៣វិធី​​ អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ឡាន ត្រជាក់​បាន​លឿន​ និងមិន​សូវ​ស៊ី​សាំង​

  • 2019-05-16 09:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដូវ​ក្ដៅ​ មិន​ថា​រថយន្ត​របស់​អ្នក​បាន​ចត​នៅ​ក្នុង​ម្លប់​នៅ​ពេល​ទុក​ចោល​យូរ វា​នឹង​ឡើង​កម្ដៅ​ជាក់​ជា​មិន​ខាន។ បើ​និយាយ​ពី​រថយន្ត​ដែល​ចត​ក្រោម​កម្ដៅ​ថ្ងៃ​វិញ​គឺ​ចប់​តែ​ម្ដង ក្ដៅ​ដូច​ឡ​ដុត​ឥដ្ឋ​អ៊ីចឹង។

លើស​ពី​នេះ​ទៅ​ទៀត ដោយ​សារ​តែ​រថយន្ត​មាន​បង្អួច​កញ្ចក់ វា​បង្កើត​បាន​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ធ្វើ​ឲ្យ​កម្ដៅ​ចូល​មក​ក្នុង​រថយន្ត​បាន តែ​ចេញ​ក្រៅ​វិញ​មិន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ក្នុង​រថយន្ត​មាន​សីតុណ្ហភាព​ក្ដៅ​ជាង​ខាង​ក្រៅ​ទៅ​ទៀត គឺក្ដៅ​ជាង​ប្រហែល ១០ អង្សារ (ពេល​ទុក​ចោល​យូរ)។

ដោយ​ហេតុ​ថា ក្នុង​រថយន្ត​ក្ដៅ​ខ្លាំង​យ៉ាង​នេះ ទើប​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន បើក​ម៉ាស៊ីន​ត្រជាក់​មួយ​កប់​លេខ។ ប៉ុន្តែវិធី​សាស្ត្រ​នេះ មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ទេ ដែល​វា​អាច​ចំណាយ​ពេល​ដល់​ទៅ​ជាង ៥ នាទី ឯណោះ​ល្មម​បាន​សីតុណ្ហភាព​ត្រជាក់​តាម​ចិត្ត​ចង់។ វិធី ៣ យ៉ាង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​រថយន្ត​អ្នក ធ្វើ​ការ​បាន​លឿន មិន​សូវ​ប្រឹង​ខ្លាំង និង​ជួយ​ឲ្យ​វា​ស៊ី​សាំង​តិច​ជាង​មុន​ផង​ដែរ។

១. ឲ្យ​ខ្យល់​ក្ដៅ​ចេញ​ពី​រថយន្ត​ឲ្យ​អស់​សិន

វិធី​ងាយ​ៗ​ដើម្បីឲ្យ​ខ្យល់​ក្ដៅ​ចេញ​ពី​រថយន្ត​គឺ ត្រូវ​ទម្លាក់​កញ្ចក់​ទាំង ៤ ចោល ១​នាទី​សិន មុន​ពេល​ចូល​ទៅ​ក្នុង​រថយន្ត ឬ​ក៏​ចំហ​កញ្ចក់​ចោល​ពេល​ចូល​បើក​បរ​ប្រហែល ៣០​វិនាទី សឹម​បើក​ម៉ាស៊ីន​ត្រជាក់។ បើ​សិន​ឡាន​មាន​ដំបូល​បើក នោះ​វា​រឹត​តែ​ជា​ការ​ល្អ ព្រោះ​ខ្យល់​ក្ដៅ​មាន​មាឌ​ធំ​ ទម្ងន់​ស្រាល អាច​ហោះ​ឡើង​ទៅ​លើ​បាន​លឿន។

វិធី​មួយ​ទៀត​គឺ យើង​បើក​កញ្ចក់​ខាង​អ្នក​អង្គុយ​ទាំង ៣ (ខាង​មុខ ១ ជាប់​អ្នក​បើកបរ និង​ខាង​ក្រោយ ២ កន្លែង​អ្នក​ដំណើរ) ទុក​ខាង​អ្នក​បើកបរ ហើយ​ទាញ​ទ្វារ​ខាង​អ្នក​បើក​បរ បិទ បើកៗ ចំនួន ៥ ដង។ វិធី​នេះ​គឺ​ដូច​ជា​ប្រើ​ទ្វារ​ខាង​អ្នក​បើកបរ​ធ្វើ​ជា​ស្នប់​នាំ​យក​ខ្យល់​ខាង​ក្រៅ​ចូល និង​យក​ខ្យល់​ខាង​ក្នុង​ដែល​ក្ដៅ​ចេញ។

២. ពេល​ចាប់​ផ្ដើម​បើក​ម៉ាស៊ីន​ត្រជាក់​ភ្លាម កុំ​បើក​អស់​លេខ

មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា ការ​បើក​ម៉ាស៊ីន​ត្រជាក់​កប់​លេខ​អាច​ឲ្យ​រថយន្ត​ត្រជាក់​បាន​លឿន។ ផ្ទុយ​ទៅ​វិញ ការ​បើក​ម៉ាស៊ីន​ត្រជាក់​ខ្លាំង​ផុត​លេខ ត្រូវ​ការ​​ប្រើ​ខ្យល់​ក្នុង​រថយន្ត​សុទ្ធ​ដែល​ជា​ខ្យល់​ក្ដៅ​ជាង​ខាង​ក្រៅ។ បើ​បើក​ម៉ាស៊ីន​ត្រជាក់​ត្រឹម​កម្រិត​ទាប​ល្មម វា​ងាយ​នឹង​ទាញ​យក​ខ្យល់​ខាង​ក្រៅ​ខ្លះ​ៗ ដែល​ជា​ខ្យល់​ត្រជាក់​ជាង​ខាង​ក្នុង​ជា​ហេតុ​ធ្វើ​ឲ្យ​វា​ត្រជាក់​បាន​លឿន។ ម៉្យាង​ទៀត ការ​បើក​ម៉ាស៊ីន​ត្រជាក់​ខ្លាំង ក៏​នាំ​ឲ្យ​ម៉ាស៊ីន​ប្រឹង​ខ្លាំង ស៊ី​សាំង​ច្រើន​ជាង​មុន​ផងដែរ។

៣. ឧស្សាហ៍​ពិនិត្យ​មើល​ហ្គាស​របស់​ម៉ាស៊ីន​ត្រជាក់

ប្រសិន​បើ​អ្នក​អនុវត្ត​តាម​វិធី​ខាង​លើ អស់​ហើយ​ម៉ាស៊ីន​ត្រជាក់នៅ​ដំណើរ​ការ​យឺត​ដដែល ឬ​មិន​ត្រជាក់​តែ​ម្ដង នេះ​អាច​មក​ពី​ការ​លេច​ធ្លាយ​ហ្គាស​ត្រជាក់​ ដែល​ជ័រ​កៅស៊ូ​សម្រាប់​ទប់​កុំ​ឲ្យ​ហ្គាស​ហើរ​ចេញ​នោះ អាច​ចាស់ រឹង​មិន​ស្វិត​ដូច​មុន អាច​ឲ្យ​មាន​ការ​លេច​ធ្លាយ​បាន។ ប្រការ​ល្អ គួរ​ឲ្យ​ជាង​ពិនិត្យ​មើល​លើ​បញ្ហា​នេះ ឬ​អាច​ប្ដូរ​ចេញ​តែ​ម្ដង។

ចុចអាន៖

ប្រែសម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី
;