រក​ឃើញ​ប្រាសាទថ្មី និង​លិង្គ​ព្រះ​ឥសូរ​ប្រវែង​១ម៉ែត្រ នៅខេត្ត​ក្រចេះ

  • 2019-05-28 01:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​ស្រាវជ្រាវ​នៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក​សាស្ត្រាចារ្យ បណ្ឌិត ធុយ ចាន់ធួន បាន​រក​ឃើញ ប្រាសាទថ្មី​មួយទៀត​គឺ «ប្រាសាទ​អូរ​ក្រសាំង» ស្ថិត​ក្នុង​ទីក្រុង​សម្ភុបុរៈ នៅ ភូមិអូរ​ក្រសាំង ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ។ នេះបើ​តាមការ​ចុះ​ផ្សាយ​របស់ AKP កាលពីថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០១៩។

លោក​សាស្ត្រាចារ្យ​បណ្ឌិត ធុយ ចាន់ធួន បាន​ឱ្យដឹង​ថា កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​បង្រៀន​ពី​វិធីសាស្រ្ដ ប្រមូល​ទិន្នន័យ​នៅ​ពុទ្ធសាសន​បណ្ឌិត្យ លោកបាន​ដឹកនាំ​សិក្ខាកាម​ដែលជា​ថ្នាក់​ដឹកនាំ និង​មន្ត្រី​នៃ​ពុទ្ធសាសនបណ្ឌិត្យ​ចុះ​កម្មសិក្សា​អនុវត្ត​ផ្ទាល់​នៅទីក្រុង​សម្ភុបុរៈ នៃ​អាណាចក្រចេនឡា​បុរាណ (ស្រុកចិត្របុរី ស្រុកសំបូរ ខេត្ត​ក្រចេះ)។

ក្រុមស្រាវជ្រាវ​បានបន្ត​ដំណើរ​ទៅ​ក្បាល​កោះរងាវ ប្រមាណ​ជា ១០គ.ម ហើយ បានជួប​សំណេះសំណាល​ជាមួយ​អ្នក​ភូមិ​អូរក្រសាំង ឃុំ​បឹងចារ ក៏បាន​ទទួល​ដំណឹង​ថា មាន ទួលកំណប់​មួយនៅក្រោយ​ចម្ការ​របស់​អ្នកភូមិ ហើយនៅ​រសៀលថ្ងៃ​ទី២៧ឧសភា ក្រុម​ស្រាវជ្រាវ  ក៏បាន​ជួបប្រទះ​នូវភស្ដុតាង​បុរាណ​វត្ថុ ជាតឹកតាង​ប្រវត្តិសាស្រ្ដ​សំខាន់ៗ​ដូចជា ដុំឥដ្ឋ​ធំៗ ធ្វើអំពី​ដីឥដ្ឋ​ដុត ថ្ម​មេទ្វារ​ប្រាសាទ ទ​បង្ហូរទឹក​មន្ត​ចេញពី​ប្រាសាទ ទម្រព្រះ ស្នាមដាប់ នៃ​ផែនថ្ម និង​ជាពិសេស​គឺ លិង្គព្រះឥសូរ ១​ដេក ស្ថិតនៅ​លើទីទួល ប្រហែល​ជាខឿន ប្រាសាទ​ក្នុងផ្ទៃក្រឡា​ប្រមាណ​ជា ៥០០០​ម៉ែត្រការ៉េ។

សំណល់​បុរាណវត្ថុ​ដែលនៅ​សល់​រាយប៉ាយ ជា​សំណល់​នៃការលួច​ជីកកាយ ដោយ​ក្រុមទុច្ចរិត​ក្នុងសម័យ​មុន ក្រុម​ស្រាវជ្រាវ សង្កេត​ឃើញ​មាន រណ្ដៅ​នៃផ្ទាំង​ដាប់ថ្ម ទំហំ ១០៥ ស.ម x ១០៥ស.ម​ បួនជ្រុង ជម្រៅ​ប្រមាណ​ជា ៥ ស.ម. (ប្រហែល​ជា​ចំណុច​កណ្ដាល​នៃប្រាសាទ​ជាទីតម្កល់​លិង្គ) ដាប់​ជាប់ពី​លើ​ផ្ទាំងថ្ម​ធម្មជាតិ បាន​ឃើញ ស្លាក​ស្នាម ឥដ្ឋប្រមាណ​ជា ៥​ម៉ែត្រ​បួន​ជ្រុង ព័ទ្ធ​រណ្ដៅ​ថ្មដាប់​ខាងលើ​ឃើញ​ទបង្ហូរ​ទឹកមន្ត ចេញពី​ប្រាសាទ​ចំនួន២  បំណែក​មេទ្វារ អំពី​ថ្មភក់​បែកបាក់​ជាច្រើន​ដុំ ទម្រ​ព្រះបែក​បាក់​ជាច្រើន​ដុំ លិង្គ​ចម្លែក១ នៅខាង​កើត​គ្រឹះប្រាសាទ​នោះ​ប្រហែល ៣០​ម៉ែត្រ លិង្គនោះ​មាន​បណ្ដោយ​ប្រមាណ​ជា ១​ម៉ែត្រ អង្កត់ផ្ចិត​ប្រមាណជា ៤០​ស.ម គល់ព្រលួញ ២៥ស.ម ចម្លែក​ត្រង់​ថាលិង្គ នេះ​មិនមាន​ក្បាល​មូលទេ ក្បាលចិត​ស្មើដូច​គេកាត់កំណាត់​ឈើ និង​មានស្រះទឹក​មួយនៅ ទិស​ខាងកើត ប្រហែល ៥០​ម ពី​គ្រឹះប្រាសាទ។

​តាមការ​ស្រាវជ្រាវ​ដោយ​ក្រុមអ្នក​ស្រាវជ្រាវ​សម្ភុបុរៈ ដែលបាន​ទៅសិក្សា​លើទីតាំងចាស់​ដែលមាន​ស្រាប់ និងរកឃើញ​ប្រាសាទថ្មីៗ​ថែមទៀត សរុបទាំងអស់​ជាង ១០០​ទីតាំង​ស្ថានីយុ​បុរាណ និង ប្រាសាទ​បុរាណ ហើយបាន​កំពុ​ងតែ​ផ្ទៀងផ្ទាត់ និង​សិក្សា​លម្អិត​ទៅលើ​សំណង់​ស្ថាបត្យកម្ម និង រចនាបទ​នានា ដែលទាក់ទង​នឹង​ប្រាសាទ​ថ្មីៗ​ទាំងនោះ ហើយនឹង​ផ្សព្វផ្សាយ​ជា សាធារណៈ​ជូន​នៅពេល​ខាងមុខ​ឆាប់ៗនេះ៕

រូបថត៖ AKP

ប្រភព៖ AKP

អត្ថបទថ្មី
;