ប្រតិភូ​ក្រុមហ៊ុន​សំណង់ធំ​ទី២​ក្នុងលោក មក​សិក្សា​ធ្វើផ្លូវថភ្លើង​លើ​អាកាស និង​ក្រោមដី នៅ​កម្ពុជា

  • 2019-05-09 09:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់ផ្លូវដែកចិន (CRCC) ដែល​ជាក្រុមហ៊ុនរដ្ឋចិន និង​ជាក្រុមហ៊ុន​សំណង់​ និង​វិស្វកម្ម​ធំបំផុត​ទី២​ក្នុងពិភពលោក បាន​មកធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​​សិក្សា​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​ផ្លូវដែក​កម្ពុជា ដែល​មាន​ស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និង​ភ្នំពេញ-ប៉ោយប៉ែត) សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នក​ដំណើរ​ធុនស្រាល (Monorail) និង​រថភ្លើង​ក្រោមដី (Subway) នៅរាជធានី​ភ្នំពេញ។ នេះបើតាម​ការចុះផ្សាយរបស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន។

រថភ្លើងក្រោមដី (រូបតំណាង)
បន្ទាប់ពី​បញ្ចប់​ការ​សិក្សាហើយ ក្រុមហ៊ុន​នឹង​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កំណត់​សម្រេច​ជ្រើសរើស​យកប្រព័ន្ធ​ដឹក​ជញ្ជូន​ណាមួយ ដែលមាន​ប្រសិទ្ធភាព​បំផុត អាចកាត់​បន្ថយនូវ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០១៩ លោក Wang Wenzhong អនុប្រធាន​ក្រុមហ៊ុន CRCC បាន​ជំរាប​ជូន​អំ​ពីវិសាល​ភាព​នៃប្រតិបត្តិការ​អាជីវកម្ម របស់ CRCC នៅក្នុង​ប្រទេស​ចិន និងការ​គាំទ្រ​របស់ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា និងបាន​សម្តែង​នូវ​សុឆន្ទៈ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ចូលរួម​ចំណែក​ដល់ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្នុង​ជំនួបនេះ លោក​ ស៊ុន ចាន់ថុល ​បាន​ស្នើឱ្យ​ក្រុមហ៊ុន CRCC សិក្សា​ផ្លូវដែក​បន្ត​ពីក្រុង​សិរីសោភណ្ឌ មកខេត្ត​សៀមរាប ដែលមាន​ប្រវែង​សរុប​ប្រមាណ ១០០​គីឡូម៉ែត្រ ដោយ​ហេតុថា មាន​ទេសចរ​យ៉ាងច្រើន ចង់ធ្វើ​ដំណើរ​តាមរថភ្លើង ពីទីក្រុង​បាងកក ពីទី​ក្រុង​កូឡាឡាំពួរ និងពីទី​ក្រុងសឹង្ហបុរី មកលេង​ប្រាសាទ​អង្គរវត្ត។

លោក Wang Wenzhong បានកត់​សម្គាល់​លើ​សំណើនេះ និងបាន​ស្នើឱ្យ​មាន ការពិភាក្សា​លម្អិត​បន្ថែម​ទៀត​ជាមួយ​ក្រុម​ការងារ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួង ក្នុង​គោលបំណង​ឱ្យផ្លូវ​ដែក​ភាគ​ខាងជើង និងភាគខាងត្បូង​របស់​កម្ពុជា អាច​ដំណើរការ​បាន​រលូន​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធភាព កាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់ និងកាត់បន្ថយ​តម្លៃដឹក​ជញ្ជូន​ទំនិញ​ផងដែរ។

សូមជម្រាបថា រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​ពិចារណា​ជ្រើសរើស​ការ​សាងសង់​ប្រព័ន្ធ​រថភ្លើង​១​ក្នុង​ចំណោម៣ ​នៅ​រាជធានីភ្នំពេញ​ រួមមាន៖ រថភ្លើង​លើ​អាកាស AGT (ជប៉ុន), រថភ្លើង​ទំនើប​ប្រភេទ Monorial និង​រថភ្លើង​ក្រោមដី (ចិន) ដើម្បី​កាត់​បន្ថយ​ការកកស្ទះចរាចរណ៍​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;