំណង​ធ្វើកិច្ច​ប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ក្នុងការ​តភ្ជាប់​ទំនាក់ទំនង​វិស័យ​ទេសចរណ៍ គឺ​ការ​តភ្ជាប់​ក្រុង​បាហ្គាន់(Bagan) របស់​មីយ៉ាន់ម៉ា មក​ក្រុង​សៀមរាប ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​វិស័យ​ទេស​ចរណ៍ នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​ប្រសើរ។

លោក អ៊ឹម សុខរិទ្ធី បាន​បញ្ជាក់​ទៀត​ថា កម្ពុជា និង​ភូមា មាន​ទំនាក់ទំនងគ្នា​​តាំង​ពីសម័យ​បុរាណ​មកម្លេះ ព្រោះថា​តាមការ​ស្រាវជ្រាវ​របស់​អាជ្ញាធរជាតិ​អប្សរា កន្លងមក​បាន​ប្រទះឃើញ​សិលាចារឹក​ជាភាសា​ភូមាចំនួន១១​កន្លែង​ផ្សេងគ្នា។ ក្នុងនោះ​ទីតាំង​ដែល​រក​ឃើញ​មាន៩កន្លែង​នៅប្រាសាទ​អង្គរវត្ត និង២កន្លែង​ទៀត​ក្នុងក្រុង​អង្គរធំ ក្បែរ​ប្រាសាទ​បាយ័ន។

លោកបាន​អះអាង​ទៀត​ថា បើតាម​ការសិក្សា​គេបាន​រកឃើញ​ថា អក្សរចារឹក​ដែលចារ​ចាស់​ជាងគេ គឺនៅដើម​សតវត្សរ៍​ទី២០។ ជាមួយគ្នា​នេះ ចំពោះ​អ្នក​ដែលបាន​មកចារ​ខ្លះមក​ជា​លក្ខណៈ​គ្រួសារ និងមក​តែឯង ហើយ​អត្ថន័យ​ជាទូទៅ គឺបញ្ជាក់​ពីឈ្មោះ​អ្នក​សរសេរ ពេលវេលា និង​តំបន់​ដែលពួកគេ​រស់នៅ។ ចំណែក​នៅប្រាសាទ​បាយ័ន អ្នក​ដែល​ចារ​គឺព្រះសង្ឃ​ភូមា ដែលលោក​បានមក​គោរព​ព្រះនៅក្នុង​ប្រាសាទ ជាពិសេស​ព្រះអង្គ​ងោក​តែម្តង៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;